ទីក្រុងហ្កាហ្សា៖ អ៊ីស្រាអែល និងហាម៉ាស់ស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញការរំលោភបទឈប់បាញ់។ អ៊ីស្រាអែលសន្យាថានឹងបើកច្រកទ្វារចេញចូលតំបន់រ៉ាហ្វា (Rafah) ឡើងវិញដែលស្ថិតនៅចន្លោះប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាដើម្បីអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនអាចចេញចូលបានងាយស្រួលជាងមុន។ ប៉ុន្តែអ៊ីស្រាអែលមិនទាន់កំណត់ថានឹងបើកនៅពេលណាទេដោយលើកហេតុផលថាក្រុមហាម៉ាស់បានរំលោភបទឈប់បាញ់។
ចំណុចមួយដែលអ៊ីស្រាអែលមិនពេញចិត្តនៅត្រង់ថាហាម៉ាស់ប្រគល់សាកសពមិនទាន់ពេលវេលា។ សូម្បីតែរហូតមកដល់ពេលនេះ សាកសពចំណាប់ខ្មាំង១ចំនួននៅតែស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស់នៅឡើយ។ ហេតុនេះធ្វើឱ្យគេកំពុងព្រួយបារម្ភថាបទឈប់បាញ់ដ៏ផុយស្រួយនោះអាចនឹងបរាជ័យទាំងកណ្ដាលទី ហើយអាចនឹងនាំឱ្យកើតមានសង្គ្រាមសាជាថ្មី។
នេះគ្រាន់តែចំណុចតូចមួយប៉ុណ្ណោះ។ ក្រៅពីនេះនៅមានបញ្ហាសំខាន់ៗដទៃទៀតដែលមិនទាន់ដោះស្រាយ។ ឧទាហរណ៍ ការកាត់រំសាយអាវុធរបស់ក្រុមហាម៉ាស់ និងជោគវាសនានៃតំបន់ហ្កាហ្សាត្រូវគ្រប់គ្រងដោយរបៀបណា ឬដោយក្រុមណា។ អ៊ីស្រាអែលបញ្ជាក់ថាខ្លួនមិនសុខចិត្តជាដាច់ខាតបើក្រុមហាម៉ាស់វិលទៅគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញ។ ប៉ុន្តែទន្ទឹមនឹងការនិយាយបែបនេះ ក្រុមហាម៉ាស់ចាប់ផ្ដើមពង្រឹងកម្លាំងរបស់ខ្លួនជាបណ្ដើរៗហើយ។
ជាថ្មីម្ដងទៀត អ៊ីស្រាអែលទាមទារឱ្យហាម៉ាស់គោរពឱ្យបានពេញលេញទៅតាមការសន្យារបស់ខ្លួនដែលថានឹងប្រគល់សាកសពចំណាប់ខ្មាំងសរុប២៨នាក់ដែលនៅសេសសល់ចុងក្រោយ។ រហូតមកដល់ពេលនេះ ហាម៉ាស់អះអាងថាខ្លួនបានប្រគល់សាកសពជាងដប់នាក់ទៅឱ្យអ៊ីស្រាអែល។ ប៉ុន្តែអ៊ីស្រាអែលអះអាងថាសាកសពម្នាក់មិនមែនជាចំណាប់ខ្មាំងទេ។
អ្នកនាំពាក្យអ៊ីស្រាអែលថ្លែងថាយើងមិនបន្ធូរដៃជាដាច់ខាតនៅក្នុងបញ្ហានេះ។ យើងនៅតែទាមទារយ៉ាងទទូចឱ្យហាម៉ាស់ប្រគល់សាកសពគ្រប់ចំនួនទើបយើងអស់ចិត្ត។ ក្រុមប្រដាប់អាវុធដែលជាសាខារបស់ក្រុមហាម៉ាស់ថ្លែងថាបើចង់បានសាកសពបន្ថែមទៀតលុះត្រាតែអ៊ីស្រាអែលផ្ដល់គ្រឿងចក្រធុនធ្ងន់ និងអេស្កាវ៉ាទ័រ។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ចោទប្រកាន់ថាអ៊ីស្រាអែលរំលោភបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត។ ពួកគេ (អ៊ីស្រាអែល) ទើបតែបាញ់សម្លាប់មនុស្ស២៤នាក់ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ ហាម៉ាស់បានរៀបរាប់ប្រាប់ក្រុមប្រទេសអន្តរការីនូវការរំលោភបទឈប់បាញ់ជាច្រើនករណីដែលប្រព្រឹត្តឡើងដោយអ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ