ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួងការបរទេស​កម្ពុជា ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត ស្តី​ពី​លទ្ធផល​ស៊ើបអង្កេត​បឋម​លើ​ការ​បាញ់ប្រហារ​ដោយ​កងកម្លាំង​ថៃ លើ​ជន​ស៊ី​វិល​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត ស្តី​ពី​លទ្ធផល​ស៊ើបអង្កេត​បឋម​លើ​ការ​បាញ់ប្រហារ​ដោយ​កងកម្លាំង​ថៃ លើ​ជន​ស៊ី​វិល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត ស្តី​ពី​លទ្ធផល​ស៊ើបអង្កេត​បឋម​លើ​ការ​បាញ់ប្រហារ​ដោយ​កងកម្លាំង​ថៃ លើ​ជន​ស៊ី​វិល​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​ការ​ធ្វើ​បទ​បង្ហាញ​ជូន​សមាជិក នៃ​អង្គទូត និង តំណាង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ស្តី​អំពី​លទ្ធផល នៃ​ការ​ស៊ើបអង្កេត​បឋម លើ​ការ​បាញ់ប្រហារ​មក​លើ​ជន​ស៊ី​វិល​កម្ពុជា ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

យោង​តាម​លទ្ធផល នៃ​ការ​ស៊ើបអង្កេត​បឋម ក្នុង​បទ​បង្ហាញ ការ​បាញ់ប្រហារ​ដោយ​កងកម្លាំង​ថៃ គឺ​ដោយ​គ្មាន​ការ​បង្កហេតុ​ញុះញង់ ហើយ​បាន​បណ្ដាល​ឱ្យ​ជន​ស៊ី​វិល​កម្ពុជា​ម្នាក់​ស្លាប់ និង​បី​នាក់​ទៀត​រង​របួស នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។ ពុំ​មានការ​ផ្ទុះអាវុធ​ពី​សំណាក់​កងកម្លាំង​កម្ពុជា​នៅ​មុន ឬ​ក៏​នៅ​ក្រោយ​ពេល ដែល​កងកម្លាំង​ថៃ បាញ់ប្រហារ​ចូល​ទៅ​ក្នុងភូមិ​នេះ​ទេ​។ នេះ​គឺជា​លទ្ធផល នៃ​ការ​ស៊ើបអង្កេត​នៅ​ទីតាំង​កើតហេតុ​ក្នុងភូមិ​ព្រៃ​ចាន់ ដែល​អនុវត្ត​ដោយ​នគរបាល​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​ក្រុម​សង្កេតការណ៍​អាស៊ាន (AOT) ។

លោក​ជំទាវ រដ្ឋលេខាធិការ​ប្រចាំការ បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ចំពោះ​ការ​អនុវត្ត​ពេញលេញ នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា និង​សេចក្តីថ្លែងការណ៍​រួម ទីក្រុង​គូ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។

លោក​ជំទាវ បាន​បញ្ជាក់​ជា​ថ្មី នូវ​ការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​របស់​កម្ពុជា ចំពោះ​ការ​ចោទប្រកាន់​ថា កងកម្លាំង​កម្ពុជា​បាន​ដាក់​មីន​ថ្មី ហើយ​បាន​សម្តែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​ប្រទេស​ថៃ បាន​សម្រេចចិត្ត​ផ្អាក​ការ​អនុវត្ត​សេចក្តី​ប្រកាស​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ បន្ទាប់​ពី​ឧបទ្ទវហេតុ​ទាហាន​ថៃ​ជាន់​មីន​ផ្ទុះ នៅ​ថ្ងៃ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​ពេល​ដែល​ពួក​គេ​ចូល ទៅ​តំបន់​ចំការ​មីន​ចាស់​ក្នុង​ដែនដី​កម្ពុជា យោង​តាម​ផែនទី​ផលិត​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង​-​សៀម ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​សាលក្រម​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ