ខេត្តកោះកុង ៖ ច្រកទ្វារអន្តរជាតិចាំយាម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃនៅតែបន្តបិទច្រកព្រំដែនហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដោយឯកតោភាគី ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះនាព្រឹកនេះ ។

ចំណែកភាគីកម្ពុជាយើង ក៏នៅបន្តទទួលពលរដ្ឋ និងពលករខ្មែរ ដែលចេញមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិចាំយាម ដោយនៅចាំសម្របសម្រួល និងដឹកជញ្ជូនពលករទៅកាន់មណ្ឌលសុវត្ថិភាព បន្តសម្រួលជូនទៅតាមស្រុកកំណើតរៀងៗខ្លួន ។

ដោយឡែកឯពលករ ដែលមានបំណងចូលបម្រើការងារក្នុងរោងចក្រ ក្រុមការងារដ្ឋបាលខេត្តនឹងធ្វើការសម្របសម្រួលឱ្យបានចូលតាមការស្នើសុំ ។ សន្តិសុខសណ្តាប់ធ្នាប់នៅច្រកអន្តរជាតិចាំយាម និងព្រំដែនកម្ពុជាថៃ ក្នុងក្របខណ្ឌខេត្តកោះកុង មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ៕

ចែករំលែកព័តមាននេះ