ភ្នំពេញ៖ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ បានបុកគ្នាជាមួយម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កដឹកអេតចាយ១គ្រឿងទៀត ដែលកំពុងបើកបរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរយានយន្តទាំងនាក់រងរបួសធ្ងន់ដូចគ្នា ហើយម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូហុងដាឌ្រីមនោះបានរងការខូចខាតដូចគ្នាផងដែរ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នគរបានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់បានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FA-3364 ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកអេតចាយ១គ្រឿង ដែលកំពុងបើកបរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះដោយគេចអត់ទាន់ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូហុងដាឌ្រីមនោះដួលបោកផ្ទប់ថ្នល់រងការខូចខាតវៀចកង់មុខ ហើយអ្នកបើកបររបួសធ្ងន់ ចំណែកម៉ូតូសណ្ដោងរឺម៉កដឹកអេតចាយមិនបានក្រឡាប់នោះទេ ប៉ុន្តែបុរសដែលជាអ្នកបើកបរក៏រងរបួសធ្ងន់ដែរ ។ ក្រោយពេលកើតហេតុក្រុមសង្គ្រោះអង្គភាព៧១១ បានដឹកយកអ្នករបួសទាំង២នាក់ខាងលើទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសុមៈ ដោយឡែកនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែងនិងនាំយកយានយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕



ចែករំលែកព័តមាននេះ