ខេត្តកំពង់ឆ្នាំង ៖ សត្វក្របីមួយក្បាលបានដេញវ័ធមនុស្ស និងយានជំនិះ បណ្តាលឱ្យកុមារម្នាក់រងរបួសសន្លប់ស្ដូកស្ដឹង ចំណែកឯម្ចាស់ក្របីក៏រងរបួសជាច្រើនកន្លែងផងដែរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា សត្វក្របីមួយក្បាលនេះបានបង្កការភ័យខ្លាចនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រយៈពេលពីរថ្ងៃមកហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី៨ ខែមករានេះ សត្វក្របីមួយក្បាលនេះកាន់តែកាចលើសដើម គឺឱ្យតែប្រទះឃើញមនុស្សឃើញម៉ូតូដេញវ័ធតែម្តង ។ ជាមួយគ្នានេះម្ចាស់ក្របីដែលមានឈ្មោះ សារ៉ាត់ បានរងរបួសជាច្រើនកន្លែង ចំណែកកុមារម្នាក់ក៏រងរបួសសន្លប់ស្តូកស្តឹង ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ។

លោក សារ៉ាត់ ដែលជាម្ចាស់ក្របីបានឲ្យដឹងថា លោកបានទិញសត្វក្របីនេះពីជនបទ ដើម្បីយកមកចិញ្ចឹមក្នុងតម្លៃ ២លាន១៥ម៉ឺនរៀល ។ ពេលទិញមក គាត់បានដឹកយកទៅចងឱ្យស៊ីស្មៅបាន២-៣ថ្ងៃ គឺមិនបញ្ហាអ្វីទេ ។ ប៉ុន្តែស្រាប់តែនៅថ្ងៃទី៧ ម្សិលម៉ិញនេះ ពេលដឹកយកទៅចង ក្របីនោះបានវ័ធគាត់ដួល៣-៤ត្រឡប់ត្រឡិនធ្លាក់ចូលប្រឡាយ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង ។ គាត់បានព្យាយាមរកអ្នកជំនាញទាក់វាដែរ តែទាក់មិនបានតាំងពីថ្ងៃម្សិលម៉ិញ ទើបថ្ងៃនេះសម្រេចឱ្យសមត្ថកិច្ចជួយបាញ់សម្លាប់តែម្តង ព្រោះខ្លាចបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សថែមទៀត ។

ការបាញ់សម្លាប់សត្វក្របីមួយក្បាលខាងលើនេះ មិនមែនជារឿងធម្មតាទេ ព្រោះតែក្របីវានៅក្នុងភូមិ ខ្លាចរងគ្រោះដល់ប្រជាពលរដ្ឋ ។ នៅព្រឹកនោះគេសង្កេតឃើញមន្ត្រីកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ម្នាក់ បានព្យាយាមតាមបាញ់ក្របីមួយក្បាលនេះ ដោយលំបាក ព្រោះតែខ្លាតប្លាតគ្រាប់ត្រូវប្រជាពលរដ្ឋ ទើបចេះតែលបតាមក្របីពីភូមិមួយទៅភូមិ រហូតដល់ម៉ោង១០និង៣០នាទីព្រឹក ទើបមន្ត្រីកងរាជអាវុធហត្ថនោះសម្រេចបាញ់ក្របីនោះ បណ្តាលឱ្យងាប់នៅក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ។

សត្វក្របីខាងលើ ត្រូវបានម្ចាស់លក់ឱ្យទីសត្វឃាត ដើម្បីយកប្រាក់មកសងថ្លៃការខូចខាត និងកុមារដែលរងរបួស ដោយសារក្របីវ័ធ៕
ចែករំលែកព័តមាននេះ