ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាម​អ៊ែ​ឡាញ​លុប​ចោល​ជើង​ហោះ​ហើរ​បន្ទាប់​ពី​យន្ត​ហោះ​ប៉ះ​ទង្គិច​គ្នា

16 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ប្រទេស​វៀត​ណាម​កើត​មាន​ឧបទ្ទវ​ហេតុ​យន្ត​ហោះ និង​យន្ត​ហោះ​​ប៉ះ​គ្នា​ និង​បង្ខំ​ឱ្យ​ជើង​ហោះ​​ហើរ​មួយ​ចំនួន​ត្រូវ​លុប​ចោល​។ យន្ត​ហោះ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម​ អ៊ែ​ឡាញ (Vietnam Airlines) នៅ​សុខ​ៗ​ស្រាប់​តែ​ប៉ះ​ទង្គិច​គ្នា​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ណយ​បាយ​ (Noi…

ទី​ក្រុង​ហាណូយ៖ ប្រទេស​វៀត​ណាម​កើត​មាន​ឧបទ្ទវ​ហេតុ​យន្ត​ហោះ និង​យន្ត​ហោះ​​ប៉ះ​គ្នា​ និង​បង្ខំ​ឱ្យ​ជើង​ហោះ​​ហើរ​មួយ​ចំនួន​ត្រូវ​លុប​ចោល​។ យន្ត​ហោះ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម​ អ៊ែ​ឡាញ (Vietnam Airlines) នៅ​សុខ​ៗ​ស្រាប់​តែ​ប៉ះ​ទង្គិច​គ្នា​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ណយ​បាយ​ (Noi Bai) ធ្វើ​ឱ្យ​យន្ត​ហោះ​ទាំង​២​ត្រូវ​អាក់​ខាន​ដំណើរ​។​​

អ្នក​ដំណើរ​ដែល​អង្គុយ​នៅ​ក្នុ​ងនោះ​រាប់​រយ​នាក់​ត្រូវ​តែ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​យន្ត​ហោះ​​ដើម្បី​ឡើង​ជិះ​យន្ត​ហោះ​ផ្សេង​។ សាក្សី​និយាយ​ថា​នៅ​​ម៉ោង​២:២៣​រសៀល​​ថ្ងៃ​នេះ យន្ត​ហោះ​បូអ៊ីង​ខ្នាត​ធំ​ឌ្រីម​ឡាញ​ណឺ (Dreamliner) ជើង​ហោះ​ហើរ​ VN-A863 ត្រូវ​រថ​យន្ត​​សណ្ដោង​ចូល​ផ្លូវ​ហោះ​ហើរ​ដើម្បី​ចាក​ចេញ​ដំណើរ​​ឆ្ពោះ​ទៅ​ទី​ក្រុង​ហូជីមិញ​។ រំពេច​នោះ​ស្រាប់​តែ​យន្ត​ហោះ​នេះ​ប៉ះ​នឹង​កន្ទុយ​របស់​យន្ត​ហោះ​មួយ​គ្រឿង​ទៀត​ម៉ាក​អ៊ែ​បឺស​អេ​៣២១ (Airbus A321) ដែល​មាន​ជើង​ហោះ​ហើរ​ VN-A338។

​នៅ​ពេល​កើត​ហេតុ​ យន្ត​ហោះ​អ៊ែ​បឺស​​ចត​នៅ​ស្ងៀម។ ប៉ុន្តែ​យន្ត​ហោះ​នេះ​ក៏​​​ត្រៀម​អូស​ចូល​ទៅ​ក្នុង​ផ្លូវ​ហោះ​ហើរ​ដើម្បី​ឆ្ពោះ​ទី​ក្រុង​ឌៀន​បៀន​ហ្វ៊ូ​ផង​ដែរ​។​ នៅ​ពេល​នោះ អាកាស​ធាតុ​ល្អណាស់​ ​មេឃ​បើក​ថ្ងៃ​ល្អ​ គ្មាន​ពពក​បាំង​បិទ​ទេ​។ ឥឡូវ​នេះ អាជ្ញា​ធរ​អាកាស​ចរណ៍​ស៊ីវិល​កំពុង​សហ​ការ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​ស៊ើប​អង្កេត​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​​មាន​រឿង​នេះ​។

​គេ​រក​ឃើញ​ស្នាម​ពៀច​នៅ​ចុង​ស្លាប​យន្ត​ហោះ​ប៊ូអ៊ីង​ និង​ស្នាម​ដាច់​រលាត់​នៅ​កន្ទុយ​យន្ត​ហោះ​អ៊ែ​បឺស​។ បំណែក​យន្ត​ហោះ​នៅ​រាយ​ប៉ាយ​លើ​ដី​​។ ​ក្រោយ​ហេតុ​ការណ៍​នេះ​​​ យន្ត​ហោះ​ទាំង​២​គ្រឿង​ត្រូវ​ផ្អឹប​ទុក​មួយ​កន្លែង​មិន​អនុញ្ញាត​ឱ្យ​ហោះ​ហើរ​ទេ​ ​ដើម្បី​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​។ សំណាង​ល្អ​ គ្មាន​នរណា​ម្នាក់​រង​របួស​ដោយ​សារ​ហេតុ​ការណ៍​នេះ​ទេ​។ យន្ត​ហោះ​បូអ៊ីង​មាន​អ្នក​ដំណើរ​២៥៩​នាក់ ចំណែក​យន្ត​ហោះ​អ៊ែ​បឺស​មាន​អ្នក​ដំណើរ​១២៧​នាក់​។ ក្រុម​ហ៊ុន​​​បាន​រៀប​ចំ​សម្រួល​ឱ្យ​ពួក​គេ​ឡើង​ជិះ​យន្ត​ហោះ​ផ្សេង​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ