យ៉ាង​កក្រើក​ពេញ​សង្វៀន​តែ​ម្ដង​ការ​ប្រកួត​​រវាង​​កីឡាករកម្ពុជា​-​ថៃ


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន CNC កាលពី​ថ្ងៃអាទិត្យ ទី​២៧ មក​រា លទ្ធផល​គឺ​កម្ពុជា​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​។​ទោះជា​យ៉ាងណា ការ​ប្រកួត​ទាំង​៣​គូ គេ​សង្កេត​ឃើញ​ថា នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ប្រកួត​ជាមួយ​កីឡាករ​ថៃ Manav Thong បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ប្ដូរ​កណ្ដាប់ដៃ​គ្នា​យ៉ាង​កក្រើក​ពេញ​សង្វៀន​តែ​ម្ដង​។

សម្រាប់​ការ​ប្រកួត​រវាង នី សុ​ភី ជាមួយនឹង Manav Thong បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ ព្រោះ​អី​គូ​នេះ មាន​ភាព​ត្រដក់ត្រសុំ​គ្នា​តាំងពី​ទឹក​ទី​១ ។ នី សុ​ភី ដែល​ទើបតែ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ស៊ី​អិ​ុ​ន​ស៊ី ជា​លើក​ទី​១​នោះ បាន​ព្យាយាម​បើក​ការ​វាយលុក​យ៉ាង​ខ្លាំង​ខ្លា​ចាប់ពី​ទឹក​ទី​១​មក​ម្ល៉េះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នោះ​រត់គេច​ឡើង​វក់វី​ពេញ​សង្វៀន​។ មិនតែប៉ុណ្ណោះ​សន្ទុះ​នៃ​ការ​វាយ​ចេញ​ទាំង​ស្នៀត​កែង និង​ជង្គង់​របស់​គេ ក៏​សាហាវ​ណាស់​ដែរ ទោះបី​រាល់​ការ​វាយ​ចេញ​ចំ​គោលដៅ​ខ្លះ មិន​ចំ​ខ្លះ​ក្ដី គេ​នៅ​តែ​សម្រុកចូល​វាយ​មិន​ញញើត​ដៃ​ឡើយ​។

ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់​នេះ ពិតជា​មិនធម្មតា គេ​មិន​ត្រឹមតែ​អាច​ការពារ​ខ្លួន​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានឱកាស​វាយបក​សង​វិញ​ភ្លាម​ៗ ហើយ​បាន​ឌឺដង​ដាក់​ឱ្យ នី សុ​ភី វិញ​ក្នុង​ន័យ​ចំអក​ទៀត​ផង ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ផ្ទុះសំណើច​យ៉ាង​កងរំពង​ពេញ​សង្វៀន​។ គេ​ទាំង​២​ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក កម្លាំង​មិន​មានការ​ស្រុត​ចុះ​ដូច​គ្នា ហើយ​ត្រូវ​បាន​គណៈកម្មការ​សម្រេច​ផ្ដល់​ឱ្យ​ស្មើ​ពិន្ទុ​គ្នា​តែ​ម្ដង​ទៅ​។

ចំណែក លី​ញ ភារ​ម្យ មក​ពី​ក្លិប​ឆ្មា​.​ស​សែន​សុខ ចំណាយពេល​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ ធ្វើ​ឱ្យ​កីឡាករ​ថៃ​ឈ្មោះ Vigo បោះបង់​ចោលការ​ប្រកួត​យ៉ាង​អស់ចិត្ត​។ សម្រាប់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​១ គេ​ទាំង​២​មិន​ទាន់​បើក​ការ​វាយ​សម្រុក​រកគ្នា​ភ្លាម​នោះ​ទេ គ្រាន់តែ​ធ្វើការ​វាយ និង​ទាត់​ចេញ​ស្រាល​ៗ ដើម្បី​ស្ទង់​កម្លាំង​គ្នា​ប៉ុណ្ណោះ​។ លុះ​ចូល​ដល់​ទឹក​ទី​២​ភ្លាម លី​ញ ភារ​ម្យ បាន​ស្ទុះ​ចូល​គៀក​បុក​កែង និង​ទាត់​ជើង​ក្រោម​ផ្ទួន​ៗ បណ្ដាល​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ម្នាក់​នេះ ដួល​ទៅ​លើ​ក្តារ​តា​ពី​ក្រោក​លែង​រួច​តែ​ម្ដង​។

រីឯ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ Sin Chhai ដោយ​ពិន្ទុ​។ ហ៊ឹ​ម សេរី ដែល​ខកខាន​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ជា​យូរ​មក​ហើយ​នោះ សម្រាប់​ការ​ប្រកួត​លើក​នេះ រាល់​ទម្រង់​នៃ​ការ​វាយ​ចេញ ទាំង​ការ​ប្រើ​ស្នៀត​កែង និង​ជង្គង់ គេ​សង្កេត​ឃើញ​ថា អន់​ជាង​មុន​ឆ្ងាយ​ណាស់​។

ម្យ៉ាងវិញទៀត​ត្រូវ​កីឡាករ​ថៃ មាន​ប្រៀប​ជាង​តាំងពី​ទឹក​ទី​១​ម្ល៉េះ​។ គេ​មានឱកាស​វាយ​តបត​បាន​ខ្លះ​ដែរ តែ​មិនសូវ​ចំ​គោលដៅ​បាន​ល្អ​ឡើយ​។​សូ​ម្បី​តែ​អ្នក​ទស្សនា​ផ្ទាល់​មួយ​ចំនួន​បាន​និយាយ​ថា សំណាង​ហើយ​ដែល​ចាញ់​ពិន្ទុ​នោះ បើ​កុំ​តែ​ចាញ់​សន្លប់​ទៅ​បាន​ហើយ​។

ចំពោះ​គូប្រកួត​មិត្តភាព​វិញ​នោះ សឿ​ម សា​រ៉ា​ន់ មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ប្រកួត​ចាញ់ ទេស សុក​ហេង មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ ខណៈ​កីឡាករ បឿន ប្រាជ្ញ មក​ពី​ក្លិប​កង​ពល​តូច​ពិសេស​ឆ័​ត្រ​យោង​៩១១ ប្រកួត​ចាញ់ កីឡាករ ពុ​យ ក្រូច​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ