ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​វៀតណាម​រង​ផល​ប៉ះពាល់ ដោយសារ​ផលិតផល​ក្លែងក្លាយ​លើ​ទីផ្សារ

5 ម៉ោង មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា បណ្តា​អ្នក​ប្រើប្រាស់​វៀតណាម​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ផលិតផល ឬ​ទំនិញ​ក្លែងក្លាយ​លក់​លើ​ទីផ្សារ​។…

ប្រទេស​វៀតណាម ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា បណ្តា​អ្នក​ប្រើប្រាស់​វៀតណាម​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ផលិតផល ឬ​ទំនិញ​ក្លែងក្លាយ​លក់​លើ​ទីផ្សារ​។

ជាក់ស្តែង​ក្នុង​ករណី​មួយ ថ្វី​ត្បិត​តែ​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើ​ការ​ទិញ​អាហារ​បំប៉ន និង​ផលិតផល​ជំនួយ​សុខភាព​ក៏​ដោយ ក៏​លោកស្រី Hong Thuy ត្រូវ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​កាលពីដើម​ខែមេសា​កន្លង​ទៅ​ថា​មាន​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ​។ ស្ត្រី​វ័យ​៦០​ឆ្នាំ​រស់នៅ​ទីក្រុង​ហាណូយ​រូប​នេះ​បាន​ទៅ​ពិនិត្យ​សុខភាព បន្ទាប់​ពី​ឈឺចាប់​សន្លាក់​ជាប់​រហូត និង​គ្មាន​ភាពល្អ​ប្រសើរ បើ​ទោះបីជា​គាត់​បាន​លេបថ្នាំ​គ្រាប់​ច្រើន​ប្រភេទ​ជា​រៀងរាល់ថ្ងៃ​ក៏​ដោយ​។ វេជ្ជបណ្ឌិត​ប្រាប់​លោកស្រី​ថា ថ្នាំ​គ្រាប់​មួយ​ប្រភេទ​ដែល​គាត់​កំពុង​លេប​មាន​ផ្ទុក សារធាតុ Corticosteroids ដែល​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ធ្ងន់ធ្ងរ ដែល​អាច​ធ្វើ​ឱ្យ​ឆ្អឹង​ចុះ​ខ្សោយ និង​ប៉ះពាល់​ដល់​ក្រពេញ​អា​ដ្រេ​ណា​ល់ (Adrenal)​។

ពេល​ត្រឡប់​មក​ផ្ទះ​វិញ លោកស្រី​បានឱ្យ​កូន​ស្រាវជ្រាវ ហើយ​ពួក​គេ​ក៏​បាន​រក​ឃើញ​ថា ផលិតផល​ជា​ច្រើន​ដែល​គាត់​កំពុង​ប្រើ​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​ថា​ក្លែងក្លាយ​។ លោកស្រី គិត​ថា ការ​ទិញ​ថ្នាំ​ថ្លៃ​ៗ​គឺ​ល្អ ប៉ុន្តែ​បែរជា​ទិញ​ចំ​ថ្នាំ​ក្លែងក្លាយ​ទៅ​វិញ​។ រឿង​មិន​ស្មាន​ដល់​កើតឡើង​មួយ​ខែ​ក្រោយមក​ទៀត លោកស្រី​ក៏​បាន​រក​ឃើញ​ថា ម្សៅ​ទឹកដោះគោ​ដែល​គាត់​កំពុង​ប្រើ​ដើម្បី​ជួយ​ការពារ​ជំងឺ​ពុក​ឆ្អឹង​នោះ គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប់​ម្សៅ​ទឹកដោះគោ​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ​របស់​អាជ្ញាធរ​។ ដូច្នេះ​លោកស្រី​សង្ស័យ​ថា អ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​ទិញ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ គឺជា​ផលិតផល​ក្លែងក្លាយ​។

ប្រភព​ពី VnExpress បន្ត​ថា ចាប់តាំងពី​ខែមេសា​កន្លង​ទៅ អាជ្ញាធរ​បាន​រក​ឃើញ​ការ​លក់ទំនិញ​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ​មួយ​ចំនួន រួម​ទាំង​ក្រុម​ផលិត​ថ្នាំ​ក្លែងក្លាយ​ស្ថិត​នៅ​ភាគ​កណ្តាល​ខេត្ត​ថា​ញ់​ហ័​រ (Thanh Hoa) ព្រមទាំង​ទំនិញ​អេ​ឡិច​ត្រូ​និក​ក្លែងក្លាយ​មាន​តម្លៃ​ជាង​៨៤២ ០០០​ដុល្លារ​អា​មេ​រិ​ក នៅ​ឃ្លាំង​មួយ​ក្នុង​ទីក្រុង​ហាណូយ ក៏​ដូច​ជា​ផលិតផល​ម្សៅ​ទឹកដោះគោ​ក្លែងក្លាយ​ដែល​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​១៩​លាន​ដុល្លារ​។

នៅ​ថ្ងៃ​ទី​៧ ខែមិថុនា​កន្លង​ទៅ បណ្តាញ​ក្រុម​ផលិត​ប្រេងម៉ាស៊ីន​ក្លែងក្លាយ​នៃ​ម៉ាក​ល្បី​ៗ​ដូច​ជា Castrol, Motul និង Honda ត្រូវ​បាន​បិទ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​។ លុះ​ពីរ​ថ្ងៃ​ក្រោយមក​ទៀត ក្រុមហ៊ុន​មួយ​នៅ​ភាគ​កណ្តាល​ខេត្ត​ភូ យ៉េន (Phu Yen) ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​លក់​កាហ្វេ​ក្លែងក្លាយ​ចំនួន​១៧​តោន​។ នៅ​ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២៥ អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​វៀតណាម​បាន​ធ្វើការ​វាយឆ្មក់ ៦ ១៩២​ទីតាំង ដោយ​បាន​រក​ឃើញ​ជាង ៥ ៦០០​ករណី​នៃ​ទំនិញ​ក្លែងក្លាយ ការ​រត់ពន្ធ ឬ​ទំនិញ​ក្រោម​ស្តង់ដារ​។

តួយ៉ាង​ក្នុង​ករណី​មួយ​ផ្សេង​ទៀត អ្នក​នាង Thanh Truc អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ប៊ិ​ញ តាន់ (Binh Tan) នៃ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​រក​ឃើញ​ថា ស្រុក​កំណើត​របស់​នាង​នៅ​ខេត្ត​ង៉ឺ អាន (Nghe An) ពោរពេញ​ទៅ​ដោយ​ទំនិញ​ក្លែងក្លាយ​។ នាង​កត់សម្គាល់​ឃើញ​ថា​ថ្នាំដុសធ្មេញ​ឪពុក​ម្តាយ​នាង​មាន​ក្លិនស្អុយ និង​រសជាតិ​ប្លែក ស្រប​ពេល​សាប៊ូ​ដុស​ខ្លួន និង​កក់សក់​ពី​ម៉ាក​ល្បី​មួយ​ដែល​ពួក​គេ​ធ្លាប់​ប្រើ រួម​ទាំង​ប៊ី​ចេ​ង​មួយ​កញ្ចប់​ក៏​មាន​ភាព​មិន​ប្រក្រតី​ផង​ដែរ​។ នាង​និយាយ​ថា ទំនិញ​ក្លែងក្លាយ​ទាំងនេះ​ប្រហែលជា​មិន​បង្ក​គ្រោះថ្នាក់​ភ្លាម​ៗ​ទេ ប៉ុន្តែ​យូរ​ៗ​ទៅ​នាង​មិន​អាច​ស្រមៃ​ឃើញ​ពី​ផលវិបាក​បាន​ទេ​។

មនុស្ស​ជា​ច្រើន​ក៏​ជួប​ប្រទះ​បញ្ហា និង​មានការ​ភ័ន្ត​ច្រឡំ​ម៉ាក​ល្បី​ពិតប្រាកដ​ទៅ​នឹង​ទំនិញ​ក្លែងក្លាយ​ផង​ដែរ ជា​ពិសេស​ជាមួយ​ការ​រក​ឃើញ​កាន់តែ​ច្រើន​នៃ​ទំនិញ​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Vu Van Trung អនុប្រធាន​សមាគម​ការពារ​អ្នក​ប្រើប្រាស់​វៀតណាម​បាន​ចង្អុលបង្ហាញ​ថា វេទិកា​អន​ឡាញ​កំពុង​ក្លាយជា​កន្លែង​សំខាន់​សម្រាប់​ការ​លក់ទំនិញ​ក្លែងក្លាយ​។ យុទ្ធសាស្ត្រ​ប្រើ​ដោយ​ជន​ឆបោក​កាន់តែ​មាន​ភាព​ស្មុ​គ្រ​ស្មាញ ហើយ​ពួក​គេ​កំពុង​ទាញ​យក​អត្ថប្រយោជន៍​ពី​ចន្លោះ​ប្រហោង​ក្នុង​បទ​ប្បញ្ញត្តិ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ជា​ពិសេស​តាម​រយៈ​ការ​លក់​ឡាយ​ផ្ទាល់​លើ​ប្រព័ន្ធ​សង្គម​។

លោក​បន្ត​ថា វេទិកា​ទាំងនេះ​ងាយស្រួល​បង្កើត តែ​ពិបាក​ត្រួតពិនិត្យ និង​ងាយស្រួល​ក្នុង​ការ​លុប​ចេញ​វិញ បន្ទាប់​ពី​ការ​លក់ទំនិញ​ក្លែងក្លាយ​។ ប្រាក់​ចំណេញ​ដ៏​ច្រើន​ពី​ការ​លក់ទំនិញ​ក្លែងក្លាយ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​សកម្មភាព​នេះ​។

ដោយឡែក លោក Nguyen Truong Son ប្រធាន​សមាគម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម​បាន​កត់​សម្គាល់ថា ប្រាក់​ចំណេញ​អាច​ឈាន​ដល់​រាប់​ពាន់​លាន​ដុ​ង ខណៈ​ដែល​ការ​ផាកពិន័យ​សម្រាប់​ការ​លក់ទំនិញ​ក្លែងក្លាយ​មាន​ត្រឹមតែ​២០-៣០​លាន​ដុ​ង​ប៉ុណ្ណោះ ដែល​ស្ទើរតែ​មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋជន​។ ការ​ស្ទង់​មតិ​ក្នុង​ឆ្នាំ​២០២១ ដោយ​ទីភ្នាក់ងារ​ឃ្លាំមើល​ទីផ្សារ​បាន​រក​ឃើញ​ថា ៨០% នៃ​អ្នក​ប្រើប្រាស់​បាន​ទិញ​ទំនិញ​ក្លែងក្លាយ​ដោយ​ចេតនា ដោយសារ​តែ​តម្លៃ​ទាប ឬ​ចង់​ប្រើប្រាស់​ផលិតផល​ម៉ាក​ដែល​ពួក​គេ​មិន​អាច​ទិញ​បាន​។

លោក Nguyen Duy Thinh អតីត​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទីក្រុង​ហាណូយ បាន​ផ្តល់​អនុសាសន៍​ឱ្យ​ផ្តល់​អាទិភាព​ដល់​ការ​ទិញ​ពី​ហាង​ដែល​មានការ​អនុញ្ញាត ផ្សារ​ទំនើប និង​ឱសថស្ថាន​ល្បីឈ្មោះ​។ លោក​បាន​ព្រមាន​ថា ប្រយ័ត្ន​ចំពោះ​ផលិតផល​តម្លៃ​ថោក​ខុស​ពី​ធម្មតា ហើយ​កុំ​ទុកចិត្ត​លើ​ការ​អះអាង​គ្មាន​មូលដ្ឋាន​អំពី​ផលិតផល​ដែល​ចរាចរ​លើ​អ៊ីនធឺណិត​។ លោក​ថា អ្នក​ប្រើប្រាស់​មិន​គ្រាន់តែ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ក្លែងក្លាយ​ដែល​សង្ស័យ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​រាយការណ៍​ភ្លាម​ៗ​ទៅ​កាន់​អាជ្ញាធរ​ផង​ដែរ ព្រោះ​សកម្មភាព​បុគ្គល​ម្នាក់​ៗ​មិន​ត្រឹមតែ​ការពារ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ការពារ​សហគមន៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ