រាជធានីភ្នំពេញ ៖ បន្ទាប់ពីកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការនាំចេញចេកអំបូងលឿងទៅកាន់ប្រទេសចិន កាលពីដើមខែសីហា ឆ្នាំ២០១៨មក ពេលនេះកម្ពុជាបានចាប់ផ្ដើមវេចខ្ចប់ និងនាំចេញចេកអំបូងលឿងទៅកាន់ប្រទេសចិនហើយ តាមរយៈក្រុមហ៊ុនក្នុងស្រុក ។
នៅក្នុងពិធីវេចខ្ចប់ចេកអំបូងរបស់ក្រុមហ៊ុនបឹងកេកសម្រាប់នាំចេញ កាលពីថ្ងៃទី២០ មករា ម្សិលមិញ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តគំនិតស្មារតីទទួលខុសត្រូវរបស់ក្រុមហ៊ុនផ្ទាល់ ដោយទទួលបានកិច្ចសហការយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ លោករដ្ឋមន្ត្រីថ្លែងថា ៖« លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងស្តីពីការជំរុញផលិតកម្មក្នុងស្រុកបង្កើនតម្លៃបន្ថែមបង្កើតការងារបង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកតាមរយៈការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មកសិកម្មពីAដល់Z »។
លោករដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ វាយតម្លៃខ្ពស់ និងអបអរសាទរចំពោះក្រុមហ៊ុនក្នុងស្រុកដែលបានជឿជាក់ ទុកចិត្តលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ជាពិសេសគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាប់យកភាគីចិនធ្វើជាដៃគូវិនិយោគដំណាំចេកដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ទីផ្សារចិនទាំងក្នុងពេលបច្ចប្បន្ន និងពេលអនាគត ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេស ជាពិសេសការងារភូតគាមអនាម័យ ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលចេកឆ្លើយតបតាមស្តង់ដាទីផ្សារ ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានចុះទុនវិនិយោគប្រមាណជាង៨លានដុល្លារ សម្រាប់ដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង៥០០ហិកតាក្នុងនោះផ្ទៃដី១០០ហិកតា កំពុងប្រមូលផល និងវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន ហើយអនាគតគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់១.៥០០ហិកតា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនវិនិយោគក្នុងស្រុកជាច្រើនហើយដែលបាននិងកំពុងបោះដាំចេញអំបូងលឿងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ពិសេសបន្ទាប់ចិនបានបើកទ្វារសម្រាប់ការនាំចេញចេករបស់កម្ពុជាទៅកាន់ទីផ្សារដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ។
លោកឧកញ៉ា ហ៊ុន ឡាក់ ដែលបានបោះទុនប្រមាណ៣០លានដុល្លារដាំចេកអំបូងលឿង លើផ្ទៃដី១ពាន់ហិកតានៅក្នុងស្រុកឈូក ខេត្តកំពតបានមានប្រសាសន៍ថា ទីផ្សារចេកអំបូងលឿងមានភាពទូលំទូលាយ និងល្អប្រសើរ ព្រមទាំងមានតម្លៃល្អខ្លាំង ធៀបជាមួយចេកធម្មតា ។
ទោះបីយ៉ាងណា លោកថា ៖« ចេកនេះមិនមែនដាំបាននៅគ្រប់ប្រទេសនោះទេ ប៉ុន្តែសម្រាប់កម្ពុជាមានដីដែលមានអំណោយផលសម្រាប់ដាំចេកនេះ គ្រាន់តែកន្លងមក មិនសូវមានអ្នកចាប់អារម្មណ៍ ទើបចេកនេះមិនសូវមានដាំនៅកម្ពុជា » ។ លោកបន្តថា ៖« យើងអាចនាំចេញចេកប្រភេទនេះបានទូទាំងពិភពលោក ដោយសារវាជាចេកមានរសជាតិឆ្ងាញ់ និងជាចេករក្សាទុកបានយូរ ងាយស្រួលក្នុងការនាំចេញទៅកាន់ក្រៅប្រទេស »៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ