ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្ទូច​រថយន្ត​កុងតឺន័រ​ដើម្បី​យក​សព​ចេញ​មក​ក្រៅ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ជាប់​ក្រោម​រថយន្ត ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់ ខណៈ​ដែល​មាន​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​បុក​ពីក្រោយ ហើយ​ក្រឡាប់​សង្កត់ពីលើ​បុរស​រង​គ្រោះ ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​និង…

ខេត្តកំពង់ឆ្នាំង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ជាប់​ក្រោម​រថយន្ត ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់ ខណៈ​ដែល​មាន​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​បុក​ពីក្រោយ ហើយ​ក្រឡាប់​សង្កត់ពីលើ​បុរស​រង​គ្រោះ ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​និង ៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧០ និង​៧១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ត្រពាំង​ត្រី​រ៉ស់ ស្ថិត​ក្នុងភូមិ​រនាម​ទទឹង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​កុង​តឺ​ន័​រ​មួយ​គ្រឿង​ម៉ាក​ហ្វុ៊​យ​សូ ពណ៌​ស ពាក់​ផ្លា​ក​លេខ ចង្កូត​ស្តាំ ភ្នំពេញ PP-2307 បើកបរ​ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​មាន​សណ្តោង​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​រថយន្ត​កុងតឺន័រ​បាន​ក្រឡាប់ និង​កិន​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ បណ្តាល​ឱ្យ​ស្លាប់​កៀប​ជាប់​ក្រោម​រថយន្ត​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន រត់គេច​ខ្លួន​បាត់ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ក៏​បាន​ធ្វើ​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ព្រោះតែ​អ្នកបើកបរ​រថយន្ត​តាម​ដងផ្លូវ​បាន​នាំ​គ្នា​ឈប់​មើល​នៅ​ចំណុច​កើតហេតុ រហូត​ដល់​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​សមត្ថកិច្ច​ទំនាក់ទំនង​បាន​រថយន្ត​ស្ទូច​ធុន​ធំ​មក​ស្ទូច​រថយន្ត​កុងតឺន័រ​ចេញ ដើម្បី​យក​សព​បុរស​រង​គ្រោះ និង​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​មក​ក្រៅ ។

នៅ​ជាប់​ខ្លួន​បុរស​រង​គ្រោះ​ដែល​ស្លាប់ សមត្ថកិច្ច​បាន​រក​ឃើញ​កាបូប​មួយ​ដែល​មាន​លុយ​ចំនូ​ន​៣០០០​រៀល និង​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​មួយ​សន្លឹក​របស់​បុរស​រង​គ្រោះ​ឈ្មោះ រស់ វុ​ត្ថា អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​បឹង​ជ្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ប៉ុន្តែ​គេ​ឃើញ​បុរស​រង​គ្រោះ​ដើរ​ទិញ​អេ​ត​ចាយ​រាល់ថ្ងៃ ដោយ​មក​ស្នាក់​នៅ​ក្នុងស្រុក​រលាប្អៀរ ។

តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​ ព្រោះ​គេ​ឃើញ​រថយន្ត​នេះ​បើក​រេ​ពេញ​ផ្លូវ ហើយ​បន្ទាប់​មក​ជិត​ដល់​គល់​ស្ពាន​ត្រពាំង​ត្រី​រ៉ស់ ក៏​បាន​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ​របស់​ជន​រង​គ្រោះ​តែ​ម្តង ។

សមត្ថកិច្ច​អោយ​ដឹង​ថា ចំពោះ​សព​បុរស​រង​គ្រោះ សមត្ថកិច្ច​នឹង​ជូនដំណឹង​អំពី​អត្តសញ្ញាណ​រប ស់គា​ត់ទៅ​កាន់​សមត្ថកិច្ច​នគរបាល​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​ទំនាក់ទំនង​រក​ក្រុម​គ្រួសារ អោយ
មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​រថយន្ត​កុងតឺន័រ សមត្ថកិច្ច​នឹង​ជួល​រថយន្ត​ស្ទួ​ចម​ក​ដឹក​យក​ទៅ​រក្សា​ទុក នៅ​ក្នុង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ