ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ចាប់ផ្ដើម​ដឹក​ដើម​ផ្កា​អង្គា​សិល្ប៍​ចូល​ទីក្រុង​បណ្ដើរ​ៗ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​រដូវ​កាល​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ជិត​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ឈ្មួញ​ចាប់ផ្ដើម​ដឹក​ដើម​ផ្កា​អង្គា​សិល្ប៍​ចូល​មក​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​បណ្ដើរ​ៗ​ហើយ ។ បើ​តាម​អ្នក​ប្រកប​របរ​ទិញ​ដើម​ផ្កា​អង្គា​សិល្ប៍​មក​នៅ​ទីក្រុង​ភ្នំពេញ ឈ្មោះ​ម៉ា​ប់​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​រដូវ​កាល​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ជិត​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ឈ្មួញ​ចាប់ផ្ដើម​ដឹក​ដើម​ផ្កា​អង្គា​សិល្ប៍​ចូល​មក​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​បណ្ដើរ​ៗ​ហើយ ។

បើ​តាម​អ្នក​ប្រកប​របរ​ទិញ​ដើម​ផ្កា​អង្គា​សិល្ប៍​មក​នៅ​ទីក្រុង​ភ្នំពេញ ឈ្មោះ​ម៉ា​ប់​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​រដូវ​កាល​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម លោក​តែង​ទៅ​រក​ទិញ​ពី​តំបន់​ព្រៃ​ភ្នំ យក​មក​លក់​បន្ត​នៅ​ទីក្រុង​ភ្នំពេញ ហើយ​សម្រាប់​ឆ្នាំ​នេះ លោក​ទៅ​រក​ទិញ​រហូត​ដល់​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ព្រោះ​បច្ចុប្បន្ន​ពុំ​សូវ​សម្បូរ ដោយសារ​ដី​ព្រៃ​មួយ​ចំនួន​បាន​ក្លាយជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អស់​ទៅ​ហើយ ។

លោក​លើក​ឡើង​ថា ៖« ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ការ​រក​ទិញ​ដើម​ផ្កាអង្គារសិល្ប៍​ពី​តំបន់​ព្រៃ​ភ្នំ​កាន់តែ​ពិបាកទៅ​ៗ ចំណែក​អ្នក​ដើរ​រក​ក៏​ពិបាក​ដែរ ហើយ​នៅ​ពេល​ដឹក​មក ត្រូវ​ចំណាយ​ច្រើន​តាំងពី​ចេញពី​ព្រៃ​រហូត​ដល់ទី​ក្រុង​គឺ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន កុង​ត្រួ​ល​សមត្ថកិច្ច​តាម​ផ្លូវ​ច្រើន​កន្លែង​ទម្រាំ​ដឹក​មក​ដល់ទី​ប្រជុំជន ទីក្រុង​ភ្នំពេញ ហើយ​បើ​លក់​ចេញ​វិញ​ថ្លៃ គេ​មិន​ទិញ អីចឹង​ហើយ​ឥឡូវនេះ មុខរបរ​ហ្នឹង​ពិបាក​រកស៊ី​មែនទែន »​។

បើ​តាម​អ្វី​ដែល​លោក​លើក​ឡើង និង​ត្អូញត្អែរ​ពី​ការ​លំបាក​នោះ ដោយសារ​តែ​តំបន់​ព្រៃ​ភ្នំ​មួយ​ចំនួន​បាន​ក្លាយជា​ដី​របស់​ក្រុមហ៊ុន​ឯកជន​អស់ហើយ បើ​ចូល​ទៅរ​កតាម​ដី​ទាំងនោះ គឺ​មិន​បាន​ទៀត​ទេ លុះត្រាតែ​ទិញ​ពី​គេ ហើយ​ចូល​ទៅ​កាប់​ខ្លួនឯង តែបើ​រក​នៅ​ដី​ព្រៃ​ផ្សេង គឺ​មាន​ចំងាយ​ឆ្ងាយ និង​ព្រៃ​ជ្រៅ​ៗ ។

ផ្កា​អង្គា​សិល្ប៍​ត្រូវ​បាន​បងប្អូន ខ្មែរ​កាត់​ចិន ចិន​-​វៀតណាម មាន​ជំនឿ​ថា ជា​ផ្កា​នាំ​លាភ​សំណាង ទើប​គេ​និយម​ទិញ​ផ្កា​អង្គា​សិល្ប៍​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​១​ថ្ងៃ ឬ​២​ថ្ងៃ ។ ដោយឡែក​សម្រាប់​ឆ្នាំ​នេះ បុណ្យចូលឆ្នាំ​ចិន គឺ​ត្រូវ​នឹង​ថ្ងៃ​ទី ៤ ខែកុម្ភៈ ឆ្នាំ​២០១៩ (​ថ្ងៃ​សែន​) ។

លោក តុង សីហា មាន​ទីលំនៅ​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ លោក​តែងតែ​ទិញ​ផ្កា​អង្គា​សិល្ប៍​ដាក់​តាំងនៅ​ថ្ងៃ​បុណ្យចូលឆ្នាំ ចិន ។ លោក​បន្ត​ទៀត​ថា ផ្កា​អង្គា​សិល្ប៍​គឺ​ស្ថិត​ក្នុង​ជំនឿ​អមតៈ​របស់​ជនជាតិ​ចិន ដោយ​ពួក​គេ​ជឿ​ថា ជា​ផ្កា​នាំ​លាភ​សំណាង ប្រសិនបើ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ផ្កា​អង្គា​សិល្ប៍​រីក​ច្រើន​ល្អ​គឺ​បាន​សេចក្តី​ថា ឆ្នាំ​នេះ​ពួក​គេ​នឹង​រកស៊ី​មានបាន ប្រាក់​ហូរហៀរ តែ​ប្រសិនបើ​ផ្កា​នោះ​រីក​មិនសូវ​ល្អ​ទេ ការ​រកស៊ី​ក៏​ទៅ​តាម​នោះ​ដែរ ។

ទាក់ទង​ទៅ​នឹង​រឿងដំណាល​ផ្កា​អង្គា​សិល្ប៍ នេះ មាន​ប្រវត្តិ​តម​កថា កាលពីដើម​ឡើយ មាន​បងប្អូន​បង្កើត​ពីរ​តែង​កាច់​កុង​គ្នា ដោយ​បុរស​ជា​ប្អូន តែង​រិះរក​វិធី​ឆ្កឹះឆ្កៀល​ធ្វើ​យ៉ាងណា ឲ្យ​បុរស​ជា​បង​ទទួល​រង​ការ​ឈឺចាប់ ។ លុះ​ថ្ងៃមួយ​បុរស​ជា​បង​បាន​ដើរ​កាត់​មាត់​អូរ ក៏​ប្រទះ​ឃើញ​ដើម​ផ្កា​អង្គា​សិល្ប៍​ដោយ​រីករាយ និង​សប្បាយចិត្ត​អំពី​ពណ៌​និង​ក្លិន​នៃ​ផ្កា បុរស​នោះ​បាន​កាច់​យក​មក​ផ្ទះ​រួច​ដាក់​តាំង​ក្នុង​ថូ​មួយ ។


ក្រោយមក បុរស​ជា​ប្អូន​បានដឹង​ថា បុរស​ជា​បង​ស្រលាញ់​ដើម​ផ្កា​នោះ​ខ្លាំង រហូត​ថ្ងៃមួយ​ដោយ​ដឹង​ថា​បង​មិន​នៅផ្ទះ ក៏​បាន​ដាំទឹក​ក្តៅ​យក​ទៅ​ស្រោច​ចូល​ទៅ​ក្នុង​ថូ​ដើម​ផ្កា​នោះ ក្នុង​គោលបំណង​បំផ្លាញ​ឱ្យ​ងាប់ តែ​ពេល​រំលង​មក​បុរស​ជា​បង​បាន​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ផ្កា​អង្គា​សិល្ប៍​នោះ​រីក​ស្គុះស្គាយ​សុះសាយ បញ្ចេញ​ពណ៌​លឿង​ច្រាល​ពេញ​ដើម​ដោយ​នឹក​ស្មាន​មិន​ដល់ ។ លុះ​ក្រោយមក ទើប​ដឹង​ថា​ផ្កា​នោះ រីក​ស្គុះស្គាយ​ដោយសារ​ប្អូន​របស់​ខ្លួន​យក​ទឹក​ក្តៅ​ទៅ​ចាក់​ក្នុង​ថូ ។

តំណាល​នៃ​ខ្សែ​រឿង​នេះ គេ​បាន​ប្រសិទ្ធ​នាម​ថា ផ្កា​អង្គា​សិល្ប៍​តំណាង​ឱ្យ​ភាព​ទៀងត្រង់​ស្មោះស​បរិសុទ្ធ បើ​អ្នក​ណា​មានគំនិត​អាក្រក់​មក​លើ​រូបគេ សូម​ឱ្យ​ភាពអាក្រក់​ទាំងនោះ​ប្រែ​ក្លាយជា​ភាព​ស្រសបំព្រង​ចូល​មាន​ដល់​គ្រួសារ​របស់​ពួក​គេ ហើយដោយ​សារ​ផ្កា​នេះ​រីក ស្រប​នូវ​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ពួក​គេ​តែង​ជ្រើស​យក​ផ្កា​អង្គា​សិល្ប៍​មក​តាំង​លម្អ​លំនៅ​ឋាន​រហូត​បច្ចុប្បន្ន ។ ដើម​ផ្កា​អង្គា​សិល្ប៍​នេះ តែង​មាន​វត្តមាន​ជា​និច្ច នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ