ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែងឃាត់ខ្លួនឱ្យសមត្ថកិច្ច ខណៈដែលលួចទូរស័ព្ទដៃយកទៅលក់ មានការសង្ស័យក៏ចែកតាមកាមេរាសុវត្ថិភាព។
ការឃាត់ខ្លួនជនសង្ស័យលួចទូរស័ព្ទដៃតាមកាមេរាសុវត្ថិភាពប្រគល់ជូនសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១២និង៧នាទីថ្ងៃត្រង់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ចំណុចភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង១២និង៧នាទីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ឈ្មោះហេង គីមហុង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក និងក្រុមគ្រួសារ បានឃាត់ឈ្មោះគឹម រ៉ាវី ហៅខ្មៅ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចតាមផ្លូវលេខ១២៧ ស្ថិតនៅក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ប្រគល់មកឱ្យសមត្ថកិច្ច ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃម៉ាកអាយហ្វូនមួយគ្រឿង ។
ក្រោយពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង ហើយបានយកទៅលក់នៅតូបលក់ទិញទូរស័ព្ទ ខាងត្បូងផ្សារលក់ត្រីកំពង់ស្ពឺ បានតម្លៃ៣០$(សាមសិបដុល្លារ) ហើយកន្លងទៅរូបខ្លួនបានធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉កចំនួន១ នៅចំណុចភូមិវាល ឃុំរលាំងចក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨និង១០នាទីព្រឹក យោងតាមកាមេរាសុវត្ថិភាព យកទៅលក់ឱ្យអ្នកទិញអេតចាយ នៅម្ដុំភ្នំជាល បានតម្លៃ៤០០០០០រៀល(សែសិបមុឺនរៀល) ។
នគរបាលស្រុកសំរោងទងបានបន្តឱ្យដឹងថាករណីនេះសមត្ថកិច្ចជំនាញ កំពុងតែធ្វើការសាកសួរជនសង្ស័យបន្ថែម និង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
មហាជនរង់ចាំមើលថាតើសមត្ថកិច្ចស្រុកសំរោងទង និងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺមានវិធានការយ៉ាងណាចំពោះអ្នកទទួលទិញ កន្ទុយរ៉ឺម៉ក និងទូរស័ព្ទម៉ាកអាយហ្វូនដែលជនសង្ស័យលួចបាន ហើយយកទៅលក់កន្លែងដែលជនសង្ស័យបានសារភាពនោះ។
បើសមត្ថកិច្ចមានឆន្ទៈមែនច្បាស់ណាស់អ្នកទទួលទិញ និងត្រូវប្រឈមមានទោសទណ្ឌជាក់ជាមិនខានឡើយ៕

ចែករំលែកព័តមាននេះ