ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី​ វាយតម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ…

រាជធានី​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហការី​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ ចូល​ជួប​សម្តែង​ការ​គួរសម នៅ​វិមាន​សន្ដិភាព​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៥​។

ក្នុង​ឱកាស​នៃ​ជំនួប​, ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​ធិ​បតី​ដោយ​សង្ខេប អំពី​សកម្មភាព និង​វឌ្ឍនភាព​ការងារ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដោយ​បច្ចុប្បន្ន​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មាន​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួង​, រាជធានី​-​ខេត្ត ចំនួន​២៣ ជា​សមាជិក និង​មាន​ក្លឹ​ប​ចំណុះ​សមាគម​ចំនួន ១៤៤ ក្លឹ​ប​។ គិត​ត្រឹម​ឆ្នាំ​២០២៤, កីឡាប្រដាល់​គុន​ខ្មែរ​មាន​អត្ត​ព​លិ​ក​សរុប ១២៣៦ នាក់ (​កីឡាករ​ចំនួន ១១៩១​នាក់​, កីឡាការិនី ៤៥​នាក់​) គ្រូបង្វឹក ១៤៤​នាក់​, គ្រូ​ជំនួយ ១៤៨​នាក់​, មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល និង​ចៅក្រម ១៨០​នាក់ (​ស្រី ១២​នាក់​) និង​មន្ត្រី​លេខាធិការដ្ឋាន ៧​នាក់​។

ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​បន្ថែម​ទៀត​ថា សហព័ន្ធ​បាន​យកចិត្តទុកដាក់​រៀបចំ​ការ​ប្រកួត​កីឡា ក្នុង​ចន្លោះ​ពី ១៨ ទៅ ២២ កម្មវិធី ក្នុង​មួ​យស​ប្តា​ហ៍​, បាន​បង្កើត​សង្វៀន​ថ្នាល​ប្រកួត​ជា​អចិន្ត្រៃយ៍​នៅ​ភូមិភាគ​បាត់ដំបង និង ភូមិភាគ​សៀមរាប ព្រមទាំង​បាន​រៀបចំ​កម្មវិធី​ប្រកួត​ថ្នាល​ចល័ត​ទៅ​តាម​រាជធានី ខេត្ត ក្រុង ស្រុក ប្រចាំ​ស​ប្តា​ហ៍​ផង​ដែរ​។ ក្រៅពី​នេះ​, សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​ផ្សព្វផ្សាយ​អំពី​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​បរទេស ក៏​ដូច​ជា​បាន​ចូលរួម​ចំណែក​ដល់​ការងារ​សង្គម តួយ៉ាង ការ​បរិច្ចាគ​ឈាម​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ជាដើម​។

សម្ដេច​បវរ​ធិ​បតី​បាន​កោត​សរសេ​ី​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​អំពី​កីឡាប្រដាល់​គុន​ខ្មែរ និង​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​។ សម្ដេច​បវរ​ធិ​បតី​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ កីឡាប្រដាល់​គុន​ខ្មែរ​កំពុង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​មហាជន ដែល​ធ្វើ​ឱ្យ​វិស័យ​គុន​ខ្មែរ​កាន់តែ​មាន​ភាព​លេចធ្លោ និង​កាន់តែ​មានឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​។

នា​ឱកាស​នេះ​ដែរ​ សម្ដេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ដល់​សហព័ន្ធ​ឱ្យ​បន្ត​ខិតខំ​អភិវឌ្ឍ​វិស័យ​គុន​ខ្មែរ​នេះ ឱ្យ​កាន់តែ​រីក​ចម្រើន និង​ខិតខំ​ផ្សព្វផ្សាយ​អំពី​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​យ៉ាង​ផុសផុល ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​សហព័ន្ធ​បន្ត​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរ​ដែនដី ឱ្យ​កាន់​ល្អ​ប្រសើរ​ថែម​ទៀត ជា​ពិសេស ក្នុង​ការ​រៀបចំ​ព្រឹ​ត្រិ​ការណ៍​សំខាន់​ៗ​ប្រចាំឆ្នាំ​។

សម្តេច​បវរ​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​សហព័ន្ធ​បន្ត​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក សំដៅ​ពង្រីក​ការ​បណ្ដុះបណ្ដាល​កីឡាប្រដាល់​គុន​ខ្មែរ និង​ផ្សព្វផ្សាយ​រូបភាព​គុន​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​រន្ទឺ​ទៅ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ