ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទី​ប្រឹក្សា​លោក​ត្រាំ​ជាប់​ចោទ​១៨​ករណី​ពីបទកាន់​​កាប់ និង​បញ្ចេញ​ឯក​សារ​សម្ងាត់

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អតីត​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោក​ត្រាំ​កាល​ពី​អាណត្តិ​ទី​មួយ លោក​ចន​បូល​តុន (John Bolton) ត្រូវ​បាន​ចោទ​ប្រកាន់​​នៅ​ក្នុង​តុលាការ​​រដ្ឋ​ម៉ារីលែន (Maryland) ពី​បទ​បញ្ចេញ​ឯក​សារ​សម្ងាត់​របស់​ជាតិ​​ពាក់​ព័ន្ធ​នឹង​វិស័យ​យោ​ធា​។ លោក​បូល​តុន​ត្រូ​វបាន​ចោទ​ប្រកាន់​​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចេញ​ឯក​សារ​សម្ងាត់​យោធា​ចំនួន​៨​ករណី​ និង​ពី​បទ​​​​កាន់​កាប់​ឯក​សារ​យោធា​ចំនួន​១០​ករណី​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អតីត​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោក​ត្រាំ​កាល​ពី​អាណត្តិ​ទី​មួយ លោក​ចន​បូល​តុន (John Bolton) ត្រូវ​បាន​ចោទ​ប្រកាន់​​នៅ​ក្នុង​តុលាការ​​រដ្ឋ​ម៉ារីលែន (Maryland) ពី​បទ​បញ្ចេញ​ឯក​សារ​សម្ងាត់​របស់​ជាតិ​​ពាក់​ព័ន្ធ​នឹង​វិស័យ​យោ​ធា​។ លោក​បូល​តុន​ត្រូ​វបាន​ចោទ​ប្រកាន់​​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចេញ​ឯក​សារ​សម្ងាត់​យោធា​ចំនួន​៨​ករណី​ និង​ពី​បទ​​​​កាន់​កាប់​ឯក​សារ​យោធា​ចំនួន​១០​ករណី​។ ទង្វើ​ទាំង​នេះ​​ត្រូវ​ចាត់​ទុក​ជា​ការ​រំលោភ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​នឹង​អំពើ​ចារកម្ម​។

បទ​ចោទ​ប្រកាន់​នី​មួយ​ៗ​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​មែន​អាច​ឱ្យ​លោក​ចន​បូល​តុន​​ជាប់​ពន្ធនា​គារ​១០​ឆ្នាំ​។ មេធាវី​របស់​លោក​បូល​តុន​ថ្លែង​ថា​កូន​ក្ដី​របស់​ខ្លួន​ (លោក​បូលតុន) មិន​បាន​ចែក​រំលែក​ ឬ​រក្សា​ទុក​ព័ត៌​មាន​ដោយ​ខុស​ច្បាប់​នោះ​ទេ​។ លោក​បូល​តុន​ធ្លាប់​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ជា​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ប្រចាំ​សេត​វិមាន​។

បន្ទាប់​មក​ លោកត្រូវ​លោក​ត្រាំ​បណ្ដេញ​ចេញ​ពី​តំណែង​ដោយ​សារ​មាន​ទស្សនៈ​ផ្សេង​គ្នា​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ចរ​ចា​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។ ក្រោយ​មក​ លោក​បូល​តុន និង​លោក​ត្រាំ​ក្លាយ​ជា​គូ​បដិ​បក្ខ​ដ៏​ជូរ​ចត់​។ លោក​បូលតុន​ដើរ​រិះ​គន់​នយោបាយ​របស់​លោក​ត្រាំ​យ៉ាង​ចាស់​ដៃ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​វេទិកា​សា​ធារណៈ​។ នៅ​ក្នុង​សៀវ​ភៅ​រំលឹក​អនុ​ស្សាវ​រីយ៍​របស់​លោក​ អតីត​ទី​ប្រឹក្សា​រូប​នេះ​ចាត់​ទុក​លោក​ត្រាំ​ជា​មនុស្ស​​ដែល​​គ្មាន​គុណ​វុឌ្ឍិ​គ្រប់​គ្រាន់ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​ទេ​​។

ការ​ចោទ​ប្រកាន់​លោក​បូល​តុន​លើក​នេះ​កើត​ឡើង​២​ខែ​បន្ទាប់​ពី​ភ្នាក់​ងារ​អែហ្វ​ប៊ី​អាយ​ចូល​ឆែក​ឆេរ​ផ្ទះ​ និង​ការិយាល័យ​របស់​លោក​ដើម្បី​ស្វែង​រក​ភស្តុ​តាង​ដាក់​បន្ទុក​ចំពោះ​ករណី​សង្ស័យ​ថា​លោក​រំលោភ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ចារកម្ម​។ ច្បាប់​នេះ​ចែង​ថា​រាល់​ការរក្សា​ទុក​ ចែក​ចាយ​ និង​ដាក់​តាម​ខ្លួន​នូវ​ឯក​សារ​សម្ងាត់​ស្ដី​ពី​វិស័យ​ការ​ពារ​ជាតិ​ត្រូវ​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​។

នៅ​ក្នុង​គេហ​ដ្ឋាន​របស់​លោក​បូល​តុន​ប្រចាំ​រដ្ឋ​ម៉ារីលែន​ អែហ្វ​ប៊ីអាយ​រឹប​អូស​បាន​ទូរ​ស័ព្ទ​ដៃ​២​គ្រឿង​, សំណុំ​ឯក​សារ​មួយ​ចំនួន​ដែល​ដាក់​​ឈ្មោះ​លោក​ត្រាំ និង​កម្រង​ឯក​សារ​ជា​លក្ខណៈ​សេចក្ដី​ថ្លែង​ការណ៍​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​។ នៅ​ពេល​ចូល​ឆែក​ឆេរ​នៅ​ការិយាល័យ​របស់​លោ​កបូល​តុន អែហ្វ​ប៊ី​អាយ​រក​ឃើញ​សំណុំ​ឯក​សារ​ដែល​ដាក់​ផ្លាក​ថា​ «ឯក​សារ​សម្ងាត់​ផ្ទៃ​ក្នុង​»។ ក្នុង​នោះ​មាន​ឯក​សារ​ស្ដី​ពី​អាវុធ​មហា​ប្រល័យ​, បេសក​កម្ម​របស់​អាមេរិក​​នៅ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ឯក​សារ​ដទៃ​ទៀត​ពាក់​ពន្ធ​នឹង​ប្រព័ន្ធ​ទំនាក់​ទំនង​ជា​យុទ្ធ​សាស្ត្រ​របស់​រដ្ឋាភិបាល​អាមេរិក​។

​នៅ​ក្នុង​តុលាការ​ លោក​បូល​តុន​ត្រូវ​បាន​ចោទ​ប្រកាន់ថា​បាន​បញ្ជូន​ព័ត៌​មាន​សម្ងាត់​តាម​អ៊ីមែល​ផ្ទាល់​ខ្លួន​, ប្រើ​ប្រាស់​គណ​នី​​​ឯក​ជន​ដើម្បី​បញ្ជូន​ឯក​សារ​សម្ងាត់​បំផុត​របស់​ជាតិ​ និង​រក្សា​ទុក​ឯក​សារ​ស៊ើប​ការណ៍​សម្ងាត់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​។ លោក​បូល​តុន​ត្រូវ​បាន​ចោទ​ប្រកាន់​បន្ត​ទៀត​ថា​លោក​បាន​ចែក​រំលែក​​ទៅ​កាន់​សាច់​ញាតិ​របស់​​លោក​​នូវ​ព័ត៌​មាន​សម្ងាត់​​កម្រាស់​ជាង​មួយ​ពាន់​ទំព័រ​ពាក់​ព័ន្ធ​នឹង​ការ​បំពេញ​ការ​ងារ​របស់​រដ្ឋាភិបាល​អាមេរិក​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ