ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤៖ ឡាន​​ចង្កូត​ស្ដាំដឹកខ្សាច់បុ.កកុងតឺន័រ បង្កការកកស្ទះ​យ៉ាង​ខ្លាំងនៅមុខវត្តកំបូល

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ចង្កូត​ស្ដាំ​ដឹក​ខ្សាច់​១​គ្រឿង ខណៈ​កំពុង​បើកបរ​លឿន​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ ពេល​នោះ ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​កុងតឺន័រ​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ខាងលើ រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ចង្កូត​ស្ដាំ​ដឹក​ខ្សាច់​១​គ្រឿង ខណៈ​កំពុង​បើកបរ​លឿន​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ ពេល​នោះ ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​កុងតឺន័រ​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ខាងលើ រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន​ទាំងស្រុង និង​គាប​បុរស​ដែល​ជា​អ្នកបើកបរ​រង​របួសស្រាល ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​វត្ត​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ រថយន្ត​បែន​ដឹក​ខ្សាច់​១​គ្រឿង​ខាងលើ​នោះ​ពណ៌​ខៀវ ឆ្នូត​ស ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​PRV-0037 បើកបរ​ដោយ​បុរស​មិន​ស្គា​ស់​អត្តសញ្ញាណ​ម្នាក់ ។ ចំណែក​រថយន្ត​ដឹក​ទូ​កុងតឺន័រ​ដែល​បើក​ឆ្លងផ្លូវ ម៉ាក​SCANIA ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-9485 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គា​ស់​អត្តសញ្ញាណ​ដូច​គ្នា ។

បុរស​អ្នកលក់​នំកង​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​ជិះ
ម៉ូតូ​ដើរ​លក់​នំកង​តាម​ផ្លូវជាតិ​លេខ​៤ ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បានឃើញ​រថយន្ត​កុងតឺន័រ​ម៉ាក​SCANIA នោះ​បើក​ចេញពី​ផ្លូវ​បេតុង​ភូមិ​កំ​រៀង​ស្រែ​ក្នុង រួច​ឡើង​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ។ ខណៈនោះ​គាត់​ក៏​បាន​ឈប់​ម៉ូតូ​ឲ្យ​រថយន្ត​នោះ​ឆ្លង​សិន ស្រាប់តែ​ឃើញ​រថយន្ត​បែន​ដឹក​ខ្សាច់​បើកបរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លឿន​គួរសម​ទៅ​ដល់​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​កុងតឺន័រ​នោះ​ពេញទំហឹង ជា​ហេតុ​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន​ទាំងស្រុង ហើយ​គាប​អ្នកបើកបរ​ជាប់​ក្នុង​កាប៊ី​ន​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា អ្នកបើកបរ​រថយន្ត​បែន​ដឹក​ខ្សាច់​រង​របួសស្រាល​ទេ ប៉ុន្តែ​បាន​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​ចេញ​អត់​រួច ហើយ​ក៏​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ផង​ដែរ ក្រោយ​ពេល​កើតហេតុ ក្រុម​រុករក​និង​សង្គ្រោះ​អង្គភាព​៧១១ បាន​ចុះ​ទៅ​ជួយ​កាត់​ដែក​កាប៊ី​ន​រថយន្ត​ទើប​ទាញ​យក​អ្នកបើកបរ​ចេញ​បាន ។

ចំណែក​រថយន្ត​កុងតឺន័រ​បាន​រង​ការ​ខូចខាត​តិច​ជាង​រថយន្ត​បែន​ដឹក​ខ្សាច់​នោះ​ទេ បន្ទាប់​មក នគរបាល​ប៉ុស្តិ៍​កំ​បូល និង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​សម្រួល​ចរាចរ​មិន​ឲ្យ​កកស្ទះ ព្រមទាំង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ