រាជធានីភ្នំពេញ ៖ កម្ពុជាប្រកាន់ជំហរមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៥ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។
ប្រភពបានបន្តថា ការអនុវត្តវិធានការនេះនឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគី ឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ៕
ចែករំលែកព័តមាននេះ