ទីក្រុងប៉េកាំង ៖ សមាគមកីឡាបាល់ទាត់ចិន (CFA) បានដាក់បម្រាមមនុស្សចំនួន ៧៣ នាក់ មិនឱ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត រួមទាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំបុរស លោក Li Tie ស្របពេលដែលក្លិបអាជីពក្នុងស្រុកចំនួន ១៣ ក៏រងទណ្ឌកម្មផងដែរ ពាក់ព័ន្ធនឹងការរៀបចំលទ្ធផលប្រកួត និងការប្រព្រឹត្តិអំពើពុករលួយ។ នេះបើតាមប្រភពពី China Daily និង Aljazeera បានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ការបង្ក្រាបអំពើពុករលួយបានរីករាលដាលពេញវិស័យបាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានលាតត្រដាងស្ថានភាពដ៏រលួយនៃការប្រកួតអាជីព។ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅ CFA ត្រូវបានទម្លាក់ចេញពីតំណែង ខណៈដែលកីឡាកររាប់សិបនាក់ត្រូវបានហាមឃាត់ពីបទរៀបចំលទ្ធផលប្រកួត និងល្បែងភ្នាល់។
សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មិនបានបញ្ជាក់ថា ពេលណាដែលការរៀបចំលទ្ធផលប្រកួតបានកើតឡើងរបៀបណានោះទេ។ ការដាក់ទណ្ឌកម្មទាំងនេះ ធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញជាប្រព័ន្ធ ហើយបានទាមទារ ដើម្បីអនុវត្តវិន័យដើម្បីរក្សាការប្រកួតប្រជែងដោយយុត្តិធម៌។
លោក Li Tie អតីតខ្សែបម្រើការពារក្រុម Everton នៃលីគកំពូលអង់គ្លេស ដែលដឹកនាំក្រុមជម្រើសជាតិចិនចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ កំពុងជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំរួចហើយពីបទសូកប៉ាន់ បន្ទាប់ពីត្រូវបានកាត់ទោសក្នុងខែធ្នូ ឆ្នាំ ២០២៤។ សេចក្តីថ្លែងការណ៍របស់ CFA បានបញ្ជាក់ថា ឥឡូវនេះ បុរសវ័យ៤៨ឆ្នាំរូបនេះ ត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត រួមជាមួយនឹងមនុស្ស ៧២ នាក់ផ្សេងទៀត ហើយក្នុងចំណោមនោះ លោក Chen Xuyuan អតីតប្រធាន CFA ដែលកំពុងតែជាប់ពន្ធនាគារអស់មួយជីវិតរួចហើយពីបទទទួលសំណូកតម្លៃ ១១ លានដុល្លារ។
ទន្ទឹមជាមួយគ្នានោះ ក្លិបអាជីពដែលរងទណ្ឌកម្មក៏មានភាពលេចធ្លោស្រដៀងគ្នាដែរ។ ជាក់ស្តែង ក្នុងចំណោមក្លិបចំនួន ១៦ ដែលបានប្រកួតប្រជែងក្នុងរដូវកាលឆ្នាំ ២០២៥ នៅលីគកំពូលចិន (CSL) មានក្លិបចំនួន ១១ នឹងត្រូវកាត់ពិន្ទុ ហើយពិន័យជាប្រាក់។ បន្ទាប់ពីការកាត់ពិន្ទុមានន័យថា CSL រដូវកាលឆ្នាំ ២០២៦ ចាប់ផ្តើមក្នុងខែមីនាខាងមុខ ក្រុមចំនួន ៩ នឹងចាប់ផ្តើមរដូវកាលថ្មី ដោយជំពាក់ពិន្ទុ ឬពិន្ទុដក។
CFA មិនបានរៀបរាប់លម្អិតអំពីបទល្មើសជាក់លាក់របស់ក្លិបទាំងនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ក្លិបទាក់ទងនឹងការរៀបលទ្ធផល ល្បែងភ្នាល់ និងការសូកប៉ាន់ ជាមួយការផ្តន្ទាទោស ដោយផ្អែកលើបរិមាណ កាលៈទេសៈ លក្ខណៈ និងផលប៉ះពាល់សង្គមនៃប្រតិបត្តិការមិនត្រឹមត្រូវពាក់ព័ន្ធ៕





ចែករំលែកព័តមាននេះ