រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបើកប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់យីហោបាតដៃសម្រួលសរសៃបែបបុរាណខ្មែរ ដែលជ្រកក្រោមហាងផាត់មុខ និងធ្វើសក់យីហោ ស្រីពៅ សាឡន ដែលមានលួចលាក់បង្កប់សេវាផ្លូវភេទមួយកន្លែង និងបានធ្វើការឃាត់ខ្លួនបានមនុស្សចំនួន៨ និងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៨៧EoE, តាមបណ្ដោយផ្លូវ១៣៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

ប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនោះ គឺដោយមានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ឯម សុជឿន អនុប្រធាននាយកដ្ឋាន ។ បានដឹកនាំកម្លាំងចុះបង្ក្រាប និងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាកម្មផ្លូវភេទខាងលើជាលទ្ធផលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះធ្វើការឃាត់ខ្លួនប្តីប្រពន្ធមួយគូដែលជាថៅកែហាងម៉ាស្សាខាងលើ ដែលបុរសជាប្តីមានឈ្មោះ សុខ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។

ចំណែកឯប្រពន្ធឈ្នោះ ដួង ស្រីពៅ អាយុ២៦ឆ្នាំ ស្នាក់នៅជាមួយគ្នា និងនារីម៉ាស្សាចំនួន៥នាក់ទៀត ជាជនរងគ្រោះរួមជាមួយបុរសម្នាក់ទៀតដែលត្រូវជាភ្ញៀវ រួមទាំងវត្ថុមួយចំនួនទៀត ។

បច្ចុប្បន្នថៅកែទាំងពីរនាក់ប្តីប្រពន្ធ និងជនរងគ្រោះទាំង៥នាក់រួមទាំងបុរសជាភ្ញៀវត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ