ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស ឃុន ឌី​ម៉ា និង​ប៊ុ​ន សុធា សង្ឃឹមថា មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាក់​មុខ​​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​១៩​ប្រទេស​ម៉ា​ឡេ​ស៊ី មក​ពី​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Fon Luong ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ខណៈ​កីឡាករ ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​១៩​ប្រទេស​ម៉ា​ឡេ​ស៊ី មក​ពី​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Fon Luong ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ខណៈ​កីឡាករ ប៊ុ​ន សុធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phit Pet Sean ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម។ ការ​ប្រកួត​នេះ​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ ទីតាំង​នៅស្ថានីយ​ទូរទស្សន៍​ CNC។

សម្រាប់​ការ​ប្រកួត​លើក​នេះ ក្នុង​ចំណោម​អ្នកគាំទ្រ​ភាគច្រើន គេ​ចង់​ឃើញ​ការ​ប្រកួត​រវាង​កីឡាករ ឃុន ឌី​ម៉ា ជាមួយ Fon Luong ខ្លាំង​ណាស់ ដោយសារ​តែ​គេ​ទាំង​២​សុទ្ធតែ​ជា​កំពូល​ជើង​ខ្លាំង​មានបទ​ពិសោធន៍​​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ​ដូច​គ្នា​។ ជា​ពិសេស​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃុន ឌី​ម៉ា តែ​ម្ដង ដែល​គេ​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​មក​ជូន​ជាតិ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។

ម្យ៉ាងវិញទៀត កីឡាករ​ថៃ​ម្នាក់​នេះ ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រចាំ​ប្រទេស​ថៃ​មួយ​រូប​ដែរ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​មិន​អាច​បំភ្លេច​បាន​ទៀត​នោះ ឃុន ឌី​ម៉ា ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ម្នាក់​នេះ​ម្ដង​កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ម៉ា​រ៉ា​តុង ប៉ុន្តែ​កាល​ណោះ​ទៀត​គេ​ប្រកួត​ចាញ់​ពិន្ទុ​ទាំង​ប្រ​ភិត​ប្រ​ផើយ​បំផុត​។ ដោយហេតុ​នេះ​ហើយ​ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ស៊ី​អិ​ុ​ន​ស៊ី បាន​ធ្វើការ​ផ្គូផ្គង​ឱ្យ​គេ​ទាំង​២​បាន​ជួប​ប្រកួត​សងសឹក​ជាមួយ​គ្នា​ម្ដងទៀត ដើម្បី​ឱ្យ ឃឹម ឌី​ម៉ា អស់ចិត្ត ចំពោះ​អ្នកគាំទ្រ​វិញ​ក៏​គេ​ចង់​ដឹង​ថា ឃុន ឌី​ម៉ា​មានឱកាស​សងសឹក​បាន​សម្រេច​ឬ​អត់?

ចំណែក​កីឡាករ ប៊ុ​ន សុធា ដែល​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​ជា​ញឹកញាប់​នោះ ពេល​នេះ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phit Pet Sean​។ រវាង​គូ​នេះ មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​គ្នា​ពី​មុន​មក​ឡើយ ប៉ុន្តែ​តាម​ការ​អះអាង​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ​ថៃ​ម្នាក់​នេះ ជា​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ស្រុក​ថៃ​។ មិនតែប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ប្រភេទ​ទម្ងន់​ស្រាល​ដូច​គ្នា មិន​ងាយ​មាន​អ្នក​ណា​ម្នា​ក់​យកឈ្នះ​បាន​ស្រួល​ៗ​នោះ​ទេ​។ តែ​លើក​នេះ​គេ​នៅ​រង់ចាំ​មើល ប៊ុ​ន សុធា វិញ​ម្ដង ដែល​ជា​អ្នក​ប្រដាល់​ធ្លាប់​មានឈ្មោះ​ល្បី​ពី​មុន​មក​ម្នាក់​ដែរ​នោះ ចាំ​មើល​គេ​អាច​យកឈ្នះ​កីឡាករ​ថៃ​ម្នាក់​នេះ ដើម្បី​បំពេញ​បំណង​អ្នកគាំទ្រ​បាន​ឬ​អត់?

ចំណែក​កីឡាករ ប៊ុ​ន សុធា គេ​បាន​ប្រាប់​ថា «​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទុក​មុន​បាន​ឡើយ ព្រោះ​គេ​ក៏​ហាត់ យើង​ក៏​ហាត់ តែ​ទោះជា​យ៉ាងណា ខ្ញុំ​ត្រូវ​តែ​ប្រឹង​ឱ្យ​អស់ពី​លទ្ធភាព​មិន​បណ្ដោយ​ឱ្យ​ចាញ់​ដោយ​ងាយ​ៗ​នោះ​ទេ​»​។

រីឯ​កីឡាករ ថា សា​រុន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ចិន ឈ្មោះ Ly Shin ក្នុង​ប្រភេទ​ទម្ងន់​៦០​កី​ឡូ​ក្រាម ខណៈ លី​ន ស៊ី​គួ​ង មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធិ​ជួប​ប្រកួត​ជាមួយ​កីឡាករ នូវ ស៊ី​ណាត មក​ពី​ក្លិប​កងពលតូច​ពិសេស​ឆ័​ត្រ​យោង​៩១១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ