ទីក្រុងកៀវ៖ យោធាអ៊ុយក្រែនអះអាងថាខ្លួនបាញ់ឆេះយន្តហោះចម្បាំង៤គ្រឿងរបស់រុស្ស៊ីដោយប្រើប្រាស់ដ្រូនហោះទៅវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិមុខ។ ដ្រូនរបស់អ៊ុយក្រែនបាញ់ឆេះយន្តហោះអែសយូ៣៤ (Su-34) ចំនួន២គ្រឿង និងបង្កការខូចខាត២គ្រឿងទៀត។ អ៊ុយក្រែនវាយប្រហារតំបន់វ៉ុលហ្គោក្រាត (Volgograd Oblast) កាលពីយប់ថ្ងៃសុក្រ។
សង្គ្រាមរយៈពេលជាងបីឆ្នាំនេះធ្វើឱ្យអ៊ុយក្រែនអភិវឌ្ឍសមត្ថភាពផលិតដ្រូនកាន់តែមានប្រសិទ្ធភាព ហើយអាចបាញ់កម្ទេចអាវុធយុទ្ធភ័ណ្ឌដ៏មានតម្លៃរបស់រុស្ស៊ី។ កាលពីប៉ុន្មានអាទិត្យមុន អ៊ុយក្រែនបញ្ជូនដ្រូនទាំងហ្វូងៗទៅវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាច្រើនកន្លែងបណ្ដាលឱ្យឆេះយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរជាច្រើនគ្រឿងគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។
ដោយឡែក ប្រតិបត្តិការសឹកលើកនេះធ្វើឡើងជាសម្ងាត់ក្រោមការគ្រប់គ្រង-បញ្ជាពីភ្នាក់ងារអែសប៊ីយូ (SBU) សហការជាមួយកងកម្លាំងពិសេស និងកងឯកភាពយោធាជាច្រើនទៀត។ នេះបើតាមអគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែន។ អ៊ុយក្រែនចេញសេចក្ដីថ្លែងការណ៍ដែលមានសេចក្ដីជាអាទិ៍ថា «យន្តហោះចម្បាំងអ៊ុយក្រែនម៉ាកអែសយូ៣៤ (Su-34) របស់រុស្ស៊ី២គ្រឿងត្រូវយើងកម្ទេច និង២គ្រឿងទៀតរងការខូចខាតនៅពេលយើងវាយប្រហារមូលដ្ឋានទ័ពអាកាសនៅម៉ារីណូសកា (Marinovka) ចម្ងាយ៥៦០ម៉ាយ (ប្រហែល៩០០គីឡូម៉ែត្រ) ពីទីក្រុងម៉ូស្គូ។
អ៊ុយក្រែនថានោះជាប្រតិបត្តិការសឹកដែលប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយ។ ការវាយប្រហារនោះក៏បានបង្កជាអគ្គិភ័យនៅបរិវេណរោងជាងសម្រាប់ឆែកមើលយន្តហោះមុនពេលចេញដំណើរផងដែរ។ អែសយូ៣៤ (Su-34) ជាប្រភេទយន្តហោះដែលរុស្ស៊ីប្រើសម្រាប់បាញ់មីស៊ីល និងទម្លាក់គ្រាប់បែកទៅលើអ៊ុយក្រែន។ គិតត្រឹមថ្ងៃសៅរ៍នេះ រុស្ស៊ីបាត់បង់យន្តហោះនេះ៣៧គ្រឿង និងបាត់បង់ ឬខូចខាតយន្តហោះដទៃទៀត១៥៨គ្រឿងចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីដើមឆ្នាំ២០២២។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ