ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ តាំងពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥មកម្ល៉េះ ដោយមានទាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ ព្រះសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងកងកម្លាំងរុករក៩១១ បានចុះទៅដល់ទីតាំងកំពង់ដមួយកន្លែង ដើម្បីស្រាវជ្រាវរកស្វែងរកលោកតា លោកយាយ២នាក់ ដែលបានបាត់ខ្លួន ករណីករណីលិចទូកដរ ។ ក្រោយប្រើពេលរាវរកអស់រយៈពេលជិត២ថ្ងៃ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញសាកសពលោកតា លោកយាយទាំង២នាក់នាក់នេះហើយ ខណៈសពពួកគាត់អណ្តែតនៅក្បែរៗគ្នា ។

សូមបញ្ជាក់ថា ហេតុការណ៍លិចទូកដបាត់ខ្លួនមនុស្ស០២នាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី
២៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់៖ ទី១-ឈ្មោះ ភោគ ផុន ភេទប្រុស អាយុ៧៧ឆ្នាំ ទី២-ឈ្មោះ ព្រុំ រ៉ុង ភេទស្រី អាយុ៧២ឆ្នាំ មានលំនៅកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៥ ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធ តែងតែស្នាក់នៅលើទូកដជាប្រចាំ រហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៣ ទើបក្មួយរបស់គាត់ឈ្មោះ កុយ រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ មកកំពង់ដដើម្បីចម្លងទូកដ ស្រាប់តែមកដល់កំពង់ដក៏ឃើញទូកដក្រឡាប់ទៅហើយ ក៏បានឆោឡោហៅបងប្អូនប្រជាពលរដ្ឋលើកោះមាសមកជួយ ព្រមទាំងរាយការណ៍មកអាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាលភូមិធំ មកពិនិត្យរកវិធីសង្គ្រោះជនរងគ្រោះទាំង២នាក់ ។

ក្រោយពីបានទទួលដំណឹង និងបទបញ្ជារបស់លោកអធិការនគរបាលស្រុក កម្លាំងប៉ុស្តិ៍ បានសហការជាមួយអាជ្ញាធរឃុំ ភូមិ ប្រជាការពារ និងប្រជាពលរដ្ឋ រួមទាំងកម្លាំងជំនាញ៩១១ បានធ្វើការហិបទឹករកជនរងគ្រោះទាំង២នាក់ អស់រយៈពេលជិត២ថ្ងៃ ទើបរកឃើញសាកសពលោក យាយចំងាយប្រមាណ១គីឡូម៉ែត្រ ខណ:លោកតាចំងាយ៣គីឡូម៉ែត្រ ក្បែរទីតាំងកើតហេតុ ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ទូកដចម្លងលិចនោះ ជនរងគ្រោះបានទិញក្នុងអំឡុងឆ្នាំ២០១៩ មកពីខេត្តកំពង់ឆ្នាំង ប្រើប្រាស់ដល់ឆ្នាំ២០២៤ ក៏បានជួសជុលម្តង គឺប្តូរបន្ទះដែកមួយផ្ទាំង និងមានលិចរុនតូចៗលិចប្រមាណជា១០ប្រឡោះទៀត ដែលជនរងគ្រោះគ្រាន់តែយកក្រណាត់ញ៉ាត់ម៉ាត់ប៉ុណ្ណោះ រហូតមកដល់យប់កើតហេតុជនរងគ្រោះទាំង២មកសម្រាកនៅក្នុងទូកដក៏បានលិចទូកស្លាប់តែម្តង ។ សូមចូលរួមរំលែកទុក្ខផង ។


ចែករំលែកព័តមាននេះ