ទីក្រុងបាងកក៖ នៅល្ងាចថ្ងៃសៅរ៍នេះ ក្រុមប្រឆាំងនៅប្រទេសថៃដែលមកពីច្រើននិន្នាការនយោបាយបានហែបាតុកម្មយ៉ាងគគ្រឹកគគ្រេងដើម្បីទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រីផែថងថានចុះពីតំណែង។ ពួកគេជួបជុំគ្នានៅវិមានជ័យជម្នះ។ ស្ថានការណ៍វិវត្តថ្មីនេះកើតឡើងទន្ទឹមនឹងពេលដែលនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃក៏កំពុងតែរង្គោះរង្គើយ៉ាងខ្លាំងផងដែរ។
នេះជាការហែបាតុកម្មដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃចាប់តាំងពីបក្សនេះកាន់អំណាចកាលពីឆ្នាំ២០២៣។ ម៉្យាងទៀត នេះជាការដាក់សម្ពាធកាន់តែខ្លាំងទៅលើលោកស្រីផែថងថាន។ តាមពិត បញ្ហាផ្ទៃក្នុងបានកើតឡើងជាបណ្ដើរៗតាំងពីមុននេះទៅទៀត។ ថ្វីដ្បិតលោកស្រីផែថងថានជាមនុស្សពូកែរកស៊ីរហូតដល់មានទ្រព្យសម្បត្តិ៤រយលានដុល្លារនៅក្នុងវ័យ៣៨ឆ្នាំ និងមានសញ្ញាប័ត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ប៉ុន្តែប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ។

លោកស្រីនៅក្មេងខ្ចីខាងនយោបាយ និងការដឹកនាំរដ្ឋ។ ការធ្វើនយោបាយទាមទារឱ្យចេះច្រើនណាស់តាំងពីតាក់ទិច យុទ្ធសាស្ត្រ និងល្បិចកលនយោបាយយ៉ាងប៉ិនប្រសប់ទើបអាចទៅរួច។ ប្រភពខ្លះថាលោកស្រីអសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការធ្វើឱ្យមានឯកភាពផ្ទៃក្នុងនៅក្នុងចំណោមគណបក្សនយោបាយនានានៃរដ្ឋាភិបាលចម្រុះជាមួយគ្នា។ តាមមើលទៅ កៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងថានមិនដឹងថាតើអាចនឹងរក្សាឱ្យនៅគង់វង្សរហូតដល់ពេលណា? ដ្បិតអីនៅខែកក្កដាខាងមុខនេះ អាចនឹងមានការដាក់ញត្តិទៅរដ្ឋសភាដើម្បីកោះប្រជុំដកសេចក្ដីទុកចិត្តពីលោកស្រី។
ក្រឡេកទៅមើលទិដ្ឋភាពនៅវិមានជ័យជម្នះវិញម្ដង គេឃើញថាហ្វូងបាតុករបានគ្រវីទង់ជាតិទៅលើអាកាសដើម្បីប្រឆាំងនឹងលោកស្រីផែថងថាន។ អ្នកខ្លះកាន់បដាដាក់សញ្ញាខ្វែងពីលើមុខរបស់លោកស្រី។ ចលនាបាតុកម្មនេះរៀបចំដោយក្រុមដែលហៅខ្លួនឯងថា «រួមកម្លាំងការពារអធិបតេយ្យ» ដែលប្រមូលផ្ដុំដោយក្រុមអ្នកជាតិនិយមប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយត្រកូលស៊ីណាវ៉ាត់អស់រយៈពេល២ទសវត្សមកហើយ។

វិបត្តិនយោបាយនៅនេះអាចនឹងប៉ះពាល់ខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចថៃដែលកំពុងតែដើរធាក់ថយស្រាប់ទៅហើយនោះដោយសារសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាច និងកត្តាដទៃទៀត។ ប្រតិកម្មតបទៅនឹងបាតុកម្មនេះ លោកស្រីផែថងថានថ្លែងថាលោកស្រីមិនចាប់អារម្មណ៍ទេ។ លោកស្រីបានប្រាប់ឱ្យអាជ្ញាធរធានាថាការប្រមូលផ្ដុំគ្នានេះធ្វើឡើងដោយសន្តិវិធី។ លោកស្រីថ្លែងថានេះជាសិទ្ធិបញ្ចេញមតិរបស់មនុស្សគ្រប់រូប។ ដូច្នេះលោកស្រីមិនត្រូវការចាត់វិធានការតបតទេ។
សព្វថ្ងៃនេះ រដ្ឋាភិបាលរបស់លោកស្រីផែថងថានហាក់ដូចជាមិនសូវរឹងមាំប៉ុន្មានឡើយបន្ទាប់ពីគណបក្សភូមិចៃថៃរបស់លោកអនុទីន (Anutin) ប្រកាសដកខ្លួនទៅធ្វើជាគណបក្សប្រឆាំងវិញម្ដង។ រដ្ឋាភិបាលរបស់លោកស្រីផែថងថានប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅពេលរដ្ឋសភាបើកសម័យប្រជុំនៅសប្ដាហ៍ក្រោយ។ ខាងលើនេះជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ