ខេត្តប៉ៃលិន ៖ បុរសជនជាតិថៃម្នាក់បានធ្វើសកម្មភាពស្ទុះទៅឆក់កាបូបស្ពាយរបស់ស្ត្រីជនជាតិថៃម្នាក់ រួចរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថប្រចាំការនៅក្បែរនោះឃើញទាន់ ក៏ដេញប៉ផាប់ចាប់ពភីងឃាត់ខ្លួនបានកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅភូមិផ្សារព្រំ ស្ទឺងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីលោក ស៊ិន តាំ អនុប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះមុនត្រា សិរីវង់ ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិថៃ មុខរបរមិនពិតប្រាកដ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ធីប ធីមថងឡាង អាយុ៦៥ឆ្នាំ ជាជនជាតិថៃ មុខរបរកសិករ ។

លោកបន្តទៀតថា គេសង្ស័យថា ជនសង្ស័យខាងលើចាញ់ល្បែងកាស៊ីណូអស់លុយ ទើបពេលចេញមកក្រៅ លុះឃើញស្ត្រីរងគ្រោះនៅតែម្នាក់ឯងហើយមានស្ពាយកាបូប ក៏ធ្វើសកម្មភាពឆក់តែម្តង ប៉ុន្តែភ្លាមៗនោះត្រូវបានសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន ឃើញសកម្មភាពបែបនេះ ក៏ធ្វើការដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួចដកហូតបាននូវវត្ថុតាងកាបូបស្ពាយមួយរបស់ស្ត្រីរងគ្រោះ ដែលនៅក្នុងកាបូបនោះមានប្រាក់ថៃចំនួន២២០បាត និងលិខិតឆ្លងដែនមួយ ។
លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ ភ្លាមៗនោះប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះក៏នាំគ្នាស្ទុះចូលទៅវាយជនសង្ស័យម្នាក់មួយដៃម្នាក់មួយជើង ធ្វើឱ្យជនសង្ស័យស្ទើរតែសន្លប់ រហូតដល់ខាងលោកស្ទើរតែហាមឃាត់មិនឈ្នះ ដោយសារតែប្រជាពលរដ្ឋស្អប់នូវសកម្ម
ភាពលួចឆក់ប្លន់បែបនេះ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ