ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​អីុចឹង​តើ​បានជា​ប្រដាល់​សាកល​បាត់​មុខ​ឈឹង​ពី​សង្វៀន​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គេ​កត់​សម្គាល់ថា ប្រដាល់​សាកល​ត្រូវ​បាន​គេ​លើក​ស្ទួយ​យ៉ាង​ខ្លាំង ក្រៅពី​សហព័ន្ធ​រៀបចំ​ប្រកួត​ជ្រើសរើស​ជើងឯក​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​។ បណ្ដា​សង្វៀន​ភាគច្រើន​បាន​ទាំង​ប្រកាស​ជំហរ​ថា ចង់​រៀបចំ​ការ​ប្រកួត​ប្រដាល់​សាកល​ឱ្យ​បាន​ទៀងទាត់ ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​ឱ្យ​មានការ​បោះ​ជំហាន​ឈាន​ឡើង​ផង ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ជំហរ​ទាំងនេះ…

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គេ​កត់​សម្គាល់ថា ប្រដាល់​សាកល​ត្រូវ​បាន​គេ​លើក​ស្ទួយ​យ៉ាង​ខ្លាំង ក្រៅពី​សហព័ន្ធ​រៀបចំ​ប្រកួត​ជ្រើសរើស​ជើងឯក​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​។ បណ្ដា​សង្វៀន​ភាគច្រើន​បាន​ទាំង​ប្រកាស​ជំហរ​ថា ចង់​រៀបចំ​ការ​ប្រកួត​ប្រដាល់​សាកល​ឱ្យ​បាន​ទៀងទាត់ ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​ឱ្យ​មានការ​បោះ​ជំហាន​ឈាន​ឡើង​ផង ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ជំហរ​ទាំងនេះ បែរជា​ត្រូវ​ផ្លាស់​ប្ដូរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មហាជន​ភាគច្រើន​ក៏​មើលឃើញ​ដូច​គ្នា​ថា ប្រដាល់​សាកល​កំពុង​បន្ត​បាត់​មុខ​នៅ​តាម​បណ្ដា​សង្វៀន​ទូរទស្សន៍​ដែល​ធ្លាប់​មាន ដោយ​ឃើញ​កីឡាប្រដាល់​សេរី​បង្ហាញ​វត្តមាន​ជំនួស​វិញ ។ សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ត្រូវ​គេ​ឃើញ​ប្រកាស​ផ្អាក​មុនគេ បន្ទាប់​ពី​បើក​ប្រដាល់​បាន​តែ​មួយ​រយៈ ហើយ​អះអាង​ថា ខ្វះ​ការ​គាំទ្រ ។ អ្នក​រៀបចំ​ការ​ប្រកួត លោក សេង ក​ដិ​កា បាន​ថ្លែង​បញ្ជាក់​ថា ស្ថាប័ន​ទាំងមូល​នៅ​តែ​ចង់​រៀបចំ​ប្រដាល់​សាកល​ដើម្បី​បង្អួត​ភ្នែក​មហាជន ប៉ុន្តែ​បណ្ដាល​មក​ពី​មាន​ហេតុផល​មួយ​ចំនួន​ទើប​សម្រេចចិត្ត​លុប​ចោល​។

លោក​ថា ប្រដាល់​សាកល មិនសូវ​ទទួល​បានការ​គាំទ្រ​ណាស់ណា​នោះ​ទេ ដោយសារ​តែ​កីឡា​មួយ​នេះ តម្រូវ​ឱ្យ​ប្រកួត​ប្រើ​តែ​ដៃ ដែល​អ្នក​ទស្សនា​មិនសូវ​មើលឃើញ​ពី​ភាព​រស់​រវើក ។ លោក​ថា​ប្រដាល់សេរី ហាក់​ជាប់ចិត្ត​ជាង​នៅ​ក្នុង​ផ្នត់គំនិត​មហាជន ទើប​ធ្វើ​ឱ្យ​អ្នក​ស្នេហា​កីឡា​មួយ​នេះ មិន​ទទួលយក​កីឡា​ប្រដាល់​មួយ​ផ្សេង ដែល​លោក​ចង់​សំដៅលើ​ប្រដាល់​សាកល ដែល​មាន​ដង្ហើមរស់​ល្អ​តែ​មួយ​ឆាវ​ចុង​ក្រោយ​ក៏​ពិបាក ។

លោក​និយាយ​ថា​៖«​ខ្មែរ​យើង​ជាប់ចិត្ត​តែ​ប្រដាល់សេរី​ប្រើ​ដៃ​ប្រើ​ជើង ដល់​ឱ្យមក​មើល​សាកល​ប្រើ​តែ​ដៃ ហើយ​មាន​ដាក់​របាំង​ក្បាល​អី​ការពារ​ផង មើល​មិន​ចូល​ភ្នែក​ទេ អ៊ីចឹង​ហើយ​ទើប​យើង​ដំណើរការ​ប្រដាល់​សាកល​មិន​បាន ល្អ​»​។ លោក​ថា អ្នក​រៀបចំ​ការ​ប្រដាល់​រំពឹង​តែ​ការ​គាំទ្រ​ប៉ុណ្ណោះ ដូច្នេះ​បើ​ការ​គាំទ្រ​មិន​មាន​នោះ​អ្នក​ផ្ដល់​កញ្ចប់​ប្រាក់​ឱ្យ​រៀបចំ​កម្មវិធី​ក៏​មិន​ចង់​បោះទុន​ទៀត​ដែរ ទើប​រឹតតែ​ជា​សម្ពាធ​មិន​អាច​ឱ្យ​ប៉ុស្តិ៍​លេខ​៥​បន្ត​ការ​ប្រកួត​កីឡាប្រដាល់​មួយ​នេះ​បាន ។

លោក​នៅ​តែ​ចង់​ដំណើរការ​ប្រដាល់​សាកល ប៉ុន្តែ​បណ្ដាល​មក​ពី​ឧបសគ្គ​មួយ​ចំនួន​មិន​អាច​ឱ្យ​បន្ត​ទៅ​កើត ទើបបាន​ត្រឹមតែ​ប៉ង​ចង់​បង្កើត​វិញ តែ​មិន​អាច​ទៅ​រួច ។ ទោះបី​យ៉ាងណា​លោក​ទទូច​ចង់ឱ្យ​ប្រដាល់​សាកល​​មាន​វត្តមាន​គគ្រឹកគគ្រេង​គ្រប់​ប៉ុ​ស្តិ៍ ទើប​អាច​សាបព្រោះ​ផ្នត់គំនិត​អ្នក​មិន​ចូល​ចិត្តការ​ប្រដាល់​សាកល​ឱ្យ​ចាប់អារម្មណ៍​ច្រើន​ឡើង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍ បាន​អះអាង​ថា ស្ថាប័ន​របស់​លោក​ទើបតែ​សម្រេច​បិទ​ចោលការ​ប្រដាល់​សាកល​កាលពី​ពេល​កន្លង​ទៅ​ប៉ុណ្ណោះ ដោយសារ​តែ​ហេតុផល​ខ្វះ​ការ​គាំទ្រ និង​ខ្វះ​អ្នក​ឧបត្ថម្ភ​កម្មវិធី​តែ​ម្ដង ។ លោក​ថ្លែង​បញ្ជាក់​ថា ប្រដាល់សេរី ទោះបី​អ្នក​ប្រដាល់​ថ្មី​ក៏​មាន​អ្នក​ចង់​ទស្សនា ជា​ពិសេស​ប្រសិនបើ​កីឡាករ​ទាំង​ពីរ​វាយ​គ្នា​បាន​ល្អ​នៅ​លើ​សង្វៀន ។

លោក​ថា ហេតុផល​បិទ​ចោល​ប្រដាល់​សាកល គឺ​ដោយសារ​តែ​ពេល​ដាក់​ប្រកួត​ជាមួយ​ប្រដាល់សេរី គឺ​ស្ងាត់​សម្រាប់​ការ​គាំទ្រ​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​អ្នក​ឧបត្ថម្ភ​កម្មវិធី​សម្រេច​កាត់​ចោល​ចេញ​វិញ ខណៈ​ដែល​លោក​គ្រាន់តែ​ជា​អ្នកដឹកនាំ​កម្មវិធី ក៏​មិន​អាច​ធ្វើ​អ្វី​ដោយ​មិន​មើល​ទីផ្សារ​នោះ​ដែរ ទើប​ធ្វើ​ឱ្យ​ប្រដាល់​សាកល​មិន​អាចរ​ស់បាន​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ ។

លោក​និយាយ​ថា ប្រដាល់​សាកល​បើ​ទោះជា​ចង់​រៀបចំ​ជាប់លាប់ ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ ដោយសារ​តែ​ភាព​ជាក់ស្ដែង​កីឡាករ​ប្រដាល់​សាកល​ក៏​មិន​មាន​ច្រើន​នាក់​នោះ​ដែរ ធ្វើ​ឱ្យ​ការ​ផ្គូផ្គង​ម្ដង​ៗ​ពិបាក​ស្វែងរក​អ្នក​ប្រកួត​ឱ្យ​បាន​ល្អ​រៀង​រាល់​ស​ប្ដា​ហ៍ ។ លោក​និយាយ​ថា ប្រដាល់​សាកល​ពិបាក​ដើរ​ណាស់​សម្រាប់​ស្ថាប័ន​ទូរទស្សន៍ ដោយសារ​ទី​១ អ្នក​ទស្សនា​មិនសូវ​មាន​អ្នក​ចូល​ចិត្ត ទី​២ អ្នក​ឧបត្ថម្ភ កម្មវិធី​ទាមទារ​មិន​ឱ្យ​ដាក់ និង​ទី​៣ គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​កីឡាករ​ល្អ​ៗ​ដើម្បី​ប្រកួត​ទេ ទម្រាំ​បាន​ប្រកួត​រួច​មួ​យស​ប្ដា​ហ៍ គឺ​ពិបាក​ណាស់ ពេល​ខ្លះ​រើស​អ្នក​ប្រកួត​ឱ្យ​តែ​បាន​ទេ ទើប​ចង់​បន្ត​ក៏​ពិបាក ។

លោក​ថា ប្រដាល់​សាកល​បើ​បើក​ការ​ប្រកួត​យូរ​ៗ​ម្ដង ដូច​គណៈកម្មការ​ប្រដាល់​សាកល​រៀបចំ នោះ​ប្រកួត​បាន​ល្អ តែបើ​ឱ្យ​ប្រកួត​ប្រចាំ​ស​ប្ដា​ហ៍ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​ទើប​គេ​កត់​សម្គាល់ថា កីឡាករ​ប្រដាល់​សាកល​មិនសូវ​មាន​ទីផ្សារ ទើប​ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​សម្រេចចិត្ត​បោះបង់​​អាជីព​​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ