ឱសថមួយប្រភេទដែលគេដឹងថា ជាប្រភេទឱសថចាក់មានសកម្មភាពយូរសម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍មានឈ្មោះថា កាបូតេក្រាវៀ (Cabotegravir) ត្រូវបានក្រសួងសុខាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅពេលនេះ ។ គេអះអះអាងថា ថ្នាំនេះចាក់រៀងរាល់ពីរខែម្តង ហើយមានប្រសិទ្ធភាពរហូតដល់៩៥ភាគរយ ។
ពិធីប្រកាសឲ្យប្រើប្រាស់ កាបូតេក្រាវៀ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគដោយមានការចូលរួមពីសំណាក លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ហើយក៏មាន លោកស្រី ប៉ាទ្រីសា អុងភីង ( Patricia Ongpin) ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ចូលរួមផងដែរ ។
ជាការពិតការប្រកាសដាក់ឱ្យប្រើប្រាស់ កាបូតេក្រាវៀនេះ គឺជាការផ្តល់នូវជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខនឹងមេរោគអេដស៍នេះ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេ នៅក្នុងតំបន់ដែលបានដាក់ឱ្យប្រើប្រាស់ឱសថកាបូតេក្រាវៀ នេះផងដែរ ។
វាពិតជាវិធីសាស្ត្រមួយនៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ ។ ឱសថ កាបូតេក្រាវៀ នេះ គឺចាំបាច់ត្រូវចាក់រៀងរាល់ពីរខែម្តង ។ វា គឺជាការផ្តល់នូវជម្រើសមួយងាយស្រួលមានឯកជនភាព ។ ឱសថប្រភេទនេះត្រូវបានគេអះអាងថា មានប្រសិទ្ធភាពខ្ពស់រហូតដល់៩៥ភាគ ក្នុងការបង្ការមេរោគអេដស៍ ៕
ចែករំលែកព័តមាននេះ