រាជធានីភ្នំពេញ៖ ផ្លូវជាតិលេខ ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្តមួយចំនួន។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែតុលានេះ បានចាត់ទុកថាផ្លូវជាតិលេខ ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣១ និងផ្លូវជាតិ ៣៣។
បើតាមក្រសួង, ផ្លូវនេះថែមទាំងឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជាកំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្ម កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន ៩៥,២៦គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ