ទីក្រុងម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តដាក់ចេញនូវវិធានការសេដ្ឋកិច្ចថ្មីមួយ ដោយចុះហត្ថលេខាលើក្រឹត្យហាមឃាត់ការនាំចេញមាសដុំដែលចម្រាញ់រួចដែលមានទម្ងន់សរុបលើសពី ១០០ ក្រាម ចេញពីសហព័ន្ធរុស្ស៊ី។ វិធានការនេះនឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៦ ខែមីនានេះ។
បើតាមឯកសារច្បាប់ដែលត្រូវបានចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃពុធ ការហាមឃាត់នេះនឹងត្រូវអនុវត្តចំពោះទាំងបុគ្គលម្នាក់ៗ នីតិបុគ្គល (ក្រុមហ៊ុន) និងសហគ្រិនម្នាក់ៗផងដែរ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលគេមើលឃើញថា រុស្ស៊ីកំពុងព្យាយាមរក្សាទុនបម្រុងមាសក្នុងស្រុក និងគ្រប់គ្រងតុល្យភាពហិរញ្ញវត្ថុជាតិចំពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។
ទោះជាយ៉ាងណាក៏ដោយ ក្រឹត្យនេះក៏មានការលើកលែងមួយចំនួនផងដែរ ចំពោះការនាំចេញមាសដុំតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអាកាសនៅព្រលានយន្តហោះអន្តរជាតិមួយចំនួន ប៉ុន្តែលុះត្រាតែមានការអនុញ្ញាតជាផ្លូវការជាមុនសិន។ ការរឹតត្បិតនេះអាចនឹងជះឥទ្ធិពលដល់ទីផ្សារមាសអន្តរជាតិ ខណៈដែលរុស្ស៊ីគឺជាប្រទេសផលិតមាសដ៏ធំមួយក្នុងលោក៕
ចែករំលែកព័តមាននេះ