រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានចាញ់ល្បែងអស់ដី អស់ផ្ទះ អស់ទ្រព្យសម្បត្តិ នៅសល់តែសំបកខ្លួន ក៏បែកគំនិតប្រើល្បិចទាក់ទងស្នេហានារី២នាក់ ផ្សេងគ្នា តាមបណ្ដាញសង្គម TikTok ។ រហូតពួកនាងជឿទុកចិត្ត ក៏ល្បួងនាំដើរលេង រួចប្រើស្នៀតលួចម៉ូតូ បានសម្រេចជាបន្តបន្ទាប់ ចំនួន២គ្រឿង ប៉ុន្តែទីបំផុតអស់លក្ខណ៍ ព្រោះតែប្រព័ន្ធតាមដានសុវត្ថិភាព GPS ត្រូវនគរបាលឃាត់ខ្លួនបាន ចាត់ការតាមច្បាប់ ។
នគរបាលបានប្រាប់ថា ហេតុការណ៍នោះ លើកទី១ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅផ្សាររាត្រី ស្ថិតនៅតាមផ្លូវលេខ១០៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ រស់ ណាក់ ហៅវីរៈ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាមនុស្សញៀន និងល្បែងស៊ីសងយ៉ាងងប់ងុល ។ ចំណែកនារី ដែលចាញ់បោកជននេះ ឈ្មោះ ស.ស.ណ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
នារីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនថា នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នាង និងជនសង្ស័យបានជិះម៉ូតូរបស់នាង ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KR-4942 ចេញពីសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ទៅដើរលេងនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ ដោយជនសង្ស័យជាអ្នកឌុបនាង។ លុះពេលទៅដល់ បានយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូនៅក្បែរផ្សាររាត្រី បន្ទាប់មក បាននាំគ្នាដើរលេងតាមផ្លូវថ្មើជើងមាត់ទន្លេ លុះមួយសន្ទុះក្រោយមក ជនសង្ស័យបានប្រាប់ថាទៅបន្ទប់ទឹក ១ភ្លែត រួចក៏ទៅបាត់រហូតតែម្ដង ។
នាងបាននិយាយបន្តទៀត ខណៈនោះ នាងចាំបាត់ៗយូរពេក ក៏ខលទៅជនសង្ស័យ ប៉ុន្តែខលអត់ចូលសោះ ដោយមានការសង្ស័យនាងក៏ដើរទៅកន្លែងផ្ញើម៉ូតូ ស្រាប់តែបាត់ម៉ូតូ ទើបដឹងថា ជនសង្ស័យលួច យកទៅបាត់ ក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលវត្តភ្នំឲ្យជួយធ្វើការស្រាវជ្រាវ ។
នគរបាល បានប្រាប់បន្ថែមទៀតថា ដោយឡែកលើកទី២ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅក្បែរផ្សាររាត្រី ផ្លូវលេខ១០៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នារីរងគ្រោះឈ្មោះ ស.ត.ល អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ នាង និងជនសង្ស័យឈ្មោះ រស់ ណាក់ ហៅវីរៈ នោះបានមានទំនាក់ទំនងស្នហាតាម TikTok រយៈពេលកន្លះខែកន្លងមកហើយ។ រហូតដល់យប់ថ្ងៃកើតហេតុ ជនសង្ស័យខាងលើ បានខលហៅឲ្យនាងរងគ្រោះ ទៅយកនៅចំណុចមុខបន្ទាយកងពលតូចង៧០ តាមផ្លូវជាតិលេខ៣ ដោយប្រាប់ថា ខ្លួន(ជនសង្ស័យ)យករថយន្ត ទៅធ្វើនៅជិតនោះ ហើយអត់មានអីជិះទេ ។
នគរបាល បានបញ្ជាក់ប្រាប់បន្តទៀតថា ពេលនោះ នាងក៏បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កូបពី ស៊េរី ឆ្នាំ២០២៤ ពណ៌ស៊ីម៉ង់ត៌ ពាក់ស្លាកលេខភ្នំពេញ 1LL-7824 ទៅយកបុរសនោះ បន្ទាប់មកជនសង្ស័យរូបនោះ ក៏បានឌុបនាងទៅដើរលេង និងហូបអីនៅផ្សាររាត្រី។ លុះពេលទៅដល់ក៏បានផ្ញើម៉ូតូ នៅក្បែរផ្សាររាត្រីនោះ(ល្បិចដដែល) ដោយជនសង្ស័យជាអ្នកទុកសោម៉ូតូ និងប័ណ្ណផ្ញើម៉ូតូនៅជាប់ខ្លួន បន្ទាប់មកក៏បាននាំគ្នាដើរមើលសម្លៀកបំពាក់នៅក្នុងផ្សារ។ បន្តិចក្រោយមក ជនសង្ស័យបានប្រាប់នាងថា ទៅបន្ទប់ទឹក ១ភ្លែត រួចក៏ទៅបាត់រហូតតែម្ដង ខណៈនោះ ដោយរង់ចាំយូរពេក នាងរងគ្រោះក៏បានដើរទៅកន្លែងផ្ញើម៉ូតូ ស្រាប់តែបាត់ម៉ូតូ ហើយអ្នកទទួលបញ្ញើប្រាប់ថា ជនសង្ស័យរូបនោះ ជិះទៅបាត់ហើយ ទើបនាងដឹងថា ប្រុសស្នេហ៍លួចម៉ូតូ ក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលវត្តភ្នំ ។
នគរបាល បានប្រាប់បន្ថែមថា រហូតដល់វេលាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នារីរងគ្រោះបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ តាមស្វែងរកម៉ូតូរបស់ខ្លួនតាមប្រព័ន្ធ GPS ហើយក៏បានប្រទះឃើញឃើញជនសង្ស័យ កំពុងអង្គុយហូបបាយ នៅតាមផ្លូវក្បែរផ្ទះរបស់ខ្លួន នគរបាល ក៏បានធ្វើការឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ។
ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនពិតជាបានរំលោភទំនុកចិត្តលើនារីទាំង២នាក់ខាងលើ និងបានលួចយកម៉ូតូរបស់ពួកនាងពិតមែន ដោយសារតែខ្លួនចាញ់ល្បែងអស់ លក់ដី លក់ផ្ទះ លក់ទ្រព្យសម្បត្តិអស់ពីខ្លួនទៅហើយ ទើបបែកគំនិតធ្វើល្បិចបោកបែបនេះ ។
ជនសង្ស័យបានសារភាពទៀតថា ក្រោយពេលលួចបានម៉ូតូ ម៉ាកហុងដាស្កូបពី ខ្លួនបានជិះយកមកផ្ទះនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទាំងយប់រួចដោះប្រព័ន្ធ GPS ចេញភ្លាមៗ ប៉ុន្តែអត់បានយកប្រព័ន្ធ GPS នោះ ទៅបោះចោលនោះទេ គឺទុកនៅក្នុងផ្ទះ។ រហូតដល់វេលាព្រឹកឡើងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ខ្លួនក៏បានដាក់ម៉ូតូតាមរថយន្តតាក់ស៊ី យកទៅលក់នៅឯផ្សារអង្គតាសោម ខេត្តតាកែវ ក្នុងតម្លៃ ៦០០ដុល្លារ ប៉ុន្តែអ្នកទិញ បានកាត់កងថ្លៃ ដែលខ្លួនជំពាក់ អស់ចំនួន៣០០ដុល្លារ និងបាញ់មកឲ្យខ្លួនចំនួន ៣០០ដុល្លារ ប៉ុណ្ណោះ ។
ក្រោយពីការសួរនាំមួយជំហានរួចមក នគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យរូបនោះទៅឲ្យនគរបាលប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
នារីរងគ្រោះ








ចែករំលែកព័តមាននេះ