រាជធានីភ្នំពេញ ៖ កំពូលអ្នកប្រដាល់ជើងខ្លាំងទម្ងន់ធ្ងន់ និងទម្ងន់ស្រាលកម្ពុជាចំនួន២រូបត្រូវបានគណៈកម្មការរៀបចំការប្រកួតធ្វើការផ្គូផ្គងឱ្យជួបប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយជើងខ្លាំងមកពីថៃ នៅលើសង្វៀនស៊ីអិុនស៊ី នៅថ្ងៃសុក្រ ទី១ ខែកុម្ភៈខាងមុខនេះ។ចំពោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាទាំង២រូបនេះ គឺកីឡាករ រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍ និងកីឡាករ សៀវ ង៉ុយ របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។
កីឡាករ រឿង សោភ័ណ្ឌ ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះ បល្ល័ងឈោគ វ៉ាធានុន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។
តាមពិតគូនេះ មិនដែលជួបប្រកួតជាមួយគ្នាពីមុនមកឡើយហើយសម្រាប់ការជួបប្រកួតគ្នារវាងគេទាំង២លើកនេះ ប្រហែលជាមានសភាពតឹងតែងបន្តិចហើយ ព្រោះថា គេទាំង២សុទ្ធតែជាអ្នកប្រដាល់ដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនយ៉ាងជោកជាំដូចគ្នា។ រឿង សោភ័ណ្ឌ ប្រវត្តិប្រកួតមានរហូតដល់ទៅ១១៣ដង ឈ្នះ៩០ដងស្មើ៥ដង ចាញ់១៨ និងផ្ដួលដៃគូឱ្យសន្លប់បាន៤១ដង។
ចំណែកកីឡាករថៃវិញ ធ្លាប់ប្រកួតបាន៩០ដង ឈ្នះ៧០ដង ស្មើ៥ដង ចាញ់១៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១៨ដង។លើកនេះ ទោះបីកីឡាករថៃមានប្រវត្តិប្រកួតតិចជាងក្ដី តែរឿង សោភ័ណ្ឌមិនអាចមើលស្រាលលើកីឡាករថៃម្នាក់នេះបានឡើយ។
កីឡាករ សៀវ ង៉ុយ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករថៃឈ្មោះ ឃុំពិឈិត គាតបានឌិតយីម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ កីឡាករសៀវ ង៉ុយ មួយរូបនេះ ពីមុនអ្នកណាមិនល្បីថាខ្លាំង ប៉ុន្តែមួយរយៈកាលចុងក្រោយមកនេះ ហាក់បីដូចជាមានការធ្លាក់ចុះជាងមុនឆ្ងាយណាស់ ទាំងកម្លាំង និងល្បិចប្រយុទ្ធ ។ ជាពិសេសសម្រាប់ការមកជួបប្រកួតជាមួយកីឡាករថៃ ដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនពេញខ្លួនថែមទៀតនោះ មិនដឹងថា អាចតស៊ូប្រកួតបាន៥ទឹកឬអត់នោះទេ?
កីឡាករ សៀវ ង៉ុយ ធ្លាប់ប្រកួតបាន៦៥ដង ឈ្នះ៤០ដង ស្មើ៥ដង ចាញ់១៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១៧ដង។ ចំណែកីឡាករថៃវិញនោះ ធ្លាប់ប្រកួតបាន៧០ដង ឈ្នះ៥០ដង ស្មើ៣ដង ចាញ់១៧ដង ធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១៣ដង។ ដូច្នេះសម្រាប់ការប្រកួតលើកនេះ សៀវ ង៉ុយ បើសិនជាមានបំណងចង់យកឈ្នះមែននោះ ប្រហែលជាមិនងាយឡើយ។
រីឯគូប្រកួតមិត្តភាពវិញនោះ កីឡាករ ជ័យ ស៊ីនេត មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាករ ចាន់ រក្សា មកពីក្លិបអេភូថងកីឡា។
ចំណែកីឡាករ ងៀន វិចិត្រ មកពីក្លិបតាព្រហ្មមានជ័យប្រកួតជាមួយកីឡាករ សយ សុខ មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ ខណៈកីឡាករ ឡុង វណ្ណា មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករ អេលីត សាវី មកពីក្លិបឆ្មាសសែនសុខគុនខ្មែរ៕
ចែករំលែកព័តមាននេះ