ខេត្តព្រៃវែង ៖ យុវជនមួយក្រុម ពេលកំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានមនុស្សមួយក្រុមផ្សេងទៀតស្ទាក់កាប់ប្រហារ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ម្នាក់ទៀតរងរបួសធ្ងន់និងពីរនាក់ផ្សេងទៀត រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី 31 ធ្នូ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវកៅស៊ូ១កន្លែង ដែលស្ថិតក្នុងភូមិឬស្សីជុកទី 1 ឃុំសៀងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះទី១ឈ្មោះ មុល បូរី ភេទប្រុស អាយុ ១៦ ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ទី 2 ឈ្មោះ ខុម ហាសិន ភេទប្រុស អាយុ ១៦ ឆ្នាំ រងរបួសធ្ងន់ ទី៣ឈ្មោះ ភឿន លាងកង ភេទប្រុសអាយុ ១៥ឆ្នាំ របួសស្រាល និងទី៤ ឈ្មោះ ចិន្តាលីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ រងរបួសស្រាល អ្នកទាំងបួនមានទីលំនៅក្នុងឃុំក្តឿងរាយ ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ ក្រុមជនរងគ្រោះដែលសុទ្ធតែជាក្មេងស្ទាវ បាននាំគ្នាជិះម៉ូតូ២គ្រឿងដើរលេងឆ្លងឆ្នាំ ចេញពីភូមិមួយចូលទៅភូមិមួយ រហូតផុតពីស្រុកកញ្ជ្រៀច ចូលមកដល់ស្រុកកំចាយមារ ហើយទំនងជាជួបប្រទះនិងមានរឿងជាមួយក្រុមក្មេងស្ទាវក្នុងស្រុកកំចាយមារ ទើបត្រូវគេស្ទាក់កាប់ប្រហារ បណ្ដាលឲ្យស្លាប់និងរបួសបែបនេះទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យក្រោយពីធ្វើសកម្មភាពកាប់ប្រហារក្រុមជនរងគ្រោះរួច ក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ពេលនេះកម្លាំងសមត្ថកិច្ចខេត្តកំពុងចុះស្រាយជ្រាវ ដើម្បីធ្វើការកំណត់អត្តសញ្ញាណនិងចាប់ខ្លួន យកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ