ទីក្រុងបាងកក៖ ក្រុមប្រឆាំងនៅថៃត្រៀមជួបជុំគ្នាក្បែរវិមានជ័យជម្នះនៅថ្ងៃសៅរ៍សប្ដាហ៍នេះដើម្បីហែបាតុកម្មទាមទារឱ្យលោកស្រីផែថងថានចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ ហេតុនេះ នគរបាលថៃបានណែនាំទៅសាធារណជនដែលមិនពាក់ព័ន្ធនឹងចលនាបាតុកម្មនេះសូមធ្វើដំណើរតាមផ្លូវវាងពីវិថីសំខាន់ៗចំនួនបួននៅក្បែរវិមានជ័យជម្នះនៅរសៀលថ្ងៃសៅរ៍។ ពួកបាតុករដែលទាមទារយ៉ាងទទូចឱ្យលោកស្រីផែថងថានចុះចេញពីតំណែងនឹងប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេងនៅទីនោះ។
ស្នងការដ្ឋាននគរបាលទីក្រុងបាងកកស្នើសុំឱ្យសាធារណជនជៀសឱ្យឆ្ងាយពីកំណត់ផ្លូវទាំង៤ចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង១០យប់។ បាតុកម្មនឹងចាប់ផ្ដើមនៅម៉ោង៤រសៀល ហើយនឹងបញ្ចប់ទៅវិញនៅម៉ោង៩យប់។ ចលនាបាតុកម្មនេះរៀបចំដោយក្រុមដែលហៅខ្លួនឯងថា «រួមកម្លាំងការពារអធិបតេយ្យ»។ នៅក្នុងចំណោមមេធំៗដែលដឹកនាំចលនាបាតុកម្មនេះក៏មានអតីតមេអាវក្រហមឈ្មោះចតុផន ព្រំផាន (Jatuporn Prompan)ដែលងាកមកវាយគ្រួសារត្រកូលថាក់ស៊ីនវិញម្ដង។
មេចលនាបាតុកម្មម្នាក់ទៀតគឺលោកសន្ធិ លីមថងគល់ (Sondhi Limthongkul) ជាមេក្រុមអាវលឿងដែលហែបាតុកម្មបិទព្រលានយន្តហោះ២កន្លែងនៅទីក្រុងបាងកកកាលពីឆ្នាំ២០០៨។ សម្រាប់ពេលនេះ ពួកបាតុករទាមទារឱ្យគណបក្សនយោបាយនានានៅក្នុងរដ្ឋាភិបាលចម្រុះលាលែងពីតំណែងគ្រប់ៗគ្នាដើម្បីទុកឱ្យគណបក្សភឿថៃនៅម្នាក់ឯង។ នៅទីបំផុត ពួកគេសង្ឃឹមថាលោកស្រីផែថងថាននឹងអស់ផ្លូវដើរព្រោះគ្មានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា។ ដូច្នេះ ត្រូវតែចុះចេញពីតំណែងដោយខ្លួនឯង។
លោកសន្ធិ លីមថងគល់បានជំរុញឱ្យប្រជារាស្ត្រថៃចូលរួមនៅក្នុងចលនាបាតុកម្មនេះឱ្យបានច្រើនកុះករនៅវិមានជ័យជម្នះដើម្បីបណ្ដេញលោកស្រីផែថងថានពីតំណែង។ ឥឡូវនេះ លោកស្រីទទួលរងការចោទប្រកាន់ថាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិខ្លួនឯង។ លោកភុំថាមវិឆាយ៉ាឆៃដែលជាឧបនាយករដ្ឋមន្ត្រីថៃបានអំពាវនាវឱ្យប្រជាជនដែលត្រៀមចូលរួមចលនាបាតុកម្មនេះសូមព្យាយាមអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាពទាំងឡាយណាដែលរឹតតែធ្វើឱ្យបែកបាក់សាមគ្គីជាតិ៕
ចែករំលែកព័តមាននេះ