ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ស្នើ​ដល់​អ្នក​រៀបចំ​ផ្តល់​តម្លៃ​ខ្លួន​កីឡាករ​ថ្នាល​ចាប់ពី​២០​ម៉ឺន​រៀល​ឡើង

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ឯកឧត្តម ខូ​វ ឆាយ បាន​ស្នើ​ឱ្យ​ម្ចាស់​កម្មវិធី ឬ​ម្ចាស់​សង្វៀន​រៀបចំ​ការ​ប្រកួត​កម្រិត​ថ្នាល គួរ​ណាស់​ផ្តល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​ថ្នាល​ចាប់ពី​២០​ម៉ឺន​រៀល​ឡើង​ទៅ ដើម្បី​រួមចំណែក​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចូលរួម​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​បាន​កាន់តែ​ច្រើន…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ឯកឧត្តម ខូ​វ ឆាយ បាន​ស្នើ​ឱ្យ​ម្ចាស់​កម្មវិធី ឬ​ម្ចាស់​សង្វៀន​រៀបចំ​ការ​ប្រកួត​កម្រិត​ថ្នាល គួរ​ណាស់​ផ្តល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​ថ្នាល​ចាប់ពី​២០​ម៉ឺន​រៀល​ឡើង​ទៅ ដើម្បី​រួមចំណែក​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចូលរួម​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​បាន​កាន់តែ​ច្រើន ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​ដល់​កីឡាករ​ថ្នាល ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​។

ការ​លើក​ឡើង​បែប​នេះ ដោយសារ​ឯកឧត្តម ខូ​វ ឆាយ បាន​ទទួល​ដំណឹង​មក​ថា មាន​ម្ចាស់​កម្មវិធី​ថ្នាល​មួយ​ចំនួន បាន​ផ្តល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​ថ្នាល​ក្នុង​កម្រិត​ក្រោម​១០​ម៉ឺន​រៀល​ក្នុង​មួយ​ប្រកួត ដែល​មិន​អាច​ឱ្យ​ពួក​គេ​សល់​ថវិកា សម្រាប់​យក​ទៅ​ជួយ​ដល់​គ្រួសារ​នោះ​ទេ ព្រោះ​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​ត្រូវ​ចំណាយ​ច្រើន​។

ឯកឧត្តម ខូ​វ ឆាយ បាន​បង្ហោះ​សារ​បែប​នេះ​ថា​៖ «​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​និង​កំពុង​រៀបចំ​ការ​ប្រកួត​ថ្នាល​គុន​ខ្មែរ ប្រចាំ​ស​ប្តា​ហ៍ នៅ​សង្វៀន​ឯក​ភ្នំ ខេត្តបាត់ដំបង និង​សង្វៀន​ផ្សារ​រាត្រី​៦០​ម៉ែត្រ ខេត្តសៀមរាប ព្រមទាំង​សង្វៀន​ថ្នាល​ចល័ត តាម​បណ្តា​ខេត្ត ក្រុង ស្រុក​នានា​ទូ​ទាំង​ប្រទេស សឹងតែ​រៀង​រាល់​ស​ប្តា​ហ៍ ដោយ​បាន​ឧបត្ថម្ភ​តម្លៃ​ខ្លួន​កីឡាករ កីឡាការិនី ថ្នាល​ចាប់​២០​ម៉ឺន​រៀល​ឡើង រហូត​ដល់​៤០​ម៉ឺន​រៀល ទៅ​តាម​កម្រិត​អាយុ​។

បន្ថែម​លើ​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​មានការ​ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​ទ្រទ្រង់​ក្លិប​គ្រប់​ៗ​គ្នា ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព និង​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ថ្នាល​យើង ឱ្យ​ងាក​មក​ចូលរួម​ហ្វឹកហាត់​កីឡាប្រដាល់​គុន​ខ្មែរ​កាន់តែ​ច្រើន​។

ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំបាទ​ក៏​សូម​សំណូមពរ​ដល់​ម្ចាស់​កម្មវិធី​ថ្នាល​ដទៃ​ទៀត សូម​ផ្តល់​តម្លៃ​ខ្លួន​កីឡាករ កីឡាការិនី​ថ្នាល​ឱ្យ​បាន​សមរម្យ ទៅ​តាម​កម្រិត​នីមួយ​ៗ គួរតែ​យ៉ាងតិច​ចាប់ពី​២០​ម៉ឺន​រៀល​ឡើង ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ថ្នាល​យើង​ផង ។ កូន​គេ​កូន​យើង គួរ​ឱ្យ​អាណិត​ណាស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ