រាជធានីភ្នំពេញ ៖ ចាត់ទុកជារឿងចម្លែកនិងអបអរផងដែរក្នុងពិភពបាល់ទាត់ដែលប្រធានក្លិបបាល់ទាត់ចូលរួមប្រកួតក្នុងនាមកីឡាករប្រចាំក្លិបអាចរកគ្រាប់បាល់បានទៀតផងនោះគឺលោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ ។ ការរកគ្រាប់បាល់បានដំបូងនៅក្នុងការប្រកួតសប្ដាហ៍ទី២៥ នៃលីគកំពូលកម្ពុជា Cambodian Premier League កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៥ នៅកីឡដ្ឋាន
អេអាយអេ ខេអឹមអេចផាក ក្នុងជំនួបជាមួយក្រុមក្រសួងមហាផ្ទៃ ធ្វើឱ្យក្ដីស្រមៃបង្កើតកំណត់
ត្រាពិភពលោកក្នុងនាមម្ចាស់ក្លិបរកគ្រាប់បាល់បញ្ចូលទីរបស់លោកកាំង សេន ក្លាយជាការពិត។
លោក កាំង សេន បាននិយាយថា លោកបានដាក់គោលដៅចង់ទាត់ចូលក្នុងការប្រកួត នៃលីគកំពូលកម្ពុជា ដើម្បីសម្រេចក្តីស្រមៃបំបែកកំណត់ត្រា Guinness World Record ។ ប្រសិន
គ្រាប់បាល់របស់លោកនឹងកើតមាន លោកនឹងមានអ្វីមួយធំ និងភ្ញាក់ផ្អើល ជូនអ្នកគាំទ្រ គ្រួសារបាល់ទាល់កម្ពុជាហើយ។
ក្នុងនាមកីឡាករ លោក កាំង សេន ធ្លាប់ទាត់ចូលក្នុងពានរង្វាន់លីគលំដាប់ទី២កម្ពុជាកាលពី
ឆ្នាំ២០២០ តែលោកនៅមានក្ដីស្រមៃចង់រកគ្រាប់បាល់ក្នុងពានរង្វាន់លីគកំពូលទៀត ឥឡូវ
ក្ដីស្រមៃមួយនេះបានក្លាយជាការពិតហើយ។ ប្រកបអាជីពជាកីឡាករ និងប្រធានក្លិបជិត១រដូវកាល លោក កាំង សេន ចង់ក្លាយជាប្រធានក្លិបបាល់ទាត់ដំបូងគេដែលអាចរកគ្រាប់បាល់បានក្នុងលីគបាល់ទាត់ ដើម្បីបង្កើតកំណត់ត្រាពិភពលោក (Guinness World Record)។
ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋាន AIA KMH Park លោក កាំង សេន បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការរកគ្រាប់បាល់បង្កើតកំណត់ត្រាពិភពលោកក្នុងនាមជាប្រធានក្លិប និងជាកីឡាករបាល់ទាត់នៃលីគកំពូលកម្ពុជា ។ ចំពោះការតាំងចិត្តនេះ លោក កាំង សេន មិនសុំឲ្យគូប្រកួតក្នុងលីគបន្ធូរបន្ថយកម្រិតនៃការលេងពេលប៉ះជាមួយក្រុម ISI ដង្កោសែនជ័យ ឬក៏បន្ធូរបន្ថយដើម្បីឲ្យរូបលោក រកគ្រាប់បាល់បានឡើយ ។ ផ្ទុយទៅវិញ ប្រធានក្លិបរូបនេះ សំណូមពរឲ្យក្លិបទាំងនោះ ប្រឹងអស់ពីសមត្ថភាព ធ្វើឲ្យការប្រកួតកាន់តែតានតឹង ដើម្បីឲ្យគ្រាប់បាល់របស់លោកកាន់តែមានន័យ។
ក្នុងវិស័យបាល់ទាត់ កំណត់ត្រាដែលមានប្រធានក្លិបជាកីឡាករអាជីព និងរកគ្រាប់បាល់សម្រាប់ក្រុមផ្ទាល់ខ្លួន មិនទាន់មាននៅឡើយទេ នៅក្នុងក្របខណ្ឌនៃប្រទេស ដែលមានវិស័យបាល់ទាត់ ។ ដូច្នេះ ប្រធានក្លិបរូបនេះដាក់គោលដៅរកគ្រាប់បាល់នេះឲ្យបាន និងបានស្នើទៅ Guinness World Record ចំពោះកំណត់ត្រាមួយនេះ ។ ស្ថាប័ន Guinness World Record ក៏បានបញ្ជាក់ថា មិនទាន់មានអ្នកធ្វើនូវកំណត់ត្រាជាប្រធានក្លិបស៊ុតបញ្ចូលទីក្នុងលីគកំពូលបាល់ទាត់ នៃប្រទេសណាមួយនៅឡើយ។
ដូច្នេះ លោក កាំង សេន ពិតជាអាចបំបែកកំណត់ត្រា Guinness World Record ក្នុងនាមប្រធានក្លិបជាកីឡាករអាជីពដែលអាចរកគ្រាប់បាល់សម្រាប់ក្រុមផ្ទាល់ខ្លួនក្នុងថ្ងៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ៕


ចែករំលែកព័តមាននេះ