ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​​ហើយ​ដែល​មន្ត្រី​ជំនាញ​ចុះ​សិក្សាស្រាវជ្រាវ​លម្អិត​ពី​ក្បាច់គុន​ល្បុក្ក​តោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ល្បុក្កតោ គឺជា​ក្បាច់ គុន​របស់​ខ្មែរ​ដែល​ដូនតា​ជំនាន់​មុន​បន្សល់​ទុក​ឱ្យ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ប្រជា​ពល​រដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ទាន់​ដឹង​ច្បាស់​ពី​ក្បាច់គុន​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ​ទេ ទើប​សហព័ន្ធ​កីឡា​ល្បុក្កតោ នៅ​ដើមឆ្នាំ​២០១៩​នេះ​បាន​ដាក់​ចេញ​នូវ​ផែនការ​ដ៏​សំខាន់​មួយ ដោយ​សហ​ការ​ជាមួយ​ស្ថាប័ន​ជំនាញ…

រាជធានី​ភ្នំពេញ ៖ ល្បុក្កតោ គឺជា​ក្បាច់ គុន​របស់​ខ្មែរ​ដែល​ដូនតា​ជំនាន់​មុន​បន្សល់​ទុក​ឱ្យ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ប្រជា​ពល​រដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ទាន់​ដឹង​ច្បាស់​ពី​ក្បាច់គុន​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ​ទេ ទើប​សហព័ន្ធ​កីឡា​ល្បុក្កតោ នៅ​ដើមឆ្នាំ​២០១៩​នេះ​បាន​ដាក់​ចេញ​នូវ​ផែនការ​ដ៏​សំខាន់​មួយ ដោយ​សហ​ការ​ជាមួយ​ស្ថាប័ន​ជំនាញ ចុះ​សិក្សា​ស្រាវ​ ជ្រាវ​ជំហាន​ដំបូង​នៅ​ក្នុង​ខេត្ត​ចំនួន​១២​ដើម្បី​ស្វែងរក​ការ​ពិត​ក៏​ដូច​ជា​ចំណុចកណ្ដាល​ដោយ​​សារ​យើង​ចង់បាន​ភាព​ជាក់លាក់​របស់​ក្បាច់​ គុន​មួយ​នេះ​ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​តំបន់ មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។

លោក អ៊ុ​ក តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​ថា សហព័ន្ធ​បាន​រៀបចំ​គម្រោង​ចុះ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​អំពី​ប្រវត្តិ​ក្បាច់គុន​ល្បុក្កតោ​ពី​លោកគ្រូ​គុន​នៅ​តាម​បណ្ដា​ខេត្ត​នីមួយ​ៗ ដោយ​ជំហាន​ដំបូង​យើង​គ្រោង​ធ្វើ​នៅ​ខេត្ត​ចំនួន​១២ ដើម្បី​ចង់​ដឹង​ថា តើ​ពួក​គាត់​មាន​ទស្សនៈ​​ខុស​គ្នា​បែប​ណា និង​ប្រវត្តិ​នៃ​ការ​ផ្ទេរ​​ចំណេះដឹង​ទៅ​ដល់​អ្នក​បន្តវេន​យ៉ាងដូចម្ដេច​។

គោលដៅ​ចម្បង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​គឺ​ ធ្វើ​ឡើង​ទូ​ទាំង​២៤​ខេត្ត​ក្រុង​តែ​ម្ដង​ប៉ុន្តែ​ជំហាន​ដំបូង​យើង​ធ្វើ​ត្រឹមតែ​១២​ខេត្ត​ក្រុង​ប៉ុណ្ណោះ រួម​មាន​ខេត្តតាកែវ កំពត សៀមរាប បាត់ដំបង កណ្ដាល កំពង់ធំ កំពង់ចាម កំពង់ស្ពឺ ឧត្តរមានជ័យ ស្វាយ​រៀង កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ។ ក្នុង​ចំណោម​១២​ខេត្ត​ក្រុង នេះ​យើង​ចែក​ចេញ​ជា​៦​ដំណាក់កាល ហើយ​ ដំណាក់កាល​នីមួយ​ៗ​ធ្វើ​នៅ​ខេត្ត​ចំនួន​២​។

លោក​ថា គោលបំណង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ដើម្បី​គាស់កកាយ​វីរភាព​និង​ស្នាដៃ របស់​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ល្បុក្កតោ​នៅ​តាម​តំបន់​ទាំងនោះ ថា​តើ​មាន​ភាព​ខុស​គ្នា​បែប​ណា​។

លោក​បញ្ជាក់​ថា ជា​ទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​បានដឹង​ច្បាស់​ថា ក្បាច់គុន​ល្បុក្កតោ​ជា​របស់​ខ្មែរ​យើង​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ពី​ក្បាច់គុន​មួយ​នេះ ព្រោះ​បើ​តាម​ដឹង​ក្បាច់គុន​មួយ​នេះ មាន​ភាព​ខុស​ប្លែក​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ហើយ​ការ​អនុវត្ត​ក៏​ខុស​គ្នា​ដែរ ។ ដូច្នេះ​ហើយ​បានជា​សហព័ន្ធ​ត្រូវ​តែ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ ចុះ​សិក្សា​ស្រាវជ្រាវ​រក​ការ​ពិត ដើម្បី​មូលមតិ​គ្នា​រក​ចំណុចកណ្ដាល ក៏​ដូច​ជា​ភាព​ជាក់លាក់​របស់​ក្បាច់គុន​មួយ​នេះ​ផង​ដែរ​។

លោក អ៊ុ​ក តារា បន្ត​ថា ការ​បង្កើត​ឱ្យ​មាន​គម្រោង​ចុះ​សិក្សា​ស្រាវជ្រាវ​ក្បាច់គុន​ ល្បុក្កតោ​នៅ​ដើមឆ្នាំ​២០១៩​នេះ ដើម្បី​ផ្សព្វផ្សាយ​ដល់​មហាជន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ថា​តើ​ធាតុ​ពិត​នៃ​ក្បាច់គុន​ល្បុក្កតោ​វា​មាន​ប្រភព មកពីណា និង​មាន​ក្បាច់​អ្វីខ្លះ ។ ការ​ចុះ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​ថត​ជា​វី​ដេ​អូ​ស្ដី​ពី​សកម្មភាព​បង្ហាញ​ក្បាច់គុន​របស់​ព្រឹទ្ធាចារ្យ​នៅ​តាម​តំបន់​នីមួយ​ៗ​ដើម្បី​ទុកជា​ឯកសារ​ទៅ​តាម​អ្វី​ដែល​ពួក​គាត់​យល់​ឃើញ និង​ការ​ផ្ទេរ​វិជ្ជា​គុន​នេះ​ដល់​អ្នក​បន្តវេន ។

ទាំង​អស់នេះ​ជា​គោលដៅ​សំខាន់​ដែល​អង្គការ​យូ​ណេ​ស្កូ​ចង់បាន ហើយ​ក៏​ជា​ការ​បំពេញ​លក្ខខណ្ឌ​ដ៏​ជាក់​លាក់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ ។ ចំណុច​​សំខាន់​នៃ​ការ​ចុះ​បេសកកម្ម​សិក្សា​ស្រាវជ្រាវ​ក្បាច់គុន​ល្បុក្កតោ​នេះ​មិន​ផ្ដោត​សំខាន់​ទៅ​លើ​បច្ចេក​ទេស​នោះ​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា ក្បាច់គុន​របស់​ខ្មែរ​យើង​មាន​ភាព​សម្បូរ​បែប មានកា​រវិ​វ​ឌ្ឍ​ទៅ​តាម​សម័យកាល ។ អ្វី​ដែល​សំខាន់​គឺ​ទី​១​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​ឱ្យ​ពួក​គាត់​មានការ​គាំទ្រ​ក្បាច់គុន​ល្បុក្កតោ​ទូលំទូលាយ ទី​២-​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ទី​៣-​ការ​ផ្ទេរ​ចំណេះដឹង​និង​ការ​បន្តវេន ដើម្បី​ឱ្យ​កាន់តែ​មាន​ទម្ងន់​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ