រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ថា ស្ថានភាពកីឡាប្រដាល់នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ។ ជាក់ស្ដែង បណ្ដាសង្វៀនភាគច្រើនបានបង្កើនការរៀបចំកម្មវិធីប្រដាល់ក្នុងមួយសប្ដាហ៍យ៉ាងតិចក៏ ២ទៅ៣ដងដែរ ។ ប៉ុន្តែបើក្រឡេកមកមើលស្ថានភាពកីឡាករដែលគេចាត់ទុកថាល្បីឈ្មោះនោះផង មានការប្រែប្រួលជីវភាពតែមួយកម្រិតប៉ុណ្ណោះ ដោយនៅតែមានអ្នកអះអាងថា ស្ថានភាពកីឡាករ និងស្ថានភាពប្រដាល់មានការរីកចម្រើនផ្ទុយគ្នាស្រឡះ។
កីឡាករ និងអតីតកីឡាករភាគច្រើននៅតែបញ្ជាក់ឱ្យដឹងពីស្ថានភាពខុសគ្នារវាងកីឡាករ និងវិស័យប្រដាល់ បើទោះជាពួកគេទទួលស្គាល់ថា វិស័យប្រដាល់មានការរីកចម្រើនខ្លាំងនាពេលចុងក្រោយក្ដី ។ កីឡាករដែលជ្រកក្នុងអាជីពប្រដាល់ សុទ្ធតែអះអាងថា ស្ថានភាពរបស់ខ្លួនបានត្រឹមតែមួយរស់ៗល្អមើលប៉ុណ្ណោះ មិនអាចមានបានពីការប្រដាល់បានទេ ដោយកីឡាករខ្លះបានទាំងអះអាងថាវិស័យប្រដាល់រីកចម្រើនពិតមែន ប៉ុន្តែសម្រាប់ជីវភាពរស់នៅរបស់កីឡាករ គឺនៅតែលំបាក។
កីឡាករស្ទើរទាំងអស់បានត្អូញត្អែរថា ពួកគេពេលឡើងប្រដាល់ម្ដងៗ មិនទទួលបានតម្លៃខ្លួនច្រើនទេ ដោយក្រោយកាត់កងឱ្យអ្នកផ្គូផ្គង ម្ចាស់ក្លិប និងអ្នកឱ្យទឹកគឺសល់មិនលើសពីជាង២០ទៅ៤០ម៉ឺនរៀលនោះឡើយ ។ ពេលខ្លះប្រាក់កម្រៃបានពីការប្រកួតគ្រាន់តែយកមកមើលខ្លួន និងចំណាយលើការបំប៉នសុខភាពមុនពេលឡើងរេញ សឹងតែមិនគ្រប់ផង កុំថាឡើយដល់អាចមានបាន ។
កីឡាករ ឡុង សុភី ធ្លាប់បានបញ្ជាក់ថា លោកឡើងរេញអន្តរជាតិក្នុងមួយលើកទទួលបានតម្លៃខ្លួនលើសពី៣០០ដុល្លារ ប៉ុន្តែតួលេខដែលទទួលបាននេះ គឺសម្រាប់ទ្រទ្រង់ដំណើការប្រកួត នៅមុនពេល និងក្រោយពេលឡើងរេញប៉ុណ្ណោះ ដោយសារតែលោកគឺជាកីឡាករមួយរូបមិនអាចចេះតែឡើងវាយដោយមិនបំប៉នសុខភាព និងត្រូវចំណាយពេលមិនធ្វើអ្វីច្រើនថ្ងៃដើម្បីឱ្យមានកម្លាំងគ្រប់គ្រាន់សម្រាប់ការប្រកួត ។ លោកនិយាយថា៖«ការប្រដាល់រាល់ថ្ងៃបានតែល្អមើលទេ បើឱ្យយកលុយហ្នឹង មកមានបាន គឺអត់ទៅរួចទេ ព្រោះតម្លៃខ្លួន៤០០-៥០០ដុល្លារផាត់ចុះផាត់ឡើងដូចតែដូចហ្នឹង»។
ទោះបីយ៉ាងណា លោកបានទទួលស្គាល់ថា បើធៀបនឹងរយៈពេលមុនដែលមានតម្លៃខ្លួនត្រឹមតែក្រោម១០០ដុល្លារ គឺពិបាកជាងហ្នឹងទៅទៀត ។ លោកអះអាងថា កីឡាករប្រដាល់នៅក្នុងប្រទេសកម្ពុជាលុះត្រាតែប្រកួតម្ដងបាន១ពាន់ដុល្លារ ហើយមានប្រាក់ខែទ្រទ្រង់ផងទើបកីឡាករទាំងនោះអាចទទួលប្រកួត២ឬ៣ដងក្នុង១ខែដែលអាចសន្សំកម្លាំងបានល្អ ។ លោកថា ក្នុងមួយរយៈចុងក្រោយ លោកមិនសូវទទួលប្រកួតប៉ុន្មានទេដោយសារតែហេតុផលទី១គឺដោយសារតែលោកមានវ័យកាន់តែចាស់ ប្រកួតច្រើនក៏មិនសល់លុយ និងម្យ៉ាងដោយសារតែលោកក៏ចង់ងាកទៅធ្វើការផ្ទាល់ខ្លួន និងរកស៊ីជំនួញដីធ្លីជាមួយមិត្តភក្តិជំនួសវិញផង ។ ប៉ុន្តែលោកនៅតែបន្តជំហរប្រកួតព្រោះតែការស្រឡាញ់ ព្រោះតែមិនចង់បាត់មុខពីការប្រកួតដែលខំតស៊ូអស់ច្រើនឆ្នាំផង។
លោក អេ ភូថង ម្ចាស់ក្លិបអេភូថងកីឡា បានថ្លែងបញ្ជាក់ថា ស្ថានភាពកីឡាករបើធៀបនឹងរយៈពេលមុនគឺប្រសើរជាងមុន ប៉ុន្តែបើឱ្យល្អដូចគ្នានឹងការរីកចម្រើនរបស់វិស័យប្រដាល់គឺមិនអាចនោះទេដោយសារតែកីឡាករមួយរូបៗ ប្រកួតបានលុយមិនច្រើនបើធៀបនឹងការប្រកួតរបស់កីឡាករបរទេស ហើយសម្រាប់ការប្រកួតក៏មិនអាចទទួលប្រកួតបានច្រើនដងដែរ។ លោកថា បញ្ហាតម្លៃខ្លួននៅមានកម្រិត នៅតែជាហេតុផលមួយដែលធ្វើឱ្យកីឡាករពិបាករស់ដោយពឹងផ្អែកទាំងស្រុងលើអាជីពប្រដាល់តែមួយមុខ ដែលបង្ខំឱ្យកីឡាករទាំងនោះយូរៗ ទៅក៏ឈប់ប្រដាល់ ឬត្រូវទៅធ្វើការនេះផងធ្វើការនោះផងពិបាកបង្កើនថាមពលឱ្យខ្លាំងបានយូរ ។
លោកថា កីឡាករភាគច្រើននៅតែជាបុគ្គលដែលមានជីវភាពខ្វះខាត និងខ្វះចំណេះដឹង មុនពេលក្លាយជាកីឡាករ ដោយកម្រមានអ្នករៀនសូត្របានជ្រៅជ្រះ ឬកូនអ្នកមានចូលប្រកួតជាកីឡាករខ្លាំងណាស់ អ៊ីចឹងហើយទើបវិស័យមួយនេះនៅតែមានកម្រិត បើទោះជាតម្លៃខ្លួនត្រូវបានដំឡើងក្នុងរយៈពេលចុងក្រោយក្តី ។ ប៉ុន្តែក្នុងនោះក៏មានកីឡាករខំប្រដាល់តស៊ូរហូតរៀនចប់ និងមានលុយតិចតួច ក៏បើករបររកសុីផ្សេង និងធ្វើការផ្សេងផងដែរ ។ លោកថា ប្រដាល់មិនខុសពីឈ្នាន់ដែលជួយឱ្យកីឡាករដែលមានការតស៊ូអាចមានជីវភាពឈានឡើងនោះទេ ជាពិសេសកូនសិស្សរបស់លោក គឺមានចំនួនច្រើននាក់ដែលមានអនាគតល្អប្រសើរក្រោយក្លាយជាអ្នកប្រដាល់ បន្ទាប់ពីកូនសិស្សទាំងនោះក្រោយល្បីឈ្មោះក៏មានគេហៅធ្វើការល្អ និងបានរៀនសូត្រជ្រៅជ្រះ។
លោក នួន ភិរម្យ ម្ចាស់ក្លិបប្រដាល់ភិរម្យគុនខ្មែរ និងជាអតីតអ្នកប្រដាល់ល្បីឈ្មោះនិយាយថា កីឡាករល្បីៗនៅតែថ្ងូរពាក់ព័ន្ធនឹងស្ថានភាពរស់នៅ ចុះទម្រាំកូនសិស្សថ្មីរបស់លោកដែលខំហ្វឹកហាត់ច្រើនខែ ហើយមិនត្រូវបានគេដាក់ឱ្យឡើងរេញ តើនឹងពិបាកយ៉ាងណា? លោកបានថ្លែងថា កីឡាកររបស់លោកច្រើនណាស់ដែលសម្រេចចិត្តឈប់ប្រដាល់ ដោយសារតែហេតុផលទី១ឡើងវាយបានលុយចាយមិនគ្រប់ ហើយក្នុងមួយខែទទួលបានការផ្គូផ្គងមិនច្រើន ព្រោះតែបណ្ដាប៉ុស្តិ៍ទូរទស្សន៍ខ្លះមិនសូវជាឱ្យតម្លៃកីឡាករថ្មី ។
ទោះបីយ៉ាងណា លោកបានសរសើរថា បណ្ដាសង្វៀនខ្លះក៏ខំលើកស្ទួយកីឡាករថ្មីដើម្បីឱ្យពន្លកថ្មីទាំងនោះ បានជំនួសតំណែងកីឡាករចាស់ៗដែលលែងចង់វាយនោះផងដែរ ។ លោកថា កីឡាករខ្លះគឺលោកត្រូវឱ្យកន្លែងហ្វឹកហាត់មិនយកលុយហើយត្រូវរកបាយទឹកឱ្យទទួលទានជាប្រចាំទៀត ដើម្បីល្បួងឱ្យនៅបន្តការប្រដាល់បានយូរ ព្រោះតែមិនចង់បាត់បង់កូនសិស្សល្អដែលខំបង្វឹក។
លោក នាង ស៊ីវត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍៍បាយ័ន ធ្លាប់បានបញ្ជាក់ថា តម្លៃខ្លួនរបស់កីឡាករកម្ពុជា បើទោះជាស្ថានភាពប្រដាល់នៅកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃ ក៏មិនអាចផ្ដល់ឱ្យតម្លៃខ្លួនស្មើនឹងកីឡាករបរទេសបានដែរ ដោយសារតែស្ថានភាពផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា មិនអាចទារតម្លៃពីក្រុមហ៊ុនឧបត្ថម្ភបានច្រើន ។
លោកថា នៅក្រៅប្រទេស គេផ្សាយម្ដងគេទារក្រុមហ៊ុនបានច្រើនសែនដោយសារតែប្រជាជនគេច្រើនខុសពីនៅកម្ពុជាប្រជាជនមានតែជាង១៤លាននាក់ គឺបណ្ដាក្រុមហ៊ុនមិនហ៊ានផ្ដល់តម្លៃផ្សព្វផ្សាយឱ្យច្រើនទេទើបតម្លៃរបស់កីឡាករមិនអាចផ្ដល់ឱ្យច្រើនលើសពីសព្វថ្ងៃបាន ។ យ៉ាងណាក៏ដោយ លោកថា បើកីឡាករពិតជាមានឆន្ទះ គឺតម្លៃដែលបានដំឡើងឱ្យគឺពិតជាអាចជំរុញទឹកចិត្តកីឡាករទាំងនោះឱ្យបន្តអាជីពប្រដាល់ដោយជោគជ័យបានហើយ៕
ចែករំលែកព័តមាននេះ