រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ថៃមិនចាំបាច់ស្នើមកកម្ពុជា ក្នុងការបើកច្រកព្រំ ដែននោះទេគួរស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ ។

ការលើកឡើងរបស់សម្ដេចបវរធិបតី បន្ទាប់ពីយោធាថៃស្នើកម្ពុជាបើកច្រកព្រំដែន ដើម្បីឲ្យមានដឹកនាំទំនិញឆ្លងកាត់ ។ យោងតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតី នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៥ថា ៖ ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ២០២៥នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

សម្តេចបវរធិបតី បានលើកឡើងថា ៖ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន ។ ហេតុដូច្នេះហើយបានជាកម្ពុជា មិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបី កាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃ និងខ្មែរតាមព្រំដែនទេ ។

សម្តេចបានបន្តថា កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែន ជាឯកតោភាគីនោះទេ ។ កងទ័ពថៃ បានចាប់ផ្តើមធ្វើការបិទច្រកព្រំដែនកែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥ ។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ ។

ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដនៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃបានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដ និងយូរអង្វែង ។
សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំបានបញ្ជាក់ជាច្រើនដង រួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃ ដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគី ពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច ។
កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ៥ម៉ោងក្រោយពីនោះ ។ និយាយឱ្យខ្លី គឺកូនសោរ គឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ ។ ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃក៏ដូចជា ប្រជាជនថៃ ដែលមានបំណងចង់អោយមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ ។
សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដ នៅប្រទេសថៃ (មិនថាជាកងទ័ព ឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច ។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ» ៕
ចែករំលែកព័តមាននេះ