ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ben Davis សារភាព​ថា ស្ទើរតែ​លែង​មាន​សមត្ថភាព​បន្ត​ការពារ​ព្រៃ​ស្រុក​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ប្រហែលជា​បាន​ស្គាល់​ហើយ លោក Ben Davis អ្នក​អភិរក្ស​និយម​ជនជាតិ​អា​មេ​រិ​ក ដែល​សុខចិត្ត​បោះបង់​វណ្ណៈ ទ្រព្យសម្បត្តិ និង​សាច់ញាតិ​បងប្អូន​នៅ​ប្រទេស​កំណើត​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ប្រហែលជា​បាន​ស្គាល់​ហើយ លោក Ben Davis អ្នក​អភិរក្ស​និយម​ជនជាតិ​អា​មេ​រិ​ក ដែល​សុខចិត្ត​បោះបង់​វណ្ណៈ ទ្រព្យសម្បត្តិ និង​សាច់ញាតិ​បងប្អូន​នៅ​ប្រទេស​កំណើត​របស់​ខ្លួន មក​ធ្វើការ​នៅ​អង្គការ​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ​។

បន្ទាប់​មក​លោក​ក៏​ស្ម័គ្រចិត្ត​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហារ ដើម្បី​ថែរក្សា​ព្រៃ​ឈើ និង​សត្វព្រៃ​ដែល​បាន​និង​កំពុង​យារ​យី​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ដែល​ជា​អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​នោះ​ពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន​។

អស់​រយៈពេល ៧​ឆ្នាំ​មកនេះ លោក Ben Davis បាន​ប្រើ​ប្រាស់​​ថវិការ​ផ្ទាល់ខ្លួន និង​ជំនួយ​ពី​អង្គការ​មួយ​ចំនួន ដើម្បី​មើលថែ​រក្សា​ធនធានធម្មជាតិ​កម្ពុជា​ទាំងនោះ ព្រមទាំង​ការពារ​ជីវិត​សត្វ​ជា​ច្រើន​ប្រភេទ​ដូច​ជា ក្ងោក ទោច ស្វា​ព្រាម សំពោច ឈ្លូស ទន្សោង និង​ខ្ទីង​ជាដើម​ពី​ការ​តាម​ប្រមាញ់​។ ក្នុង​នោះ​លោក​ថែម​ទាំង​បាន​លក់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជា​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ការ​អភិរក្ស​តំបន់​អេកូឡូស៊ី​ទេសចរណ៍​របស់​កម្ពុជា​មួយ​នេះ​។

​ទោះបី​មិន​ធ្លាប់​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​តូច​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ក្តី លោក Ben Davis នៅ​តែ​បន្ត​ឆន្ទៈ​ចង់​ការពារ​តំបន់​ធម្មជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​នេះ​ឲ្យ​ទៅ​ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​សម្រាក​លំហែកាយ ចង​អង្រឹង​នៅ​ក្នុង​ព្រៃ ស្នាក់​​នៅ​លើ​ផ្ទះ​ដើមឈើ លេង​ទឹកជ្រោះ ឬ​ជិះ​ខ្សែ​រ៉​ត​ឆ្លងកាត់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ មើលទៅ​ស្រស់​ស្អាត និង​ព្រឺព្រួច​មែនទែន ហើយ​កត្តា​ទាំងនេះ​នឹង​ជំរុញ​បង្កើន​ឱកាស​ការងារ​យ៉ាងច្រើន​ដល់​អ្នកស្រុក​សង្គម​ថ្មី​ថែម​ទៀត​ផង​។

រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​ជនបរទេស​មួយ​រូប​ដែល​ស្ម័គ្រចិត្ត​ការពារ​ព្រៃឈើ Ben Davis បាន​សារភាព​ថា ខ្លួន​ស្ទើរតែ​លែង​មាន​សមត្ថភាព​បន្ត​ការ​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ​ទៀត​ហើយ ដោយ​លោក​លែង​មាន​លទ្ធភាព​ទប់ទល់​នឹង​ការ​ចំណាយ​ទៅ​លើ​ការ​អភិវឌ្ឍន៍ និង​ទប់ស្កាត់​រាល់​ការ​បំផ្លាញ​ផ្សេង​ៗ​ដែល​ចេះ​តែ​កើត​មាន​ជា​រៀងរាល់ថ្ងៃ​។

ក្នុង​ន័យ​ជួយ​លើកទឹកចិត្ត ក៏​ដូច​ជា​ថ្លែងអំណរគុណ​ទៅ​ដល់​លោក Ben Davis ដែល​ចំណាយពេល​យ៉ាងច្រើន​រស់នៅ​ក្នុង​តំបន់​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ ការពារ​ព្រៃឈើ និង​ដើម្បី​​បញ្ជ្រៀប​ព័ត៌មាន​ឲ្យ​បងប្អូន​ក្នុង​តំបន់ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​បានដឹង​ពីសារ​ប្រយោជន៍​ ព្រៃឈើ លោក តាន់ គឹ​ម​សួរ សិល្បករ សិល្ប​ការិនី​ជា​ច្រើន​នៃ​សមាគម​សិល្បរ​ខ្មែរ ក្រុមការងារ និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្តបាន​ផ្តួចផ្តើម​កម្មវិធី​ប្រគុំ «​តន្ត្រី​បៃតង​» កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ នៅ​ខាងក្នុង​បរិវេណ​សាលារៀន​មួយ​ក្នុងស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ក្រោម​ជួយ​ជ្រោមជ្រែង​ពី​សំណាក់ ក្រសួងបរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​នានា ព្រមទាំង​បណ្តា​ក្រុមហ៊ុន សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​។

ជា​លទ្ធផល ការ​ប្រគំ​តន្ត្រី​មួយ​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ឱឡារិក​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សង្គម​ថ្មី​។ ក្នុង​នោះលោក សាយ សំ​អាល់ រដ្ឋមន្ត្រី​នៃ​ក្រសួង​បរិស្ថាន បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅ​លើ​ការ​លះបង់​យ៉ាង​ធំ​ធេ​ញ​របស់​អ្នក​អភិរក្សនិយម​ជនជាតិ​អា​មេ​រិ​ក​រូប​នេះ​មក​លើ​ទឹក​ដឹ​មាតុភូមិ​កម្ពុជា​។ លោក ខៀវ បូ​រិ​ន អគ្គនាយក​មូលដ្ឋាន​សហគមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន និង​ជា​អ្នកតំណាង​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន បាន​ពាំនាំ​ទឹកប្រាក់​ចំនួន ២០,០០០ ដុល្លារ​សហរដ្ឋអាមេរិក មក​ឲ្យ​លោក Ben ចាត់​ចែង​ក្នុង​សហគមន៍ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​សហគមន៍​។ ព្រមទាំង​ផ្តល់​ជា​ដំណឹង​ថា​ក្រសួង​នឹង​បន្ត​ផ្តល់​ទឹកប្រាក់​២០០០០​ដុល្លារ​សហរដ្ឋអាមេរិក​នេះ​ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​០៥​ឆ្នាំ​។

ក្នុង​នោះ​ផង​ដែរ លោក សឹម ទ្រី ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​មួយ​រូប ធ្វើ​ការងារ បម្រើ​ឲ្យ​ផល​ប្រយោជន៍​​​សហគមន៍​ជាមួយ​លោក Ben បាន​ចែករំលែក​រឿងរ៉ាវ​របស់​ខ្លួន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​បៃតង​នេះ​ផង​ដែរ​ថា​៖ «​ពី​មុន​ខ្ញុំ គឺជា​អ្នក​កាប់​ព្រៃឈើ​។ មូលហេតុ​ដែល​ខ្ញុំ​មក​អភិរក្ស​ព្រៃឈើ​វិញ ព្រោះតែ​ការ​កាប់​នេះ គឺ​អត់​ចំណេញ​។ កាប់​… ទី​១​ប៉ូលិស​ចាប់​។ ទី​២ អ្នកទិញ​ភាគច្រើន​ជំពាក់​។ មួយវិញទៀត កាប់​ៗ​អត់​លុយ​ទិញ​ប្រេង​ពី​គេ ទិញ​ដែកឆាប ទិញ​ច្រ​វ៉ា​ក់ ទិញ​អី​អស់ហ្នឹង​! ដ៏​អីចឹង ពេល​យើង​លក់​បាន បាន​លុយ​មួយ​លាន​អីចឹង គ្នា​បី​បួន​នាក់ ចែក​គ្នា​អស់ សល់​ម្នាក់​១០​ម៉ឺន​។

ជួនកាល​ទៅ ដាក់​តែ​១​កំប៉ុង យូរ​ៗ​ទៅ​អា​១០​ម៉ឺន​ហ្នឹង​អស់​ទៀត​។ ម្តងនោះ​គេ​ចាប់​ម៉ាស៊ីន​ខ្ញុំ​អស់​១ គេ​ថា​គេ​យក​៤០​ម៉ឺន​បាន​ឲ្យ​វិញ​។ ពេល​ហ្នឹង​អត់​លុយ​ឲ្យ​គេ ក៏​ចាំ​ទាល់​មាន​លុយ​ទិញ​ម៉ាស៊ីន​ថ្មី​ហ្មង​ទៅ​។ ក៏​ទិញ​មួយទៀត ទើប​កាប់​បាន ២​ដង Ben ចាប់​។ Ben ចាប់​(​ខ្ញុំ​)​អត់​ហ៊ាន​ចេញ​មុខ​ទេ​។ ដ៏​យូរ​ៗ​ទៅ កាប់​ក៏​មិន​បាន អី​ក៏​មិន​បាន បែកគំនិត​សុំ Ben ធ្វើការ​ជាមួយ​ហ្មង​ទៅ​។ ហើយ​ស្រាប់​ធ្វើការ​ជាមួយ Ben បាន​លុយ​ច្រើន​ជាង​កាប់​ព្រៃ ក៏​ធ្វើ​រហូត​ហ្មង​ទៅ​»​។

សម្តី​ពិត​របស់​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ អ្នក​រៀបចំ​កម្មវិធី ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទាំងអស់​មានការ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​។ ពិត​ណាស់​ព្រៃឈើ​ពិតជា​មាន​សារ​ប្រយោជន៍​ចំពោះ​ជីវិត គ្មាន​ព្រៃឈើ គ្មាន​ជីវិត​។ ការ​ចេះ​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​នឹង​នាំ​យើង​ឲ្យ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​រាប់​​ពាន់ រាប់​លាន​ដង​ពី​ការ​កាប់​បំផ្លាញ​រួច​យក​ទៅ​លក់​បាន​តែ​មួយ​ឆាវ​។ ហេតុនេះ​ហើយ ក្រសួង​ពាក់ព័ន្ធ ក៏​ដូច​ជា​ក្រុមការងារ​សិល្បករ សិល្ប​ការិនី​ទាំងអស់​របស់​កម្មវិធី​តន្ត្រី​សប្បុរស​បៃតង​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុងស្រុក​សង្គម​ថ្មី​ទាំងអស់ នឹង​បន្ត​រួម​គ្មា​ថែរក្សា​តំបន់​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ​ឲ្យ​បាន​គង់វង្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ