រាជធានីភ្នំពេញ ៖ មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ បានចាត់ឣោយក្រុមកាងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនដល់លោកយាយ ទារិកា ០២នាក់ ដែលម្តាយបង្កើតបានបោះបង់ចោល នៅភូមិទ្រា២ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្ត្រីដដែល បានបញ្ជាក់ថា ម្តាយបង្កើតដែលទៅចោលកូន តាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ទារិកាភ្លោះ អាយុបាន២ខែ ហើយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានមកមើលកូននៅមន្ទីរពេទ្យគន្ធបុប្ផា បានមួយដងដែរ ក៏លែងមកតែម្តង។ ម្តាយរបស់ទារិកាភ្លោះនោះឈ្មោះ ធឿន ស្រីពេជ្រ អាយុ២២ឆ្នាំ ។ ចំណែកលោកយាយ ឈ្មោះ សយ ផាន អាយុ ៧០ឆ្នាំ ត្រូវជាម្តាយរបស់ឈ្មោះ ធឿន ស្រីពេជ្រ រីឯឪពុករបស់ទារិកាទាំងពីរ ឈ្មោះ ផន ផល បានចាកចេញតាំងពីទារិកាមិនទាន់កើត ពោលគឺនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ រហូតដល់ទារិកាកើតបានចំនួន២ខែ ក៏ទទួលដំណឹងថា ឪពុកបានទទួលមរណភាពហើយ ។
ទារិកាភ្លោះទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ផល លីហ្សា ជាកូនទី១ មួយទៀតឈ្មោះ ទារិការ ផល ម៉ូលីកា ជាកូនទី២ កើតថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ (ទារិកាទាំងពីរជាកូនភ្លោះ) បច្ចុប្បន្នទារិកាទាំងពីរនាក់ ត្រូវបានលោកយាយមើលបីបាច់ថែរក្សារបណ្តុះឣាសន្ន។ ចំពោះអំណោយរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រួមមាន ៖ គ្រឿងឧបភោគបរិភោគមានដូចជា មី០១កេះ, ទឹកសុទ្ធ ២កេះ, អង្ករ ៥០គីឡូក្រាម និងថវិការចំនួន ៣០ម៉ឺន រៀលផងដែរ ៕


ចែករំលែកព័តមាននេះ