ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ស្រវឹង​បើករថយន្ត​លឿន​បុក​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់​រង​របួសធ្ងន់

1 នាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤​និង​៤៥​នាទី​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ P1…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤​និង​៤៥​នាទី​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ P1 ឃ្លាំង​លើ ភូមិ​២ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​ម៉ាក BMW ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BY-4505 បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ អាយុ ២៥​ឆ្នាំ ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។

អ្នកបើកបរ បាន​បើក​ក្នុង​ល្បឿន​លឿន និង​វ៉ា​ជែង​ខាងស្តាំ មុន​នឹង​បុក​លោក​វរសេនីយ៍ទោ ចេ​ង ចំរើន នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​កំពុង​អនុវត្ត​ភារកិច្ច​រក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​គោលដៅ P1 បន្ទាប់​ពី​បង្កហេតុ អ្នកបើកបរ​បាន​ព្យាយាម​បើករថយន្ត​គេច​ចេញពី​កន្លែង​កើតហេតុ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។ ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​លោក​វរសេនីយ៍ទោ ចេ​ង ចំរើន រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

បច្ចុប្បន្ន លោកនាយ​រង​ការិយាល័យ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដោយ​មាន​ស្ថានភាព​សភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ធ្វើតេស្ត​ជាតិ​អាល់កុល លទ្ធផល​អវិជ្ជមាន និង​ធ្វើតេស្ត​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន ។ ចំណែក​រថយន្ត​បង្ក ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់ ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍ និង​កុំ​បើកបរ​ក្រោម​ឥទ្ធិពល​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង​ផ្សេង​ៗ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សង្គម​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ