រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ពេលនេះមានក្រុមហ៊ុនឯកជនចំនួន២បាននិងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនឬHighway ថ្មីមួយបន្ថែមទៀតចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប ។
ទោះបីយ៉ាងណា ពុំទាន់ទទួលបានរបាយការណ៍ណាមួយពីក្រុមហ៊ុនទាំងនោះនៅឡើយទេ ។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ស្ដីពី គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ភាគកណ្ដាល (ឆ្មាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) នៅថ្ងៃទី ២៨ ខែមករា ម្សិលមិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់វិស័យឯកជនទាំងអស់ ដែលមានបំណងវិនិយោគផ្លូវHighwayចេញពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប មកទាក់ទងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈមានក្រុមហ៊ុនឯកជនចំនួន២ កំពុងសិក្សា តែមិនទាន់មានរបាយការណ៍ផ្ញើមកក្រសួងនៅឡើងទេ ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា ៖« ខ្ញុំសូមស្នើសុំដល់ក្រុមហ៊ុនឯកជន ដែលមានបំណងចង់វិនិយោគផ្លូវល្បឿនលឿនពីភ្នំពេញទៅ ខេត្តសៀមរាប ពង្រីកទៅជា៤គន្លង ក្រសួងសូមស្វាគមន៍ តែយើងមានក្រុមហ៊ុន២កំពុងសិក្សាធ្វើផ្លូវថ្មីតែម្តង ពីភ្នំពេញទៅសៀមរាប ដោយពង្រីកឲ្យទៅជា៤គន្លង ជាការវិនិយោគប្រភេBOT តែខាងក្រុមហ៊ុនមិនទាន់បានផ្ញើរបាយការណ៍ និងពិភាក្សាជាមួយក្រសួងនៅឡើយទេ »។
លោកទេសរដ្ឋមន្ត្រី បានបន្ដថា ៖« ឥឡូវរាជរដ្ឋាភិបាលពង្រីកផ្លូវពី២គន្លងទៅ៤គន្លងពីភ្នំពេញទៅស្គន់ តែពីស្គន់ទៅសៀមរាប ជាង ២០០គីឡូហ្នឹង មានតែ២គន្លងទេ ហើយយើងមិនទាន់មានគម្រោង ពង្រីកពី២ គន្លងទៅ៤គន្លងឡើយទេ »។កម្ពុជាមានគម្រោងស្ថាបនាផ្លូវល្បឿនលឿនជាច្រើនខ្សែដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដូចជា ភ្នំពេញ-ខេត្តព្រះសីហនុ , ភ្នំពេញ-ក្រុងបាវិត និងភ្នំពេញ-សៀមរាប បន្ដភ្ជាប់ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម ។
ចំណែកគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បើតាមផែនការគ្រោងនឹងបើកការដ្ឋានស្ថាបនាឆាប់ៗនេះ ខណៈគ្រឿងចក្រ និងមន្ត្រីជំនាញចិន បានមកដល់កម្ពុជាហើយ ។ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណ បានថ្លែងថា ការកសាងហេដ្ឋរចនាសម្ព័ន្ធគឺជារឿងចាំបាច់មួយ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះហេដ្ឋារចនាសម្ព័ន្ធគឺជាបញ្ហាប្រឈមធំមួយ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសបញ្ហានៃការដឹកជញ្ជូនរបស់យើងមានតម្លៃថ្លៃជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ។
លោកបន្តថា «រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះហើយ តែការកសាងហេដ្ឋារចនាសម្ព័ន្ធត្រូវការពេលវេលាវែង មិនមែនធ្វើបានក្នុងរយៈពេល១ខែឬ១ឆ្នាំនោះទេ »៕
ចែករំលែកព័តមាននេះ