រាជធានីភ្នំពេញ ៖ កំលាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ល្បាតពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យជាអ្នកចែកចាយថ្នាំញៀនចំនួន២នាក់ រួមទាំងថ្នាំញៀនចំនួន៩កញ្ចប់ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខក្លិបមិតណាយ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ គីង ជាក់ឡេង ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកចែកចាយថ្នាំញៀន ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម និងបុរសម្នាក់ទៀតដោយមិនបានប្រាប់ឈ្មោះ ជាអ្នករត់ម៉ូតូកង់បី ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ កំលាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ចោមចៅទី១មានគ្នាចំនួន១២នាក់បានចេញល្បាតនៅក្នុងភូមិសាស្ត្រខាងលើ លុះសមត្ថកិច្ចល្បាតមកដល់ចំណុចមុខក្លិបមិតណាយ មើលទៅមានមនុស្សរញ៉េរញ៉ៃពេញផ្លូវ ដោយមានការសង្ស័យ បានឆែកឆេរយុវជនមួយចំនួន ក្នុងនោះរកឃើញថ្នាំញៀននៅនឹងជនសង្ស័យខាងលើដែលដាក់ក្នុងហោប៉ៅ និងកំប៉ុងតូច បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗចំនួន២នាក់ផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាអ្នកចែកចាយថ្នាំញៀន ប្រាកដមែន ហើយទើបនឹងលក់បាន២កញ្ចប់តែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅផ្នែកជំនញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ