ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ អបអរ​ខួប​លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវ​រី​យ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណា​ចក្រ​ថៃ បាន​ចាប់ផ្តើម​ហើយ​នា​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវ​រី​យ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណា​ចក្រ​ថៃ បាន​ចាប់ផ្តើម​ហើយ​នា​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​លើក​ទី​១ ក្រុមបាល់ទាត់​គុន​ខ្មែរ ឈ្នះ​ក្រុមបាល់ទាត់ MUAYTHAI ១​គ្រាប់ ហើយ​ការ​ប្រកួត​លើក​ទី​២​វិញ ក្រុមបាល់ទាត់​តារា​ថៃ ឈ្នះ​ក្រុមបាល់ទាត់​តារា​កម្ពុជា​១​គ្រាប់​វិញ​។

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ា​រីត សា​រៀម​ផុ​ង្ស រដ្ឋមន្ត្រី​ការ​បរទេស​នៃព្រះរាជាណាចក្រ​ថៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រថៃ និង​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាតំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុនម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ក្នុងថ្ងៃនេះ ពិតជា​បាន​រួមចំណែក​បន្ថែម​ទៀត ក្នុង​ការ​ស្វែងរក​កាលានុវត្តភាព​ថ្មី​ៗ សម្រាប់​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ដៃគូ​យុទ្ធសាស្ត្រ​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ផ្លែផ្កា ។

ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​បន្ត​ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​១៩៥០ ហើយ​ទំនាក់ទំនង​នេះ ត្រូវ​បាន​ប្រទេស​យើង​ទាំង​ពីរ ពង្រឹងពង្រីក​កាន់តែ​រឹង​មាំ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និង​សន្តិសុខ ព្រមទាំង​ការ​ចង​ភ្ជាប់​មេត្រីភាព រាជធានី​ភ្នំពេញ រាជធានី​បាងកក​ថែម​ទៀត​ផង ។

ផ្តើម​ចេញពី​ទំនាក់ទំនង​ការទូត​រយៈពេល​៧៥​ឆ្នាំ​កន្លង​ទៅ​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ និង​ទីក្រុង​សម្ព័ន្ធមេត្រីភាព​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ស្អិតរ​មួ​ត​លើ​គ្រប់វិស័យ ជា​ពិសេស​ក្រោម​អាណត្តិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ថា​ក់ស៊ី​ន​ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ។

ឯកឧត្តម​បន្ត​ថា ជាមួយគ្នា​នេះ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ត្រូវ​បាន​ដំឡើង​ពី​កម្រិត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រហូត​ដល់​កម្រិត​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ ឆ្នាំ​២០២៤ នា​ឱកាស​នៃ​ដំណើរ​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ឯកឧត្តម ឃួ​ង ស្រេង បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​ក្រោម​ការ​ពូន​ជ្រុំ​ថែទាំ​យ៉ាង​ដិត​ដល់​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ទំនាក់​ទំនងជា​ប្រពៃណី រវាង​ប្រទេស​យើង​ទាំង​ពីរ កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ព្រមទាំង​បាន​នាំ​មក​នូវ​គុណប្រយោជន៍ សម្រាប់​ប្រទេស​ជាតិ រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំ​ពីរ ក្នុង​ន័យ​ស្មើ​សិទ្ធិ ស្មើភាព និង​ឧបត្ថម្ភ​គាំទ្រ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ ទាំង​ក្នុង​ក្រប​ខណ្ឌ​ប្រទេស និង​ក្នុង​ក្រប​ខណ្ឌ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សម្រាប់​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង​ការទូត​ទ្វេភាគី និង​កិច្ច​ប្រតិបត្តិការ រដ្ឋបាល ឈាន​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។

ឯកឧត្តម ឃួ​ង ស្រេង បញ្ជាក់​បន្ថែម​ថា ការ​ប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ នេះ មិន​ត្រឹមតែ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត សម្រាប់​ការ​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ជា​កា​រត​ភ្ជាប់​រវាង​កីឡាករ កីឡាការិនី សិល្បករ សិល្ប​ការិនី កម្ពុជា​-​ថៃ ដើម្បី​ឈាន​ទៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព សាមគ្គីភាព សម្រាប់
ជា​គុណប្រយោជន៍ នៃ​ប្រទេស​យើង​ទាំង​ពីរ ក្នុង​ស្មារតី ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ​យ៉ាង​ពិតប្រាកដ ។

ឯកឧត្តម ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស រដ្ឋមន្ត្រីការ​បរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាល់​ក្នុង​ឱកាស​នេះ រៀបចំ​ឡើងដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​និង​ដើម្បី
ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​នៃ​ប្រទេស​ទាំង​ពីរ​ក្នុងការ​ពង្រឹង​មិត្តភាព​អោយ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ