ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុង ​ស៊ីណា​ ​និង​ ​ឆាំ ​រ៉ែម​​ ត្រូវ​​ការ​ឈ្នះ​​ដូច​​គ្នា​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​អាទិត្យ​ ទី​២១ កក្កដា​ខាងមុខ​នេះ​ ការ​ប្រកួត​កីឡាប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ K-cement ក្នុងប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ CTN សម្រាប់​ពូល​A អ៊ុង ស៊ីណា​ មក​ពី​ក្លិប​ផ្សារ​បឹង​ទំពុន​ ត្រូវ​ប្រកួត​ជាមួយ​ ឆាំ រ៉ែម​ មក​ពី​ក្លិប​សិង្ហ​កីឡា​ ។​ រវាងគូ​នេះ​ទើប​តែ​ប្រកួតបាន​១​លើក​ម្នាក់​ប៉ុណ្ណោះ​

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​អាទិត្យ​ ទី​២១ កក្កដា​ខាងមុខ​នេះ​ ការ​ប្រកួត​កីឡាប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ K-cement ក្នុងប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ CTN សម្រាប់​ពូល​A អ៊ុង ស៊ីណា​ មក​ពី​ក្លិប​ផ្សារ​បឹង​ទំពុន​ ត្រូវ​ប្រកួត​ជាមួយ​ ឆាំ រ៉ែម​ មក​ពី​ក្លិប​សិង្ហ​កីឡា​ ។​ រវាងគូ​នេះ​ទើប​តែ​ប្រកួតបាន​១​លើក​ម្នាក់​ប៉ុណ្ណោះ​ ក្នុងនោះ​ អ៊ុង ស៊ីណា​ ត្រូវ​ ម៉ន វិរៈ​ មក​ពី​ក្លិប​វិស្វកម្ម​បច្ចេក​ទេស​ទ័ព​ជើង​គោក​ព្រែ​ក​ឯង​​ វាយ​ឱ្យ​សន្លប់​នៅ​ក្នុងទឹក​ទី​៣​ រី​ឯ​ ឆាំ រ៉ែម​ ឈ្នះ​ពិន្ទុ​ ចាន់ រតនៈ​ មក​ពី​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ ​ទើប​លើក​នេះ​ អុ៊ង​ ស៊ីណា ត្រូវ​ការ​ឈ្នះ​ឱ្យ​ខាង​តែ​បាន​ ព្រោះ​បើ​សិន​ជា​ចាញ់​ម្តង​ទៀត​នោះ​ ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ គឺ​មាន​តិច​បំផុត​ ។

ទោះ​បី​យ៉ាង​ណា​ អ៊ុង ស៊ីណា​ ប៉ះ ឆាំ រ៉ែម​ លើក​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ព្រោះ​អី​ ឆាំ រ៉ែម​ ល្អ​ទាំង​ព្រម​ទាំង​ចលនា​វាយ​ចេញ គឺ​មាន​ភាព​រហ័ស​រហួន​ និង​មាន​ចិត្ត​សឿង​ទៀត​ផង​ ជាពិសេស​ស្នៀត​ជើង​របស់​គេ​ពេល​ទាត់​ចេញ​ម្តងៗ​ មិន​ត្រឹមតែ​មាន​ទម្ងន់​ធ្ងន់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ប្រសិទ្ធ​ភាព​ ពោល​គឺ​ភាគ​ច្រើន​មិន​សូវ​ខុស​គោល​ដៅ​ ។​ ចំណែក​ អ៊ុង​ ស៊ីណា វិញ​ មាន​ចិត្ត​សឿង​គួរ​សម​ គ្រាន់​តែ​រាល់​ការ​វាយ​ចេញ​របស់​គេ​ច្រើន​តែ​មាន​ភាព​ប្រថុយប្រថាន​បន្តិច រី​ឯ​ការ​ការពារ​ក៏​មិន​សូវ​បាន​ល្អ​ថែម​ទៀត​ ។

លើក​នេះ​គេមិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ​ ព្រោះ​ ឆាំ រ៉ែម​ ក៏​មិន​បណ្តោយ​ឱ្យ​ចាញ់​នោះ​ដែរ​ ព្រោះ​បើ​សិន​ជា​គេ​ឈ្នះ​លើក​នេះ​ទៀត​ នឹង​អាច​ឡើង​ទៅ​ប្រកួត​នៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​ ។​ រី​ឯ​គូ​ប្រកួត​មិត្តភាព​ប្រចាំ​សប្តាហ៍​នេះ​មាន​កីឡាករ​ ចាន់​ សំអាង​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ ជួប​ជា​មួយ​កីឡាករ​ យ៉ត​ យ៉ុម​ មក​ពី​ក្លិប​នាគ​រាជ​គុន​ខ្មែរ​ ។​ កីឡាករ​ ខឹម រតនី​ មក​ពី​ក្លិប​ទី​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ ជួប​ជាមួយ​កីឡាករ​ ម៉ាន់​ សម្បត្តិ​ មក​ពី​ក្លិប​បាត់​ដំបង​ពាយ័ព្យ ។​ 

កីឡាករ​ ហុឹម​ សេរី​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ជួប​ជា​មួយ​កីឡាករ​ ទូច សក្តិ​ មកពី​ក្លិប​រស្មី​កុមារ​កំព្រា។​ កីឡាករ​ សូ សុផាត​ មក​ពី​ក្លិប​តោ​មាស​កីឡា​ ប្រកួត​ជា​លក្ខណៈ​ប្រដាល់​សាកល​អាជីព​ជា​មួយ​កីឡាករ​ Reymi Aselllano មក​ពី​ក្លិប​អារុណ​រះ​កីឡា ។​ កីឡាករ​ ជ័យ វណ្ណៈ​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ ខេត្ត​ពោធិ៍សាត់​ ជួប​ជា​មួយ​កីឡាករ​ ជិន រ៉ា​ មក​ពី​សមាគម​កីឡា​ប្រដាល់​​ក្រសួង​ការពារជាតិ​ និង​គូ​ចុង​ក្រោយ​កីឡាករ​ វឿត​ ប៊ុន​ឌឿន​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ជួប​ជាមួយ​កីឡាករ ផាន់​ សារុន មក​ពី​ក្លិប​ព្រះ​ខ័ន​រាជនៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ៕​