ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម?

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ កាលពី​ឆ្នាំ​១៩៥០ សេដ្ឋវិទូ Jacob Viner នៅ​សាកលវិទ្យាល័យ Princeton University បាន​និយាយ​ថា…

ទីក្រុង​តូ​ក្យូ ៖ កាលពី​ឆ្នាំ​១៩៥០ សេដ្ឋវិទូ Jacob Viner នៅ​សាកលវិទ្យាល័យ Princeton University បាន​និយាយ​ថា សហភាព​រួច​ពន្ធ​អាច​បង្កើត​ការ​ធ្វើ​ពាណិជ្ជកម្ម ព្រោះ​ការ​ទម្លាក់​ពន្ធ និង​ឧបសគ្គ​ពាណិជ្ជកម្ម​ដទៃ​អាច​បង្កើន​លំហូរ​ផលិតផល ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ដែរ​ថា សហភាព​នេះ​ក៏​អាច​បង្កើត​ជា​ការ​ប្តូរ​ទិស​ដៅ​ពាណិជ្ជកម្ម​បាន​ដែរ ព្រោះ​ប្រទេស​ដែល​មិន​នៅ​ក្នុង​សហភាព​នេះ​អាច​មើល​ឃើញ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ធ្លាក់​ចុះ ។ ដោយ​បង្កើន​ឧបសគ្គ​ពាណិជ្ជកម្ម​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ដូច​ជា​ប្រទេស​ចិន សហរដ្ឋអាមេរិក​កំពុង​តែ​ជួប​ហានិភ័យ ។

យោង​តាម Project Syndicate បាន​ឲ្យ​ដឹង​ថា គោលនយោបាយ « អា​មេ​រិ​ក​ទី​មួយ​» របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​ច្រើន​ជាង​ប្រទេស​ដទៃ ព្រោះតែ​ការ​ប្តូរ​ទិស​ដៅ​ពាណិជ្ជកម្ម ។

លើស​ពី​នេះ​ទៅ​ទៀត គោលនយោបាយ​ការពារ​និយម​នេះ​អាច​បង្ក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ការ​ដាក់​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​សរុប ប៉ះពាល់​ដល់​លំហូរ​ពាណិជ្ជកម្ម​ពិភពលោក និង​ការ​លូតលាស់​សេដ្ឋកិច្ច​ផង​ដែរ ។

បើ​ទោះជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​អាច​បង្ក​ជា​ផល​ប៉ះពាល់​ជា​ច្រើន​ពិតមែន​ក្តី ប្រទេស​ដែល​នៅ​បើក​ទូលាយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ជា សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន ឬ​កូរ៉េ​ខាងត្បូង អាច​នឹង​ទាញ​អត្ថប្រយោជន៍​បាន​យ៉ាងច្រើន ។

សង្គ្រាម​ពាណិជ្ជកម្ម​បាន​បង្ក​ឲ្យ​ការ​នាំ​ចេញពី​ប្រទេស​ជប៉ុន​ទៅ​កាន់​ប្រទេស​ចិន​កើនឡើង​ប្រមាណ​១៨,៣% ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ ដល់​ខែមីនា​ឆ្នាំ​២០១៨​កន្លង​មកនេះ​។ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ស្មើនឹង​ប្រមាណ​១៣៦​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ និង​ជិត​ស្មើ​ការ​នាំ​ចេញ​របស់​ជប៉ុន​ទៅ​កាន់​សហរដ្ឋអាមេរិក​ទៀត​ផង ។

លើស​ពី​នេះ​ទៀត ទិន្នន័យ​ដែល​បាន​ពី​ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ជប៉ុន​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ឆមាស​ទី​១​នា​ឆ្នាំ ២០១៨ បាន​កើនឡើង​ដល់​ទៅ​១៦,៤%​បើ​ធៀប​នឹង​ឆមាស​ទី​១​នា​ឆ្នាំ​២០០៧ ។ ផ្ទុយ​មក​វិញ ការ​នាំ​ចេញ​របស់​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​៨,៥%​តាំងពី​ឆ្នាំ ២០០៧ មក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ