ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ជួយ​​សង្គ្រោះពលករ​ខ្មែរ​ម្នាក់ ដែល​រថយន្ត​ថៃ​បុក​របួសធ្ងន់ ហើយ​គេ​ទារ​ឱ្យ​សង​លុយ ត្រូវ​គ្រូពេទ្យ​ថៃ​ទុក​ចោលថែមទៀត

13 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​លោក សែត វិចិត្រ នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​ដំណឹង​ថា មាន​បុរស​ជា​ពលករ​ខ្មែរ​ម្នាក់​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​ថៃ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​លោក សែត វិចិត្រ នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​ដំណឹង​ថា មាន​បុរស​ជា​ពលករ​ខ្មែរ​ម្នាក់​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​ថៃ បុក​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ប្រទេស​ថៃ ដោយ​មិន​មានការ​ព្យាបាល ពី​ក្រុម​គ្រូពេទ្យ​ថៃ ព្រមទាំង​ទុក​ចោល​នោះ​។ ក្រោយមក​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើការ​ទំនាក់ទំនង​ភ្លាម​ៗ ទៅ​កាន់​ភាគី​ប្រទេស​ថៃ ដើម្បី​ឱ្យ​ប្រញាប់​បញ្ជូន​យក​មក​ព្យាបាល​នៅ​ក្នុង​ទឹកដី​ខ្មែរ​ឱ្យទាន់​ពេលវេលា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សែត វិចិត្រ បានឱ្យ​ដឹង​ថា ថ្លៃ​ព្យាបាល និង​ការ​ធ្វើ​ដំណើរ ព្រមទាំង​អាហារ​សម្រាប់​ពលករ​រង​គ្រោះ គឺ​មានការ​ឧបត្ថម្ភ​ទាំងស្រុង ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ដែល​នេះ​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ពលករ​ចំណាកស្រុក ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ។

លោក​បន្ត​ទៀត​ថា ពលករ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មានឈ្មោះ ង៉ែត សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​មួយ​ចំហៀង​ខ្លួន មាន​ទីលំនៅ​ក្នុងភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​មាន​ប្រពន្ធ​ឈ្មោះ រឿ​ន មក​រា អាយុ​៣៥​ឆ្នាំ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ រឿ​ន មក​រា ដែល​ជា​ភរិយា​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥​នេះ វេលា​ម៉ោង​៩​និង​០០​នាទី​យប់ ខណៈ​ពេល ដែល​កំពុង​ដើរទៅ​ទិញ​ម្ហូប យក​មក​ហូប​ជួបជុំ​គ្រួសារ លុះ​ដើរ​លើ​ចិញ្ចើម​ផ្លូវ​សុខ​ៗ ស្រាប់តែ​ត្រូវ​បាន​រថយន្ត​ថៃ​មួយ​គ្រឿង បើក​មក​បុក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​ប្តី​របស់​គាត់​ខ្ទាត​ទៅ​ប៉ះ​បង្គោល​ក្បែរផ្លូវ​រង​របួស​សន្លប់ ហើយ​ត្រូវ​បាន​ម្ចាស់​បង្គោល​ទាមទារ​ឲ្យ​សង​ថ្លៃ​ខូចខាត​ចំនួន ៣​ម៉ឺន​បាត ស្មើនឹង​លុយ​ខ្មែរ​ជាង ៣​លាន​រៀល ។

ប្រពន្ធ​ជន​រង​គ្រោះ បាន​បញ្ជាក់​ដែរ​ថា ប្តី​របស់​គាត់​គ្រោះថ្នាក់​សន្លប់​នៅ​ហ្នឹង​កន្លែង យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថៃ គេ​មិន​មើល​នោះ​ឡើយ ដោយ​ទុក​ប្តី​របស់​គាត់​ចោល ព្រោះតែ​គាត់​មិន​មាន​លុយ​គ្រប់​ក្នុង​ការ​ព្យាបាល ទើបតែ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដំណឹង​ឮ​ដល់​លោក​ជំទាវ​អភិបាលខេត្ត ទើប​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ឱ្យ​បញ្ជូន​ប្តី​គាត់​មក​ប្រទេស​ខ្មែរ​វិញ ទាំង​ឈឺ​មិនដឹង​ខ្លូ​ន ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​ច្រក​ទាំងអស់​ជួយ​សង្គ្រោះ​ទាន់​ពេល ។

ក្រោយ​ពេល​ឃើញ​បែប​នេះ រូប​គាត់ និង​ក្រុម​គ្រ​សារ សូម​ថ្លែងអំណរគុណ​ដល់​អភិបាលខេត្ត​ប៉ៃលិន ដែល​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ពលករ​ចំណាកស្រុក ជា​ពិសេស​បាន​ចាត់​ក្រុម​គ្រូពេទ្យ​ជំនាញ ជួយ​ព្យាបាល​ជំងឺ និង​ឧបត្ថម្ភ​ថវិកា ទាំង​ថ្លៃ​ព្យាបាល និង​ថ្លៃ​ធ្វើ​ដំណើរ ព្រមទាំង​អាហារ ដល់​គ្រួសារ​របស់​គាត់ ។

អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​គាត់​រំ​ភើ​ង​ចិត្ត​នោះ គឺ​លោក​ជំទាវ​អភិបាលខេត្ត បាន​ផ្តល់​សេវា​រថយន្ត​ជូន​ទៅ​ដល់​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ សម្រាប់​ពលករ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​ជា​ការ​ជួយ​សម្រួល ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ បាន​យ៉ាងច្រើន និង​កាត់​បន្ថយ​ការ​ចំណាយ​មួយ​ផ្នែក​ធំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ