ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​សុទ្ធតែ​ធ្លាប់​ជាប់គុក តែ​មិន​កែខ្លួន​ទេ ផ្លោះ​របង​រោងចក្រ​ចូល​លួច​ទូរ​សព្ទ​ចិន គេច​មិន​រួច ជាប់​ខ្នោះ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ សុទ្ធតែ​ជា​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ហើយ​សុទ្ធតែ​ធ្លាប់​ជាប់គុក​ថែម​ទៀត​ផង ពេល​ចេញ​មក​វិញ មិន​បាន​កែខ្លួន​ធ្វើ​ជា​មនុស្ស​ត្រឹមត្រូវ​នៅ​ក្នុង​សង្គម​នោះ​ទេ បែរជា​រួមដៃគ្នា បន្ត​អាជីព​ធ្វើ​ជា​ចោរ​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ សុទ្ធតែ​ជា​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ហើយ​សុទ្ធតែ​ធ្លាប់​ជាប់គុក​ថែម​ទៀត​ផង ពេល​ចេញ​មក​វិញ មិន​បាន​កែខ្លួន​ធ្វើ​ជា​មនុស្ស​ត្រឹមត្រូវ​នៅ​ក្នុង​សង្គម​នោះ​ទេ បែរជា​រួមដៃគ្នា បន្ត​អាជីព​ធ្វើ​ជា​ចោរ​។ បន្ទាប់​មក ផ្លោះ​របង​រោងចក្រ​ចូល​ទៅ​គាស់​បន្ទប់​ជនជាតិ​ចិន​ស្នាក់​នៅ លួច​បាន​ទូរ​សព្ទ iPhone ២​គ្រឿង ប៉ុន្តែ​គេចខ្លួន​បាន ១​ថ្ងៃ ប៉ុណ្ណោះ ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ។

ហេតុការណ៍​ខាងលើ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ QMI ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ​ទ្រី ច​ន្នី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ មិន​ពិតប្រាកដ ជន​នេះ​បាន​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​ឆ្នាំ២០១៧ រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ព្រៃ​ស (​ម​១) រយៈពេល​០២​ឆ្នាំ​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ម្នាក់​ទៀត​ឈ្មោះ ជ្រុ​ន ភាស់ អាយុ ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​នេះ​បាន​ប្រើប្រាស់​គ្រឿងញៀន​ តាំងពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ព្រៃ​ស (​ម​១) រយៈពេល​១០​ខែ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ នៅ​ក្នុង​ឆ្នាំ​២០២២ ។

នគរបាល​ប្រាប់​ឲ្យ​ដឹងបន្តថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នគរបាល​ដកហូត​បាន​ទូរសព្ទ​ម៉ាក iPhone 15pro max ពណ៌​ស ស៊ី​មកា​ត​លេខមួយ ​។ ទូរសព្ទ​ម៉ាក iPhone 14pro max ពណ៌​ខ្មៅ ស៊ី​មកា​ត​លេខ​មួយ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។ ក្រៅពី​នេះ​ ក៏​ដកហូត​ទូរសព្ទ​ម៉ាក iPhone 8plus ពណ៌​ទឹកមាស ស៊ី​មកា​ត​លេខមួយ និង​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ចំនួន​០៨​កញ្ចប់​ថង់​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​បន្ត​ថា ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ឈ្មោះ WANG CHUN CHIEH ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្នុង រោងចក្រ QMI ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​វេលា​ម៉ោង០៣​និង​៤០​នាទី​ជិត​ភ្លឺ ​ថ្ងៃ​ទី​០២ ខែ មក​រា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​បាន​សម្រាក​នៅ​ក្នុង​បន្ទប់ នៅ​ក្នុង​រោងចក្រ​ QMI ហើយ​បាន​ទុក​ទូរសព្ទ​ម៉ាក iPhone 15pro max និង​ម៉ាក​ iPhone 14pro max នៅ​លើ​តុ​ក្បាល​គ្រែ​។ ខណៈ​កំពុង​លង់លក់​ក្នុង​ដំណេក​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​រោងចក្រ​ចូល​ទៅ​គាស់​បង្អួច​បន្ទប់​លួច​យក​ទូរសព្ទ​ខាងលើ​បាន​សម្រេច​រួច​ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង​។

នគរបាល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ភ្ញាក់​ពី​ដំណេក​ដឹង​ថា​ បាត់​ទូរសព្ទ​ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ហើយ​នគរបាល ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៦ ក៏​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ជ្រុ​ន ភាស់ នៅ​តាម​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​មក​ទៀត​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ ទ្រី ច​ន្នី ម្នាក់​ទៀត នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដកហូត​បាន​វត្ថុ​តាង​ខាងលើ​រួច​ហើយ​នាំ​យក​ទៅ​ប៉ុស្តិ៍​ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ