ប្រទេសបារាំង ៖ យោងតាមប៉ូលិសក្រុងប៉ារីថា ពួកកន្សែងក្រហមដល់ទៅប្រមាណជា១០.៥០០នាក់ កាលពីថ្ងៃទី២៧មករាបានលើកគ្នាធ្វើបាតុកម្ម នៅតាមដងវិថីនានា នៃរដ្ឋធានីបារាំង។ ពួកគេចង់ការពារលទ្ធិប្រជាធិបតេយ្យ និងបណ្ដាស្ថាប័ន ហើយបរិហារអំពើហិង្សាដែលកត់សម្គាល់ឃើញ នាឱកាសនៃបាតុកម្មរបស់ពួកអាវកាក់លឿង។
ចាកចេញពីទីលានប្រជាជាតិ នាវេលាម៉ោង១៤ម៉ោងនៅក្រុងប៉ារីស ពួកបាតុករបានស្រែកពាក្យគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបដិសេធបដិវត្តន៍។ បាតុករមួយចំនួនពាក់អាវយឺតដែលចារពាក្យថា ខ្ញុំស្រឡាញ់សាធារណរដ្ឋខ្ញុំនិងបញ្ឈប់អំពើហិង្សា។ ក្រោយដើរហែក្បួនរយៈពេលជាង២ម៉ោង ពួកបាតុករបានមកដល់ទីលាន BASTILLE។
កាលពីថ្ងៃសៅរ៍ទី២៦មករាពួកអាវកាក់លឿងបារាំង បានបន្តធ្វើបាតុកម្មទៀត នៅតាមទីក្រុងជាច្រើនរបស់ប្រទេស។ ក្រសួងមហាផ្ទៃបារាំងនិយាយថា នាថ្ងៃនោះមានបាតុករអាវកាក់លឿងប្រមាណជា២២.០០០នាក់ក្នុងប្រទេស ក្នុងនោះ២៥០០នាក់នៅក្រុងប៉ារីស។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បាតុកម្មរបស់ពួកអាវកាក់លឿងនៅក្រុងប៉ារីស មានមនុស្សចូលរួមប្រមាណជា៧០០០នាក់ ទល់នឹងថ្ងៃសៅរ៍មុននេះមានបាតុករ៨០០០នាក់់។
សម្រាប់ថ្ងៃសៅរ៍ទី១១នៃសកម្មភាពរបស់ពួកអាវកាក់លឿង មានការប៉ះទង្គិចគ្នានានាជាមួយកងកម្លាំងប៉ូលិស។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយរថយន្ត៤គ្រឿងត្រូវដុតបំផ្លាញ៕
ចែករំលែកព័តមាននេះ