រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រក្រោមប្រធានបទ«ឆ្ពោះទៅមុខដើម្បីស្ត្រី»នៅមុខវត្តបទុមវតីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ មីនា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិស្មើភាព និងអនុភាពស្ត្រីក្នុងសកម្មភាពកីឡា និងអបអរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា គឺជាថ្ងៃរម្លឹកខួប១១៤ឆ្នាំនៃសិទ្ធិសេរីភាពស្មើគ្នារវាងបុរសនិងស្ត្រី។
លោកជំទាវកុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រីនិងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានអញ្ជើញចូលរួមរត់នៅក្នុងព្រឹត្តិការណ៍ខាងលើ បានបង្ហាញនូវក្ដីសោមនស្សរីករាយក្រៃលែង ដោយបានឃើញក្មេង-ចាស់ប្រុសស្រីនាំគ្នាចូលរួមរត់យ៉ាងច្រើនកុះកររហូតដល់ជាង៣០០០នាក់ ។ លោកជំទាវបានឱ្យដឹងទៀតថា នេះបង្ហាញឱ្យឃើញនូវការចូលរួមក្នុងវិស័យកីឡា ការគិតគូរពីសុខភាពនិងការរួមសាមគ្គីគ្នារវាងបុរសនិងស្ត្រីដើម្បីលើកស្ទួយសង្គមជាតិយើងឱ្យកាន់តែមានការរីកចម្រើន។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ធ្លាប់បានលើកឡើងផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រមិនត្រឹមជំរុញឱ្យស្ត្រីចូលរួមនៅក្នុងសកម្មភាពកីឡាឱ្យបានច្រើននោះទេ គឺដើម្បីសុខុមាលភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរឡើង ។
លោកអគ្គលេខាធិការរូបនេះបានបន្តឱ្យដឹងទៀតថា ការខិតខំប្រឹងប្រែងរៀបចំឱ្យមានទិវារត់ប្រណាំងនេះ គឺគ្មានអ្វីក្រៅពីការរួមចំណែកជួយដល់សង្គមជាតិ លើកកម្ពស់ស្ត្រីនិងជួយស្ត្រីឱ្យមានគុណភាពជិវិតកាន់តែប្រសើរ។ យើងដឹងហើយថាសកម្មភាពកីឡា ជាពិសេសការរត់ប្រណាំងមានសមត្ថភាពជួយដល់គុណភាពបេះដូង និងមានសុខភាពល្អ ។ ម្យ៉ាងវិញទៀត បើយើងមានសុខភាព យើងម្នាក់ៗមានឱកាសប្រកបការងារប្រចាំថ្ងៃដោយពុំមានបញ្ហា និងជួយធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន៕




ចែករំលែកព័តមាននេះ