ប្រទេសវេណេស៊ុយអេឡា ៖ ក្រោយការបះបោរយោធាដែលត្រូវបង្ក្រាប និងមុនពេលបាតុកម្មគាំទ្ររដ្ឋាភិបាល និងបាតុកម្មប្រឆាំង ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាសម៉ាឌូរ៉ូ កាលពីថ្ងៃទី២២មករាបានចោទប្រកាន់រដ្ឋាភិបាលអាមេរិកថា ចេញបញ្ជាឲ្យធ្វើរដ្ឋប្រហារហ្វាស៊ីស្តមួយ។
ក្នុងសង្កថាមួយតាមវិទ្យុនិងទូរទស្សន៍ លោកម៉ាឌូរ៉ូដែលទើបឡើងកាន់តំណែងអាណត្តិទី២ ជំទាស់ដោយពួកប្រឆាំង បានស្នើដល់រដ្ឋមន្ត្រីការបរទេស លោកJORGE ARREAZA ពិនិត្យឡើងវិញទាំងស្រុងពីទំនាក់ទំនងជាមួយក្រុងវ៉ាស៊ិនតោន។
ប៉ុន្មានម៉ោងមុននេះរដ្ឋមន្ត្រីគមនាគមន៍វេណេស៊ុយអាឡា លោកJORGE RODRIGUEZ បានចោទប្រកាន់ អនុប្រធានាធិបតីអាមេរិក លោកMIKE PENCEថា បានបញ្ជាឲ្យពួកភេរវករ បង្កអំពើហិង្សានានាក្នុងឱកាសនៃបាតុកម្ម របស់ពួកប្រឆាំងដែលគ្រោងធ្វើនាថ្ងៃទី២៣មករា ដើម្បីធ្វើឲ្យរដ្ឋាភិបាលសង្គមនិយមរបស់លោកម៉ាឌូរ៉ូបាត់បង់ស្ថេរភាព។ យោងតាមរដ្ឋមន្ត្រីរូបនោះថា ទាហាន២៧នាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១មករា ក្រោយការបះបោរប្រឆាំងរដ្ឋាភិបាល បានចែកចាយអាវុធមួយផ្នែកដែលពួកគេដណ្ដើមយកបាន ទៅឲ្យពួកសកម្មជនប្រឆាំងដើម្បីឲ្យពួកនោះប្រព្រឹត្តអំពើហិង្សានានានិងបង្កឲ្យមានមនុស្សស្លាប់និងរបួសច្រើន ក្នុងពេលបាតុកម្ម។
លោកRODRIGUEZ ចាត់ទុកពួកសកម្មជនទាំងនោះថា ជាពួកជនសីុវិលស្ថិតក្នុងសាខាភេរវកម្ម VOLUNTAD POPULARជាឈ្មោះគណបក្ស មេដឹកនាំប្រឆាំងដែលកំពុងជាប់ឃុំឃាំងលោកLEOPOLDO LOPEZនិងរបស់ប្រធានសភាលោកJUAN GUAIDO។ តាមរដ្ឋមន្ត្រីរូបនោះថាផែនការគ្រោងឲ្យមនុស្សទាំងឡាយស្លៀកពាក់ឯកសណ្ឋានយោធា ធ្វើការបាញ់ប្រហារនាថ្ងៃទី២៣មករា ប្រឆាំងពួកបាតុករប្រឆាំង។ លោកចោទជាសំនួរថាតើហេតុអីទៅ? នោះជាការគោរពតាមបញ្ជារបស់លោកMIKE PENCE ដែលកាលពីថ្ងៃទី២១មករាសម្ដែងសាមគ្គីភាពរបស់លោកជាមួយបាតុកម្ម ដែលរៀបចំធ្វើតាមការអំពាវនាវរបស់ពួកប្រឆាំង ទាមទារឲ្យបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនិងរៀបចំការបោះឆ្នោតដោយសេរី។
រដ្ឋមន្ត្រីរូបនោះបញ្ជាក់ថា ក្នុងចំណោមអាវុធ៥១ដើម ដែលេដណ្ដើមយកបានដោយពួកទាហានបះបោរ ១១ដើមពុំអាចប្រមូលមកវិញបាន ហើយកាំភ្លើងទាំងនោះ នឹងត្រូវគេយកទៅប្រើប្រឆាំងពួកអ្នកចូលរួមក្នុងបាតុកម្ម។
អនុប្រធានាធិបតីវេណេស៊ុយអាឡា លោកស្រីDEKY RODRIGUEZ ក៏ចោទអនុប្រធានាធិបតីអាមេរិកថា ប៉ុនប៉ងមកដឹកនាំវេណេស៊ុយអេឡា ដោយផ្ដល់ការណែនាំផ្សេងៗចំពោះអ្វី ដែលនឹងកើតមាននាថ្ងៃទី២៣មករានៅវេណេស៊ុយអេឡា ដោយអំពាវនាវយ៉ាងចំហឲ្យធ្វើរដ្ឋប្រហារមួយ។ លោកស្រីប្រកាសថាពួកយ៉ង់គីទៅស្រុកវិញទៅ យើងនឹងមិនឲ្យពួកអ្នកឯងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់មាតុភូមិយើងឡើយ៕
ចែករំលែកព័តមាននេះ