ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ចាស់​យុគ យក្ស​ផ្លែ បង្ហាញ​អារម្មណ៍​របស់​ខ្លួន ក្រោយ​ទម្លាក់​ជើង​ខ្លាំង​សម្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ ប្រកួត​ជម្រុះ​ក្នុង​វគ្គ​អ្នក​ឈ្នះ​១៦​នាក់​យក ៨​នាក់​ក្នុង​ព្រឹត្តិការណ៍​ជើងឯក TV5 KNOCK OUT Series By…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ ប្រកួត​ជម្រុះ​ក្នុង​វគ្គ​អ្នក​ឈ្នះ​១៦​នាក់​យក ៨​នាក់​ក្នុង​ព្រឹត្តិការណ៍​ជើងឯក TV5 KNOCK OUT Series By K-Cement សម្រាប់ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម នៅ​ព្រែក​កំពឹស កាលពី​ថ្ងៃ​ទី​៥ មក​រា គេ​បាន​រក​ឃើញ​កីឡាករ​ឡើង​អង្គុយ​កៅអី​៨​នាក់​២​រូប​ទៀត​ហើយ ។ កីឡាករ​ចាស់ វស្សា យុគ យក្ស​ផ្លែ ដែល​ត្រូវ​គេ​ប៉ាន់​ស្មានថា​ធ្លាក់ដៃ​ទៅ​ហើយ​បាន​យកឈ្នះ​ជើង​ខ្លាំង​សេន កុសល នៅ​ក្នុង​ការ​បង្ហាញខ្លួន​សា​ជា​ថ្មី​បន្ទាប់​ពី​ការ​ចូល​ប្រកួត​ជម្រើស​ជើងឯក​កាលពី​ពេល​មុន​ត្រូវ​បាន​គូ​ប្រកួត​ដែល​ជា​កីឡាករ​វ័យក្មេង​វាយ​ឱ្យ​ធ្លាក់​ហាលអាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​មិន​អស់ចិត្ត​។

យុគ យក្ស​ផ្លែ សម្ដែង​អារម្មណ៍​រីករាយ​មិន​តិច​ទេ បន្ទាប់​ពី​គេ​បង្ហាញមុខ​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​របស់​ប៉ុស្ដិ៍​លេខ​៥​ម្ដងនេះ​បាន​ទទួល​ជ័យជម្នះ​ដោយ​ដណ្ដើម​បាន​កៅអី​៨​នាក់​នៅ​ក្នុង​ចំណោម​ការ​ប្រកួត​​ជម្រុះ​តាំងពី​៣២​នាក់ ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​ឱ្យ​ប៉ះ​អ្នក​ខ្លាំង​ឆ្ពោះទៅ​កាន់​វគ្គ​បន្ត ក្នុង​ពេល​ដែល​កីឡាករ​ម្ខាង​ទៀត មិនធម្មតា ។ ក្នុង​នាម​ជា​អ្នក​ស្រេកឃ្លាន​ជ័យជម្នះ ដើម្បី​កុំឱ្យ​អាម៉ាស់មុខ​ក្រោម​ដៃ​បង្គោល​ក្រហម សេន កុសល ដែល​ជា​ជើង​ខ្លាំង​មិនធម្មតា​ក្នុង​ពិភព​ប្រដាល់​ដែរ​នោះ កីឡាករ​រូប​នេះ​បាន​អះអាង​ថា ខ្លួន​បាន​ប្រឹងប្រែង ហើយ​ក៏​មានការ​ប្រុង​ប្រយ័ត្ន​នូវ​គ្រប់​ដំណាក់កាល​ផង​ដែរ ដោយសារ​តែ​គូប្រកួត​ដែល​គេ​ប៉ះ​ជាមួយ​គឺជា​ជើង​ខ្លាំង​ម្នាក់​មិនធម្មតា ។

នេះ​ជា​ការ​ប្រកួត​ជម្រុះ​១៦​នាក់​យក​ពាក់​កណ្ដាល​ឬ​ហៅ​ថា​ប្រកួត​ទម្លាក់​ហាលអាវ​ជុំ​ទី​២ ប៉ុន្តែ​ភាគី​ម្នាក់​ៗ បាន​បញ្ចេញ​សមត្ថភាព​ប្រកួត​ល្អ​ជាង​មុន ។ ជាក់ស្ដែង​ទម្រាំ​តែ​ដណ្ដើម​បាន​កៅអី​៨​នាក់ កីឡាករ យុគ យក្ស​ផ្លែ ស្ទើរតែ​ប្ដូរ​គ្រោះថ្នាក់​តែ​ម្ដង ដោយ​ទទួល​រង​កណ្ដាប់ដៃ និង​រន្ទះ​ជើង​ជា​ច្រើន​អន្លើ​ស្ទើរ​ដកឃ្លា​មិន​រួច​តាំងពី​ទឹក​ទី​១​នោះ​ផង តែ​ក៏​សរសើរ​កីឡាករ​រូប​នេះ​ផង​ដែរ​ដែល​អាច​វាយ​ឱ្យ​សេន កុសល ចាញ់​ប្រៀប​ក្នុង​ការ​ប្រកួត​៣​ទឹក​ពេញ ។

កីឡាករ​រូប​នេះ​ប្រកាស​ថា មិន​នឹក​ស្មានថា​ខ្លួន​ដណ្ដើម​បាន​កៅអី​ទៅ​កាន់​វគ្គ​បន្ត​ដូច​ការ​គ្រោងទុក​នោះ​ទេ ក្នុង​ពេល​ដែល​គេ​ប្រើ​អស់​សមត្ថភាព​តាំងពី​ទឹក​ទី​១​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​ឱកាស​វាយ​ត្រូវ​គូប្រកួត​គឺ​មាន​តិច ហើយ​កីឡាករ​បង្គោល​ក្រហម​គឺ​មាន​កណ្ដាប់ដៃ​ខ្លាំង​គួរ​ឱ្យ​សរសើរ ដ្បិតថា​គេ​មាន​ប្រវត្តិ​ប្រកួត​មិន​ដល់​ខ្លួន​ក្ដី ។ ឱកាស​ដណ្ដើម​បាន​ទីតាំង​មួយ ក្រោយ​ការ​ប្រកួត​ធ្វើ​ឱ្យ​កីឡាក​រូប​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ហួសប្រមាណ តែ​ក៏​ទាមទារ​ឱ្យ​យុគ យក្ស​ផ្លែ ហ្វឹកហាត់​ជា​ច្រើន​ថែម​ទៀត​ផង​ដែរ ទើប​គេ​អាច​បន្ត​ឈាន​ចូល​​វគ្គ​៤​នាក់​ដូច​ការ​ប្រកួត​កាលពី​រដូវ​កាល​មុន ដែល​ជា​វគ្គ​សំខាន់ បើ​ពិតជា​មិន​អាច​ឈាន​ឡើង​ឱ្យ​ល្អ​លើស​នេះ ។

លោក​ថា ខ្លួន​បាន​ទម្លាក់​ពី​៦០​គីឡូក្រាម មក​ប្រកួត​៥៧​គីឡូក្រាម ដើម្បី​ចង់​ដឹង​ថា ការ​បង្ហាញខ្លួន​ជា​ថ្មី​លើក​នេះ​ក្នុង​ព្រឹត្តិការណ៍ TV5 KNOCK OUT Series By K-Cement ទៅ​រួច​ឬ​មិន​រួច ។ លោក​អះអាង​ថា ខ្លួន​ព្រលឹង​ចុង​សក់​ម្ដង​ៗ តាំងពី​ទឹក​ទី​១ ដោយសារ​តែ​លោក​បានឃើញ​ថ្វីដៃ​របស់​គូប្រកួត​ពិតជា​ខ្លាំង ខណៈ​ដែល​លោក​ប្រឹង​ទាត់ និង​បោះ​កណ្ដាប់ដៃ​ជា​ប្រចាំ តែ​នៅ​តែ​ពិបាក​ទប់​ជាមួយ​កណ្ដាប់​ដៃ​របស់​គូប្រកួត​ត្រឡប់​មក​វិញ​។

ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ បើ​លោក​បរាជ័យ គឺ​មិន​ខុស​ពី​ធ្វើ​ឱ្យ​បាត់បង់​ក្ដី​សង្ឃឹម​ទាំងស្រុង​នោះ​ទេ ក្នុង​ពេល​ដែល​ការ​ប្រកួត​លើក​នេះ លោក​ថា​ជ័យជម្នះ​គឺជា​អ្វី​ដែល​លោក​ចង់បាន​បំផុត​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ ក្រោយ​ពី​ការ​ប្រកួត​លើក​មុន​ធ្លាប់​បាន​ឈាន​ដល់​វគ្គ​៨​នាក់​ម្ដង​ហើយ ហើយ​ក៏​ត្រូវ​ហាលអាវ ។

យ៉ាងណាមិញ លោក​ថា​នៅ​តែ​មិន​ទាន់​ដឹង​ថា​តើ​ខ្លួន​នឹង​មាន​វាសនា​ឈាន​ឡើង​លើស​ពី​៨​នាក់​ដូច​ធ្លាប់​បរាជ័យ​នោះ ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​សមាសភាព​ប្រកួត​ទម្ងន់​៥៧​គីឡូក្រាម​លើក​នេះ សុទ្ធតែ​ជា​កីឡាករ​ក្មេង​ៗ​កម្លាំង​ពេញ ហើយ​មាន​សមត្ថភាព​មិន​អាច​មើល​ស្រាល ។ ការ​ទម្លាក់​ទម្ងន់​ខ្លួន​មិន​ធ្វើ​ឱ្យ​លោក​បាត់បង់​តុល្យភាព​កម្លាំង​នោះ​ទេ ដោយសារ​តែ​លោក​ក៏​មាន​របៀប​ហ្វឹកហាត់​ច្បាស់លាស់ ប៉ុន្តែ​លោក​​ថា​ជា​រឿង​លំបាក​មួយ​ផ្នែក​ដោយសារ​តែ​កីឡាករ​ដែល​ប៉ុស្ដិ៍​លេខ​៥​ជម្រើស​មក​ក្នុង​រដូវ​កាល​នេះ គឺ​ខ្លាំង​គួរ​ឱ្យ​សរសើរ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​ពី​អ្នក​ឈ្នះ​១៦​នាក់​យក​៨​នាក់ ឆ្ពោះទៅ​កាន់ការ​ប្រកួត​ដណ្ដើម​យក​ជើងឯក​រដូវ​កាល​ថ្មី ត្រូវ​លោក​សម្គាល់ថា មានការ​ចាប់អារម្មណ៍​តាំង​ពី​ដើម​ទី​តែ​ម្ដង ដែល​អាច​បណ្ដាល​មក​ពី​កីឡាករ​មានឈ្មោះ​ចូល​ប្រកួត​សុទ្ធតែ​ខ្លាំង ហើយ​បើ​និយាយ​ពី​សមាសភាព​ទាំងនោះ ក៏​មានការ​ត្រៀម​ទុក​ច្បាស់លាស់ ដើម្បី​ដណ្ដើម​យក​ប្រាក់​លាន ។

លោក​ថា គូប្រកួត​របស់​កីឡាករ យុគ យក្ស​ផ្លែ ធ្វើ​បាន​ល្អ​មិន​អន់​ជាង​កាល​បង្ហាញខ្លួន​កាលពី​លើក​មុន​ទេ ខណៈ​ដែល​លោក​យល់​ថា បើ​ក្នុង​ទឹក​ទី​២ គេ​មិន​វាយ​គូប្រកួត​ឱ្យ​សន្លប់​ត្រូវ​ចំ​កន្លែង​សំខាន់​ទេ ក៏​ពិបាក​ឈ្នះ​​ពិន្ទុ ដោយ​សារ​តែ​កីឡាករ​ជើង​ខ្លាំង សេន កុសល ក្រៅពី​មាន​កម្លាំង​ស៊ុ​ហ្វ​រឹង​មាំ ក៏​មាន​បច្ចេកទេស​មិនធម្មតា​នោះ​ដែរ តែ​អាច​មក​ពី​គេ​ខ្វះ​គន្លឹះ​នៅ​ពេល​ប៉ះ​កណ្ដាប់ដៃ​ដ៏​រឹង​របស់​យុគ យក្ស​ផ្លែ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​មួយ​នេះ ធ្វើ​ឱ្យ​គេ​ភ្លាត់ស្នៀត ហើយ​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​ទាំង​សោកស្ដាយ​។

លោក​ថា ការ​ប្រកួត​ក្នុង​វគ្គ​បន្ត​នឹង​កាន់តែ​ល្អមើល នៅ​ពេល​ការ​ប្រកួត​កាន់តែ​ជម្រើស​បាន​ជើង​ខ្លាំង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ហើយ​សម្រេច​ឱ្យ​អ្នក​ឈ្នះ​ទាំងនោះ​ប៉ះ​គ្នា​ប្រកួត​ចាញ់​ធ្លាក់​ៗ៕​ផាត់ តារា​រដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ